ការបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់អង្គការពាណិជ្ជកម្មពិភពលោកបានចាប់ផ្តើមកាលពីថ្ងៃទី ១២ខែមិថុនា និងត្រូវបញ្ចប់នៅថ្ងៃទី ១៥ខែមិថុនា ជាមួយតំណាងមកពីប្រទេសសមាជិកជាង១៦០ បានចូលរួមក្នុងកិច្ចប្រជុំដ៏សំខាន់មួយនេះ នៅក្នុងរយៈពេលជាង ៤ ឆ្នាំមកនេះ។
កិច្ចប្រជុំរបស់អង្គការពាណិជ្ជកម្មពិភពលោកដែលកំពុងបន្ដធ្វើឡើងនៅទីក្រុង ហ្សឺណែល ក្នុងប្រទេសស្វីស គឺផ្តោតសំខាន់ទៅលើផលប៉ះពាល់នៃសង្គ្រាម រួមទាំងការបិទផ្លូវចូលរបស់អ៊ុយក្រែនទៅកាន់សមុទ្រខ្មៅ ដែលកំពុងធ្វើឱ្យមានហានិភ័យយ៉ាងធ្ងន់ធ្ងរដល់ការផ្គត់ផ្គង់ស្បៀងអាហារទៅកាន់ផ្នែកងាយរងគ្រោះបំផុតមួយចំនួននៃពិភពលោក និង ហានិភ័យដែលជំរុញឱ្យមនុស្សរាប់លាននាក់ធ្លាក់ចូលទៅក្នុងអសន្តិសុខស្បៀងអាហារ។
ក៏ប៉ុន្តែ ចំនួនតំណាងប្រទេសនៃសមាជិក WTO ប្រហែលមួយភាគបីបានអវត្តមានក្នុងកិច្ចប្រជុំ ខណៈចិនដែលប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើរុស្ស៊ី និង ឥណ្ឌា ដែលជាមិត្តជិតស្និតជាមួយក្រុងម៉ូស្គូក៏មិនបានចូលរួមក្នុងកិច្ចប្រជុំនេះដែរ។
ទន្ទឹមនឹងនោះ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំ ភាពមិនចុះសម្រុងគ្នាជាខ្លាំងបានកើតឡើងរវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍។
ប្រធាន WTO លោកស្រី ង៉ូហ្ស៊ី អ៊ូកុនចូ អ៊ីវៀលឡា (Ngozi Okonjo Iweala) បាននិយាយនៅក្នុងសុន្ទរកថាបើកកម្មវិធីថា នៅពេលដែលពិភពលោកជួបប្រទះនឹងភាពមិនប្រាកដប្រជា និង វិបត្តិលើវិស័យជាច្រើន វាពិតជាមានសារៈសំខាន់ណាស់ក្នុងការសហការណ៍រួបរួមគ្នា ដើម្បីដោះស្រាយបញ្ហា។
មែនទែនទៅ នៅមុនពេលកិច្ចប្រជុំចាប់ផ្តើម លោកស្រី អ៊ីវៀលឡា ក៏ធ្លាប់បានបង្ហាញសញ្ញាខ្លះៗរួចហើយ នៃ ភាពមិនចុះសម្រុងគ្នារវាងប្រទេសជាសមាជិកនឹងកើតមានឡើងមុននឹងអាចឈានដល់ការបង្កើតកិច្ចសហប្រតិបត្តិព្រមព្រៀងនីមួយៗបាន ពីកិច្ចប្រជុំនេះ។
ដោយសារសមាជិកចូលរួមប្រជុំ មានការប្រកាន់បក្សពួក ហើយមិនចុះសម្រុងជាមួយគ្នាជាខ្លាំង បានធ្វើឱ្យកិច្ចព្រមព្រៀងទាំងនោះស្ថិតនៅក្នុងភាពជាប់គាំង ខណៈការឯកភាពគ្នាជាឯកច្ឆន្ទក្នុងចំណោមសមាជិកទាំង ១៦៤ ប្រទេស គឺចាំបាច់ណាស់សម្រាប់ការសម្រេចចិត្តលើកិច្ចព្រមព្រៀងណាមួយនៅអង្គការ WTO ។
គួរជម្រាបថា ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនបានរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ ដែលធ្វើឱ្យមានភាពតានតឹងជាខ្លាំងសម្រាប់ពិភពលោក។ WTO នៅក្នុងខែមេសាបានចេញផ្សាយការព្យាករណ៍របស់ខ្លួនដែលប៉ាន់ប្រមាណថា ទំហំពាណិជ្ជកម្មទំនិញសកលនឹងកើនឡើងត្រឹម ៣% ប៉ុណ្ណោះក្នុងឆ្នាំ ២០២២ ដែលទាបជាងអ្វីដែលបានព្យាករពីមុនរបស់ខ្លួន ដែលថានឹងកើនឡើង ៤,៧% ៕