
ប៉ុន្តែក្តីរំពឹងនេះទំនងជាមិនអាចកើតឡើងនោះទេ ដោយសារចិនមានបែបបទការទូតរបស់គេ ក្នុងនោះកិច្ចប្រជុំអាស៊ានជាយូរមកហើយជាការទទួលបន្ទុករបស់នាយករដ្ឋមន្ត្រី ខណៈប្រធានាធិបតីទទួលបន្ទុកកិច្ចប្រជុំធំៗ នៃក្រុមប្រទេសនៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកជាដើម។ តើលោក ស៊ី ជីនពីង អាចមកចូលរួមកិច្ចប្រជុំអាស៊ាននៅម៉ាឡេស៊ីទេ?
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ទំនងជាមិនបានចូលរួមកិច្ចប្រជុំកំពូលនៃមេដឹកនាំអាស៊ីអាគ្នេយ៍ នៅប្រទេសម៉ាឡេស៊ី ក្នុងខែតុលា ខាងមុខនោះទេ ដែលធ្វើឱ្យការរំពឹងមានជំនួបរវាងមេដឹកនាំចិនជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិកទំនងជាមិនអាចកើតឡើងនោះទេ។ ព័ត៌មាន និងក្តីសង្ឃឹមនេះត្រូវបានបង្ហើបដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម កាលពីដើមខែសីហា នៅពេលដែលម៉ាឡេស៊ីកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានពីថ្ងៃទី២៦-២៨ ខែតុលា នៅទីក្រុងគូឡាឡាំពួរ។
ប្រភពច្បាស់ការបានឲ្យដឹងថា នាយករដ្ឋមន្ត្រីចិនលោក លី ឈាង នឹងតំណាងឱ្យប្រទេសចិនសម្រាប់កិច្ចប្រជុំកំពូលនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីនាពេលខាងមុខ។ អ្នកវិភាគបានលើកឡើងថា នេះជាទម្លាប់ការទូតរបស់ចិន ដែលបានអនុវត្តជាច្រើនឆ្នាំមកហើយ ដោយកិច្ចការអាស៊ានចូលរួមត្រឹមកម្រិតរដ្ឋមន្រ្តីការបរទេស និងនាយករដ្ឋមន្រ្តីប៉ុណ្ណោះ។
ទោះបីការរំពឹងកើតមានជំនួបរវាងមេដឹកនាំចិន និងអាម៉េរិកនៅក្នុងកិច្ចប្រជុំអាស៊ានហាក់រសាត់ឆ្ងាយយ៉ាងណាក្តី តែគេរំពឹងថាជំនួបរវាងមេដឹកនាំនៃប្រទេសមហាអំណាចធំបំផុតទាំងពីរនៅលើពិភពលោកទំនឹងជាអាចកើតមានពេលប្រទេសកូរ៉េខាងត្បូងទ្វារផ្ទះទទួលមេដឹកនាំមកពីប្រទេសនានាសម្រាសប់កិច្ចប្រជុំកំពូល នៃក្រុមប្រទេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC ចន្លោះពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា។
សហរដ្ឋអាមេរិកតែងផ្តល់តម្លៃដល់កិច្ចប្រជុំទាំងពីរខាងលើ ដោយប្រធានាធិបតីអាម៉េរិកតែងតែបង្ហាញវត្តមានក្នុងកិច្ចប្រជុំទាំងនេះ គ្រាន់តែកន្លងមក លោក ដូណាល់ ត្រាំ ហាក់មិនសូវចាប់អារម្មណ៍នឹងអាស៊ីអាគ្នេយ៍ ប៉ុន្តែឆ្នាំនេះលោកទំនងជាចាប់អារម្មណ៍ ដោយសារលោកតែងតែនិយាយជារឿងៗពីអាស៊ាន និងអាស៊ី៕
ដោយៈ សរ សុជាតិ