សេដ្ឋកិច្ចកម្ពុជា

ធនាគារពិភពលោកព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ៤,៥% នៅឆ្នាំ២០២២ ប៉ុន្តែត្រូវទប់ទល់នឹងវិបត្តិប្រេងឥន្ធនៈឡើងថ្លៃ


របាយការណ៍ចុងក្រោយមួយ របស់ធនាគារពិភពលោក បានព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជានឹងទទួលបានកំណើន ៤,៥ភាគរយ ក្នុងឆ្នាំ២០២២ នេះ ប៉ុន្ដែ ត្រូវប្រឈមមុខនឹងការទប់ទល់វិបត្តិប្រេងឥន្ធនៈដែលកំពុងឡើងថ្លៃខ្ពស់។ អ្នកជំនាញធនាគារពិភពលោកបានអះអាងថា យុទ្ធសាស្ត្រ “រស់នៅជាមួយកូវីដ-១៩” របស់កម្ពុជា បានបង្កលក្ខណៈឲ្យសេដ្ឋកិច្ចមានដំណើរការឈានទៅស្តារស្ថានភាពឡើងវិញ។ ប៉ុន្តែផ្លូវទៅមុខទៀតនៅស្រពេចស្រពិលនៅឡើយ។” ស្រពិចស្រពិល ក៏ដោយសារតែបច្ចុប្បន្នកម្ពុជាក៏ដូចជាពិភពលោកទាំងមូលកំពុងរងនូវបញ្ហាជាច្រើន ពិសេសតម្លៃថាមពលកើនឡើង និងអតិផរណាជាដើម។
ធនាគារពិភពលោកព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា
ដោយ

របាយការណ៍​បច្ចុប្បន្នភាព​ស្តី​ពី​ស្ថានភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា ក្រោម​ចំណងជើង Weathering the Oil Price Shock ដែល​ចេញផ្សាយ​ដោយ​ធនាគារពិភពលោក​ក្នុង​ខែមិថុនា​នេះ បង្ហាញ​ថា ខណៈ​ដែល​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក​និង​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​បរទេស​កំពុង​បន្ត​រើប​ឡើង​វិញ​ពី​ការ​ធ្លាក់​ចុះ ក្នុង​សម័យ​មានការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ ប៉ុន្ដែ​កំណើន​នេះ មាន​សភាព​មិន​ដូច​គ្នា​នៅ​តាម​គ្រប់​ផ្នែក​ទេ ដោយសារ​តែ​អតិផរណា​ដែល​បណ្តាល​មក​ពី​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។

របាយការណ៍​ដដែល​នេះ​បង្ហាញ​ថា នៅ​ក្នុង​ឆមាស​ទី​មួយ ឆ្នាំ​២០២២ ការ​នាំ​ចេញ​របស់​កម្ពុជា​មាន​តម្លៃ​ទឹកប្រាក់​ប្រមាណ ៤​ពាន់​៨​រយ​លាន​ដុល្លារ​អា​មេ​រិ​ក គឺ​កើន ២៦​ភាគរយ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២១​។ វិស័យ​ប្រពៃណី​ដែល​ជំរុញ​កំណើន រួម​មាន ផ្នែក​កាត់ដេរ​សម្លៀក​បំពាក់​, ទំនិញ​ធ្វើ​ដំណើរ​និង​ស្បែកជើង នៅ​តែ​បន្ត​រីក​ធំធាត់ រីឯ​ឧស្សាហកម្ម​ផលិត​ថ្មី​ៗ ដូច​ជា​ផ្នែក​ផលិត​បរិក្ខារ​អគ្គិសនី និង​គ្រឿងបន្លាស់​រថយន្ត​ជាដើម កំពុង​តែ​លេច​រូបរាង ហើយ​ការ​នាំ​ចេញ​ទៅ​សហរដ្ឋ​អាម​រិ​ក​ក៏​កំពុង​តែ​ស្ទុះ​ឡើង​វិញ​ដែរ​។

ធនាគារពិភពលោក បាន​គូសបញ្ជាក់​ទៀត​ថា ថ្វី​ដ្បិតតែ​សេដ្ឋកិច្ច​មាន​សន្ទុះ​ខ្លាំង​ក៏​ពិតមែន ដំណើរ​ស្តារ​ឡើង​វិញ​បែរជា​ជួប​សភាព​យឺតយ៉ាវ​ដោយសារ​តែ​ការ​ស្រុត​ចុះ​នូវ​តម្រូវការ​លើ​ទីផ្សារ​សកល​។ ការ​ឡើងថ្លៃ​ឥត​ស្រាកស្រាន្ត​នៃ​ប្រេងឥន្ធនៈ និង​ស្បៀងអាហារ​នៅ​លើ​ទីផ្សារ​ពិភពលោក កំពុង​រុញ​អតិផរណា​ឲ្យ​កាន់តែ​ធំ​ឡើង ហើយ​នៅ​កម្ពុជា គ្រួសារ​ក្រីក្រ​និង​ងាយ​រង​គ្រោះ​ដែល​មិនសូវ​មាន​ប្រាក់​សន្សំ ទំនងជា​ត្រូវ​រង​ទម្ងន់​នៃ​ការ​លំបាក​ធ្ងន់​ជាងគេ​ពី​សំណាក់​វិបត្តិ​ប្រេង​ឡើងថ្លៃ​នេះ​។ ឱនភាព​បញ្ជី​សារពើពន្ធ​ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​កើន​ដល់ ៦,៣​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប ដោយសារ​តែ​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​បន្ត​ធ្វើការ​ចំណាយ​ទៅ​លើ​កម្មវិធី​នានា​ដើម្បី​ជួយ​ដល់​ជន​ក្រីក្រ​។

លោកស្រី ម៉ា​រី​យ៉ា​ម សាលី​ម ប្រធាន​គ្រប់គ្រង​ការិយាល័យ​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា​៖ ​យុទ្ធសាស្ត្រ​រស់នៅ​ជាមួយ​កូ​វី​ដ​-១៩ បាន​បង្ក​លក្ខណៈ​ឲ្យ​សេដ្ឋកិច្ច​មានដំណើរ​ការ​ឈាន​ទៅ​ស្តារ​ស្ថានភាព​ឡើង​វិញ​។ ប៉ុន្តែ​ផ្លូវ​ទៅ​មុខ​ទៀត​នៅ​ស្រពេចស្រពិល​នៅឡើយ​។​ លោកស្រី​ពោល​បន្ថែម​ទៀត​ថា​៖ ​ការ​ឡើងថ្លៃ​ប្រេងឥន្ធនៈ និង​ថ្លៃ​ស្បៀងអាហារ​លើ​ពិភពលោក​ដោយសារ​តែ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន កំពុង​តែ​ថែម​ទម្ងន់​នៃ​ការ​លំបាក​ថែម​ទៀត​ទៅ​លើ​ជន​ក្រីក្រ ហើយ​វា​ក៏​នឹង​ធ្វើ​ឲ្យ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ថមថយ​ល្បឿន​វិញ​ដែរ​។ កម្មវិធី​ផ្ទេរ​សាច់ប្រាក់​របស់​រដ្ឋាភិបាល ដែល​កន្លង​មក​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ជួយ​គ្រួសារ​ក្រីក្រ​ក្នុង​ការ​ឆ្លងកាត់​ការ​លំបាក​ក្នុង​ពេល​មាន​ជំងឺ​រាតត្បាត នឹង​ចាំបាច់​ត្រូវ​តែ​បន្ត​ធ្វើ​តទៅ​ទៀត​។​

នៅ​ក្នុង​ដំណាក់កាល​មធ្យម សេដ្ឋកិច្ច​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​កំណើន​ជា​មធ្យម ៦​ភាគរយ​ក្នុង​មួយ​ឆ្នាំ ដោយសារ អំណោយផល​ពី​ច្បាប់​វិនិយោគ​ថ្មី អម​ដោយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​នានា សម្រាប់​ជួយ​ជំរុញ​ការ​វិនិយោគ និង​ការ​ធ្វើ​ពាណិជ្ជកម្មផង​។ របាយការណ៍​នេះ​ផ្តល់​អនុសាសន៍​គោលនយោបាយ​មួយ​ចំនួន​ដែល​អាច​ជួយ​ទ្រទ្រង់​សកម្មភាព​ស្តារ​សេដ្ឋកិច្ច​ឲ្យ​ងើបឡើង​វិញ​។ អនុសាសន៍​រួម​មាន ភាព​ចាំបាច់​បន្ត​កិច្ច​ខិតខំ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩, បន្ត​ពង្រឹង​ភាព​ជឿ​ទុកចិត្ត​របស់​អ្នក​ទទួល​ប្រើប្រាស់ និង​វិនិយោគិន​, ជំរុញ​ការ​នាំ​ចេញ ជា​ពិសេស​ទំនិញ​កសិផល​តាម​រយៈ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​និង​កាត់​បន្ថយ​ចំណាយ​ថ្លៃដើម​ក្នុង​ការ​ធ្វើ​អាជីវកម្ម​, និង​ការ​បន្ត​រក្សា​លំនឹង​ថ្លៃ​ទំនិញ​លក់រាយ​នៅ​លើ​ទីផ្សារ​៕

None



អត្ថបទបន្ទាប់


អាមេរិកគ្រោងបង្កើនទ័ពនៅអឺរ៉ុបទាំងមូលខណៈអង្គការណាតូនឹងបន្ថែមនៅភាគខាងកើតអឺរ៉ុបជិតព្រំដែនរុស្ស៊ី

ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន អំឡុងកិច្ចប្រជុំកំពូលនៃអង្គការសម្ព័ន្ធយោធាណាតូ កាលពីថ្ងៃពុធ បានប្រកាសថា សហរដ្ឋអាមេរិកនឹងបង្កើនវត្តមានកង…

អាមេរិកជំរុញក្រុមហ៊ុន Apple និង Google ដកកម្មវិធី TikTok ចេញពី App Store និង Play Store

ស្នងការនៃគណៈកម្មការទំនាក់ទំនងសហព័ន្ធរបស់សហរដ្ឋអាមេរិក ដែលហៅកាត់ថា FCC បានជំរុញឱ្យនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Goog…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ