សមាជិកជិត ៣ ០០០ នាក់នៃសភាជាតិប្រជាជនចិន (National People’s Congress _ NPC) បានបោះឆ្នោតជាឯកច្ឆ័ន្ទនៅក្នុងមហាសាលប្រជាជន ដើម្បីគាំទ្រលោក ស៊ី ជីនពីង ក្នុងវ័យ ៦៩ ឆ្នាំឱ្យធ្វើជាប្រធានាធិបតីបន្ដ សម្រាប់អាណត្តិទី៣របស់លោកនៅក្នុងការបោះឆ្នោតដែលគ្មានបេក្ខជនផ្សេងទៀតប្រកួតប្រជែងនោះឡើយ។
ការបោះឆ្នោតនេះមានរយៈពេលប្រហែលមួយម៉ោង ហើយការរាប់សន្លឹកឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិកត្រូវបានបញ្ចប់ត្រឹមតែរយៈពេលប្រហែល ១៥ នាទីតែប៉ុណ្ណោះ។
ដំណាក់កាលនេះត្រូវបានកំណត់អាណត្តិសម្រាប់លោក ស៊ី ម្ដងទៀតនៅពេលលោកបានកែប្រែច្បាប់ដែលកំណត់អាណត្តិប្រធានាធិបតីកាលពីឆ្នាំ២០១៨។ មុនពេលមានការបោះឆ្នោតគាំទ្រលោក ស៊ី ជីនពីង សម្រាប់តំណែងប្រធានាធិបតីអាណត្តិទី៣នេះ តាមពិតទៅអំណាចរបស់លោក ស៊ី ត្រូវបានពង្រីករួចទៅហើយកាលពីខែតុលា ឆ្នាំមុន ដែលពេលនោះលោកត្រូវបានជ្រើសតាំងជាថ្មីសម្រាប់រយៈពេល ៥ ឆ្នាំទៀតឱ្យបន្តធ្វើជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមរបស់បក្សកុម្មុយនិស្តចិន ដែលកំពុងតែកាន់អំណាច។
យ៉ាងណាមិញ នៅក្នុងពេល២ថ្ងៃខាងមុខទៀត មន្ត្រីមួយចំនួនដែលលោក ស៊ី បានអនុម័តយល់ព្រមហើយនោះ នឹងទទួលបានការតែងតាំង ឬក៏ជ្រើសរើសដើម្បីបំពេញមុខតំណែងកំពូលៗនៅក្នុងគណៈរដ្ឋមន្ត្រី រួមទាំងនាយករដ្ឋមន្ត្រី ដែលនឹងចូលកាន់តំណែងគឺលោក លី ឈាង (Li Qiang) ដែលជាមន្ត្រីថ្នាក់លេខ ២ របស់ប្រទេសចិននេះផងដែរ ដើម្បីទទួលភារៈកិច្ចគ្រប់គ្រងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី២នៅក្នុងពិភពលោកមួយនេះ។
ការបោះឆ្នោតជ្រើសតាំងក្រុមមេដឹកនាំរដ្ឋរបស់សភានេះ បានធ្វើឡើងក្រោយរយៈពេល ៣ ខែបន្ទាប់ពីគោលនយោបាយដ៏តឹងតែងទប់ស្កាត់ជំងឺកូវីដ១៩ត្រូវបានលុបចោល ហើយរលកថ្មីនៃការឆ្លងជំងឺនេះបានរីករាលដាលខ្លាំងនៅទូទាំងប្រទេសចិន ខណៈដែលគណៈប្រតិភូ និងបុគ្គលិកផ្សេងទៀតទាំងអស់ត្រូវពាក់ម៉ាស់ គឺលើកលែងតែមេដឹកនាំកំពូលៗតែប៉ុន្មាននាក់ប៉ុណ្ណោះ។
ដោយឡែក នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ លោក ស៊ី នឹងថ្លែងសុន្ទរកថាមួយនៅមុនពេលបិទបញ្ចប់សម័យប្រជុំសភាប្រចាំឆ្នាំនេះ ខណៈដែលប្រទេសចិនប្រឈមមុខនឹងបញ្ហាជាច្រើនរួមទាំងបញ្ហាសេដ្ឋកិច្ចដែលប្រឈមកាន់តែខ្លាំងដោយសារវិធានការទប់ស្កាត់ជំងឺកូវីដរយៈពេល ៣ ឆ្នាំមកនេះ និងទំនាក់ទំនងកាន់តែអាក្រក់ទៅៗជាមួយបស្ចិមលោកផងដែរ។
កាលពីដើមសប្តាហ៍នេះ លោក ស៊ី បានស្តីបន្ទោសសហរដ្ឋអាមេរិក និងបស្ចិមលោកចំពោះការធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសចិនជួបការលំបាកមួយចំនួន ហើយលោក ស៊ី ក៏បានកត់សម្គាល់មិនធម្មតា ដោយបានវាយប្រហារចំៗចំពោះរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថែមទៀតផង។
ខណៈដែលតួនាទីប្រធានាធិបតីត្រូវបានធានារួចហើយនោះ លោក ស៊ី ក៏ត្រូវបានគណបក្សជ្រើសតាំងឡើងវិញហើយដែរ ដើម្បីឱ្យធ្វើជាប្រធានគណៈកម្មាការយោធាមជ្ឈិមរបស់ខ្លួន និងបានចាប់ផ្តើមអាណត្តិរយៈពេល ៥ ឆ្នាំរបស់លោកធ្វើជាអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសចិនជាបន្តទៀត។
សភារបស់ចិនក៏បានជ្រើសតាំងលោក ចាវ ឡេជី (Zhao Leji) អាយុ ៦៦ ឆ្នាំធ្វើជាប្រធានសភាថ្មី និងលោក ហាន ចេង (Han Zheng) អាយុ ៦៨ ឆ្នាំធ្វើជាអនុប្រធានាធិបតីថ្មីផងដែរ៕