លោក Ming-Chi Kuo អ្នកវិភាគដ៏ល្បីនៅក្រុមហ៊ុន TF Securities បាននិយាយថា ការធ្វើបាតុកម្ម និងការរឹតត្បិតដោយសារកូវីដ១៩ នៅរោងចក្រផលិត iPhone របស់ក្រុមហ៊ុន Foxconn ក្នុងក្រុងជីងចូវ ខេត្តហ៊ឺណាន ប្រទេសចិន ដែលនៅតែបន្តអូសបន្លាយនោះ គឺនឹងបណ្តាលឱ្យមានការអាក់ខានក្នុងការដឹកជញ្ជូន iPhone ស៊េរីថ្មីតាមការកំណត់ ពោលគឺនឹងទាបជាងការរំពឹងទុកចន្លោះពី ១៥ ទៅ ២០លានគ្រឿង។
អ្នកវិភាគរូបនេះ បានប៉ាន់ស្មានថា ការដឹកជញ្ជូន iPhone ចូលក្នុងទីផ្សារនឹងបាត់បង់ប្រហែល ២០% ពោលគឺថយពី ៨០ ទៅ ៨៥លានគ្រឿង មកនៅត្រឹម ៧០ ទៅ ៧៥លានគ្រឿងតែប៉ុណ្ណោះ។
នៅក្នុងការបង្ហោះលើ Blog មួយរបស់អ្នកវិភាគរូបនេះ បានបង្ហាញថា ការធ្លាក់ចុះការផ្គត់ផ្គង់នេះ នឹងអាចបន្ថយតម្រូវការស្មាតហ្វូនម៉ូឌែល Pro នេះកាន់តែច្រើនផងដែរ ខណៈអ្នកប្រើប្រាស់ ក៏រងផលប៉ះពាល់ពីសេដ្ឋកិច្ចដែលកំពុងចុះខ្សោយនេះដូចគ្នា។
បើតាមលោក Kuo អត្រាសមត្ថភាពផលិតជាមធ្យមរបស់រោងចក្រ Foxconn មានតែ ២០% ប៉ុណ្ណោះក្នុងខែវិច្ឆិកានេះ ប៉ុន្តែវានឹងអាចកើនឡើងវិញដល់ ៣០% និង ៤០% នៅក្នុងខែធ្នូ។
យោងតាមទិន្នន័យរបស់គយចិន បង្ហាញថា ការនាំចេញស្មាតហ្វូនកាលពីខែតុលារបស់ខេត្តហ៊ឺណាន ដែលជាជម្រុកផលិតទូរស័ព្ទម៉ាក iPhone នោះមានចំនួនត្រឹមតែ ៨លាន ៤សែនគ្រឿងប៉ុណ្ណោះ ពោលគឺបានថយចុះប្រមាណ១៧% ពីចំនួនជាង ១០លានគ្រឿងកាលពីខែកញ្ញា។
ក្នុងរយៈពេល ១០ខែនៃឆ្នាំ២០២២នេះ ការនាំចេញរបស់ខេត្តហ៊ឺណាន មានចំនួនសរុបជាង ៦៧ពាន់លានដុល្លារ ក្នុងនោះផលិតផលស្មាតហ្វូនពាក់កណ្តាលត្រូវបាននាំចេញទៅអាមេរិក។
យ៉ាងណាក៏ដោយចុះ ថ្វីបើការផលិតនៅរោងចក្រហ៊ឺណាននេះជួបឧបសគ្គក៏ពិតមែន ប៉ុន្តែក្រុមហ៊ុន Foxconn នឹងសម្របសម្រួលការផលិតជាមួយរោងចក្ររបស់ខ្លួននៅខេត្តផ្សេងទៀត។ តួយ៉ាងការនាំចេញស្មាតហ្វូនរបស់ Foxconn ដែលដំឡើងនៅក្នុងខេត្តជាំងស៊ូ បានកើនឡើង ៣១% ក្នុងខែតុលា បើធៀបនឹងខែកញ្ញាកន្លងទៅ៕