នៅក្នុងទិន្នន័យព្យាករណ៍ការធ្វើពាណិជ្ជកម្មប្រចាំឆ្នាំរបស់អង្គការពាណិជ្ជកម្មពិភពលោក ហៅកាត់ថា WTO អ្នកជំនាញស្ថាប័នពាណិជ្ជកម្មកំពូលមួយនេះ រំពឹងថា ទំហំពាណិជ្ជកម្មទំនិញពិភពលោក នឹងកើនឡើងដល់ ៣,៥%នៅពេញ១ឆ្នាំ២០២២នេះ។ ចំនួននេះឃើញថាខ្ពស់ជាងការរំពឹងទុកបន្តិច ក្នុងការប៉ាន់ស្មានកាលពីខែមេសា។
ទោះយ៉ាងណា សម្រាប់ឆ្នាំក្រោយ ឆ្នាំ២០២៣ អង្គការពាណិជ្ជកម្មពិភពលោក WTO ប៉ាន់ស្មានថា ពាណិជ្ជកម្មសកលនឹងមានកំណើនត្រឹមតែ ១%គត់ ដែលវាជាការដាំក្បាលចុះខ្លាំងមែនទែនតែម្តង គឺខុសស្រឡះពីអ្វីដែលបានរំពឹងទុកកាលពីដើមឆ្នាំនេះ ថានឹងមានកំណើនដល់ ៣,៤%។
ប្រធានអង្គការពាណិជ្ជកម្មពិភពលោកថ្លែងប្រាប់អ្នកយកព័ត៌មានថា ទិដ្ឋភាពពាណិជ្ជកម្មពិភពលោកនៅឆ្នាំក្រោយនេះ គឺមើលទៅមានភាពខ្មៅងងឹតខ្លាំងណាស់។ សេដ្ឋកិច្ចសកលប្រឈមនឹងវិបត្តិជាច្រើនប្រភេទ ហើយជាច្រើនលើកច្រើនសារផ្ទួនៗ ខណៈបច្ចុប្បន្នការរឹតបន្តឹងលើគោលនយោបាយរូបិយវត្ថុកំពុងក្លាយជាបន្ទុក រាំងស្ទះដល់កំណើនសេដ្ឋកិច្ចនៅស្ទើរតែទូទាំងពិភពលោក។
ហេតុអ្វីបានជាអង្គការពាណិជ្ជកម្មពិភពលោក WTO ទម្លាក់ការព្យាករណ៍ចរន្តពាណិជ្ជកម្មពិភពលោកខ្លាំងដល់ថ្នាក់នេះ?
បើតាមការអះអាងពីក្រុមអ្នកជំនាញសេដ្ឋកិច្ច នៅពេលដែលគេប៉ាន់ស្មានពីដំបូងក្នុងខែមេសា កាលនោះសង្គ្រាមនៅអ៊ុយក្រែនទើបតែបានផ្ទុះឡើងជាង១ខែប៉ុណ្ណោះ ធ្វើឱ្យគេពិបាកសន្និដ្ឋានណាស់ ពីព្រោះអ្វីៗស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយទេ។ ក្រោយពីការតាមដានពីស្ថានការណ៍វិវត្តអស់រយៈពេលជាច្រើនខែមកនេះ គេបានកត់សម្គាល់ឃើញថា ការកើនឡើងខ្ពស់នៃតម្លៃថាមពល អតិផរណាកើតមាននៅគ្រប់ទីកន្លែង ខណៈសង្គ្រាមក៏មិនមានសញ្ញាធូរស្រាលសោះ ដូច្នេះហើយទើបអង្គការពាណិជ្ជកម្មពិភពលោក WTO សម្រេចបន្ទាបកំណើនពាណិជ្ជកម្មពិភពលោក មកនៅត្រឹម១%បែបនេះ។
ប្រធានអង្គការពាណិជ្ជកម្មពិភពលោក WTO បានកត់សម្គាល់ថា ស្ថានការណ៍សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន នឹងក្លាយជាអ្នកកំណត់ជោគវាសនារបស់និន្នាការពាណិជ្ជកម្មសកលយ៉ាងពិតប្រាកដ។ បើសង្គ្រាមនៅអ៊ុយក្រែនវិវត្តទៅរកស្ថានការណ៍ល្អ នោះពាណិជ្ជកម្មពិភពលោក នឹងប្រសើរឡើងដូចគ្នា ប៉ុន្តែបើស្ថានការណ៍នៅតែអាក្រក់ដូចបច្ចុប្បន្ននេះ ហើយបើកាន់តែអាក្រក់ជាងនេះទៅទៀតនោះ ពាណិជ្ជកម្មសកលនឹងមានកំណើនកាន់តែយឺតមែនទែនតែម្តង។
គួររំឭកថា សប្តាហ៍មុនប្រធានអង្គការពាណិជ្ជកម្មពិភពលោក WTO បានព្រមានថាការលំបាកទាំងអស់ ទាំងសង្គ្រាម ទាំងការប្រែប្រួលអាកាសធាតុ អសន្តិសុខស្បៀងអាហារ ថាមពល និងការព្យាយាមងើបចេញពីវិបត្តិជំងឺកូវីដ១៩ផងនោះ អាចនឹងនាំសេដ្ឋកិច្ចពិភពលោក ឈានឆ្ពោះទៅរករណ្តៅវិបត្តិធ្ងន់ធ្ងរជាក់ជាមិនខានឡើយ។
សូមជម្រាបថា ពាណិជ្ជកម្មពិភពលោក កាលពីឆ្នាំ២០២១ មានទំហំសរុបគិតជាទឹកប្រាក់ជាង ២៨ទ្រីលានដុល្លារអាមេរិកកើនឡើង២៥% ធៀបនឹងទំហំពាណិជ្ជកម្មក្នុងឆ្នាំ២០២០ និងខ្ពស់ជាង ១៣% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មុនពេលដែលជំងឺរាតត្បាតកូវីដ១៩ មិនទាន់វាយប្រហារ។ នេះបើយោងតាមរបាយការណ៍របស់សន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍។ ទោះយ៉ាងណា ទំហំពាណិជ្ជកម្មសរុបសកលលោកក្នុងឆ្នាំ២០២២នេះ មិនទាន់មានទិន្នន័យផ្លូវការនៅឡើយទេ៕