លោក ពូទីន

រុស្ស៊ីអះអាងថា គ្មានការសន្យាអ្វីទាំងអស់សម្រាប់អ៊ុយក្រែន ក្នុងជំនួប៥ម៉ោងរវាងលោក ពូទីន ជាមួយប្រេសិតតំណាងលោក ត្រាំ


វិមានក្រឹមឡាំង បានបញ្ជាក់នៅថ្ងៃពុធ ទី៣ ខែធ្នូ ថា ប្រទេសរុស្ស៊ី និងសហរដ្ឋអាម៉េរិក មិនបានឈានដល់ការសម្របសម្រួលណាមួយលើកិច្ចព្រមព្រៀងសន្តិភាព ដែលអាចកើតមានដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន នោះឡើយ បន្ទាប់ពីកិច្ចចរចារយៈពេល៥ម៉ោងរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រេសិតកំពូលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ មិនទទួលបានលទ្ធផលផ្លែផ្កា។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
លោក ពូទីន
ដោយ

ភាគីរុស្ស៊ី និងអាម៉េរិក បានចរចាគ្នានៅក្រុងមូស្គូ រហូតដល់៥ម៉ោង តែគ្មានលទ្ធផលផ្លែផ្កាអ្វីនោះទេ។ លោក ដូណាល់ ត្រាំ បានត្អូញត្អែរម្តងហើយម្តងទៀតថា ការបញ្ចប់សង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន ដែលជាសង្គ្រាមដ៏សាហាវបំផុតនៅតំបន់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២ គឺជាគោលដៅដ៏លំបាក ដែលលោកចង់សម្រេចឱ្យបាននៅក្នុងគោលនយោបាយការបរទេសរបស់លោក។ មានពេលខ្លះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ថែមទាំងបានស្តីបន្ទោសទាំងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមៀ ហ្សេឡិនស្គី ទៀតផង ចំពោះការមិនឯកភាពគ្នាដើម្បីបញ្ចប់សង្គ្រាម។

កិច្ចចរចានៅទីក្រុងមូស្គូ រវាងលោក ពូទីន និងប្រេសិតពិសេសអាម៉េរិក គឺលោក ស្ទីវ វីតខូហ្វ (Steve Witkoff) និងលោក ចារ៉េដ ឃូស្ន័រ (Jared Kushner) ដែលត្រូវជាកូនប្រសារបស់លោក ដូណាល់ ត្រាំ បានបន្តធ្វើឡើងរហូតដល់រំលងអធ្រាត្រ។ បន្ទាប់មក លោក យូរី យូសាកូវ (Yuri Ushakov) ដែលជាជំនួយការគោលនយោបាយការបរទេសកំពូលរបស់លោក ពូទីន បាននិយាយថា ភាគីទាំងពីរមិនទាន់អាចឈានដល់ការសម្របសម្រួលណាមួយនៅឡើយទេ។

លោក យូរី ដែលជាជំនួយការគោលនយោបាយការបរទេសកំពូលរបស់លោក ពូទីន បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាននៅវិមានក្រឹមឡាំងថា នៅមានការងារជាច្រើនដែលត្រូវធ្វើ ព្រោះលោក ពូទីន បានបញ្ចេញប្រតិកម្មជាអវិជ្ជមានចំពោះសំណើមួយចំនួនរបស់សហរដ្ឋអាម៉េរិក។ លោកបានបន្ថែមថា ជំនួបរវាងលោក ពូទីន និងលោក ត្រាំ មិនទាន់មានការគ្រោងទុកនៅឡើយទេ ប៉ុន្តែលោកនិយាយថា កិច្ចចរចានេះជាសញ្ញាល្អ និងមានឱកាសច្រើនសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងសហរដ្ឋអាម៉េរិក និងរុស្ស៊ី៕

ដោយ: តែម សុខុម




More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ