រថយន្តអគ្គិសនី

ផ្អើលពេញក្រុងវូហាន! តាក់ស៊ីគ្មានមនុស្សបើកជាង១០០គ្រឿងជិះសុខៗស្រាប់តែគាំងដំណើរការ


យោងតាមរបាយការណ៍ពីប៉ូលិស និងប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសចិន កាលពីថ្ងៃទី១ ខែមេសា បានឱ្យដឹងថា មានហេតុការណ៍មិននឹកស្មានដល់មួយបានកើតឡើង ដោយរថយន្តតាក់ស៊ីគ្មានអ្នកបើកជាង ១០០គ្រឿង បានគាំងដំណើរការព្រមៗគ្នាធ្វើឱ្យកកស្ទះពេញផ្លូវនៅក្នុងទីក្រុងវូហានប្រទេសចិន។ ហេតុការណ៍នេះបានធ្វើឱ្យអ្នកដំណើរជាច្រើននាក់ជាប់គាំងនៅក្នុងរថយន្តទាំងក្តីបារម្ភ ខណៈក្រុមហ៊ុនផលិតមិនទាន់ចេញមុខបកស្រាយលម្អិតនៅឡើយទេ។
រថយន្តអគ្គិសនី
ដោយ

ផ្អែកតាមការស៊ើបអង្កេតបឋមពីអាជ្ញាធរប៉ូលិសក្រុងវូហាន បានបញ្ជាក់ថា មូលហេតុដែលនាំឱ្យតាក់ស៊ីគ្មានមនុស្សបើកជាង១០០គ្រឿងឈប់ដំណើរការភ្លាមៗបែបនេះ គឺបណ្តាលមកពីការរអាក់រអួលនៃប្រព័ន្ធបញ្ជា ប៉ុន្តែមិនបានផ្តល់ព័ត៌មានបច្ចេកទេសលម្អិតលើសពីនេះឡើយ​។ តែយ៉ាងណានៅក្នុងហេតុការណ៍ដ៏កម្រនេះមិនមានរបាយការណ៍ណាមួយបង្ហាញពីអ្នករងរបួសនោះទេ។

សារព័ត៌មាន LA Times បានស្រង់សម្តីរបស់អ្នកដំណើរម្នាក់ ដែលបានរៀបរាប់ទាំងភ័យខ្លាចថា រថយន្តរបស់គាត់សុខៗ ក៏ឈប់ង៉ក់នៅត្រង់ផ្លូវកោង ហើយអេក្រង់ក្នុងឡានបានលោតសារថា ប្រព័ន្ធបើកបរមានបញ្ហាបុគ្គលិកនឹងមកដល់ក្នុងរយៈពេល៥នាទីទៀត។ ទោះជាយ៉ាងណា ជនរងគ្រោះរូបនេះបានរង់ចាំរហូតដល់ចុចប៊ូតុងសង្គ្រោះបន្ទាន់ ក៏នៅតែគ្មានបុគ្គលិកណាម្នាក់មកដល់ដដែល។ ចុងក្រោយរូបគេសម្រេចចិត្តបើកទ្វារចុះចេញពីរថយន្តដោយខ្លួនឯង ដើម្បីសុវត្ថិភាព។

គួរជម្រាបថា សេវាកម្មតាក់ស៊ីគ្មានអ្នកបើកនៅក្នុងទីក្រុងវូហាននេះ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន បៃឌូ (Baidu) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស និងបញ្ញាសិប្បនិម្មិត (AI) ដ៏ធំរបស់ចិន។ បច្ចុប្បន្ន Baidu កំពុងពង្រីកអាជីវកម្មតាក់ស៊ីស្វ័យប្រវត្តិនេះ ក្រោមឈ្មោះថា Apollo Go ទៅកាន់បណ្តាប្រទេសជាច្រើននៅអឺរ៉ុប និងមជ្ឈិមបូព៌ា។

មកទល់ពេលនេះក្រុមហ៊ុន បៃឌូ មិនទាន់មានការអត្ថាធិប្បាយណាមួយជុំវិញការគាំងប្រព័ន្ធទ្រង់ទ្រាយធំនេះឡើយ។ នេះគឺជាលើកដំបូងហើយសម្រាប់ប្រទេសចិន ដែលមានរបាយការណ៍ពីការគាំងដំណើរការរថយន្តតាក់ស៊ីគ្មានមនុស្សបើកច្រើនគ្រឿងក្នុងពេលតែមួយបែបនេះ ខណៈកាលពីខែធ្នូ ឆ្នាំមុន ហេតុការណ៍ស្រដៀងគ្នានេះ ក៏ធ្លាប់បានកើតឡើងចំពោះក្រុមហ៊ុន វ៉េម៉ូ (Waymo) ក្នុងទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាម៉េរិកផងដែរ ដោយសារបញ្ហាដាច់ចរន្តអគ្គិសនី៕




អត្ថបទបន្ទាប់


អាជ្ញាធរវៀតណាម បង្ក្រាបសាច់ជ្រូកមានផ្ទុកជំងឺ ដែលចរាចរលក់នៅលើទីផ្សារបានជិត៣០០តោន

ទោះបីជាអាជ្ញាធរវៀតណាម បានពង្រឹងការអនុវត្តច្បាប់សុវត្ថិភាពចំណីអាហារយ៉ាងម៉ឺងម៉ាត់ក៏ដោយ ក៏ថ្មីៗនេះ សមត្ថកិច្ចក្រុងហាណូយ បានបើកប្រតិបត្តិកា…

ពលរដ្ឋថៃ នាំគ្នាធ្វើបាតុកម្មតវ៉ារឿងប្រេងឥន្ធនៈ និងហ្គាសឡើងថ្លៃផ្អើលក្រុងបាងកក

នៅថ្ងៃទី២ ខែមេសា ស្ថានភាពនៅមុខក្រសួងថាមពលថៃ មានភាពតានតឹងយ៉ាងខ្លាំង បន្ទាប់ពីក្រុមបណ្ដាញពលករធំៗបានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មប្រឆាំងនឹងការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ