វិស័យកសិកម្ម

អ្នកជំនាញស្នើឱ្យកម្ពុជា គួរផលិតពូជទុរេនផ្ទាល់ខ្លួន ខណៈពូជដាំដុះបច្ចុប្បន្នភាគច្រើននាំចូលពីក្រៅប្រទេស


ពូជទុរេន ដែលប្រជាពលរដ្ឋចូលចិត្តបរិភោគ និងកសិករកំពុងនិយមដាំដុះ ដូចជា ម៉ុនថង ម៉ូសាងឃីង និងរី៦ ជាដើម ត្រូវបានគេស្គាល់ថា មានប្រភពមកពីថៃ វៀតណាម និងម៉ាឡេស៊ី ខណៈកម្ពុជា ហាក់ពុំទាន់មានពូជទុរេនណាមួយ ដែលពេញនិយមខ្លាំង និងមានគេស្គាល់ឱ្យទូលំទូលាយនៅឡើយទេ។ តើកម្ពុជា គួរផលិតពូជទុរេន ដើម្បីសម្គាល់អត្តសញ្ញាណរបស់ខ្លួនដែរឬទេ ក្រោយចិន បើកភ្លើងខៀវឱ្យនាំចេញទុរេនទៅកាន់ទីផ្សារខ្លួន?
វិស័យកសិកម្ម
ដោយ

លោក ឃឹម ប៊ុនឡែន ស្ថាបនិក និងជាប្រធានសហគមន៍ចម្ការស្តេចទុរេន កត់សម្គាល់ឃើញថា បច្ចុប្បន្នកសិករមានការពេញនិយមការដាំដុះទុរេន ប្រភេទពូជម៉ុនថង ឱខាក់ និងម៉ូសាងឃីង ដោយសារតែពូជទុរេនទាំងនេះមានរសជាតិឆ្ងាញ់ និងតម្លៃល្អនៅលើទីផ្សារ។ បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ ពូជទុរេនដែលកសិករនិយមដាំបច្ចុប្បន្ន ដូចជា ម៉ុនថង និងម៉ូសាងឃីង ជាដើម ជាពូជនាំចូលពីក្រៅប្រទេស។ តែយ៉ាងណាកម្ពុជា ក៏មានពូជទុរេនផ្ទាល់ខ្លួនរបស់ខ្លួនផងដែរ គឺពូជឱខាក់ ដែលត្រូវបានកសិករនៅខេត្តកំពត ដាំជាង១០០ឆ្នាំមកហើយ ដែលទាមទារឱ្យមានការថែរក្សា និងអភិវឌ្ឍន៍បន្សុទ្ធពួជទុរេនឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីសម្គាល់អត្តសញ្ញាណរបស់កម្ពុជា។

ស្រដៀងគ្នានេះ លោក ធឿន ប៊ុនហុង អ្នកបច្ចេកទេសផលិតកម្មដំណាំទុរេន នៃក្រុមហ៊ុន អង្គរហ្គ្រីន សង្កេតឃើញថា ពូជទុរេនដែលកំពុងពេញនិយមដាំដុះនៅកម្ពុជា នាពេលបច្ចុប្បន្ន មានដូចជា ម៉ុនថង ម៉ូសាងឃីង រី៦ និងភួងម៉ានី ព្រោះពូជទុរេនទាំងនេះមានលក្ខខណ្ឌពិសេសពីគ្នា។ បើតាមអ្នកជំនាញរូបនេះ ពូជទុរេនដែលកំពុងដាំដុះ និងពេញនិយមលើទីផ្សារកម្ពុជា នាពេលបច្ចុប្បន្ន មានប្រភពមកពីប្រទេសជិតខាង។ ការណ៍នេះជំរុញឱ្យអ្នកជំនាញរូបនេះស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធគួរបង្កើតអត្តសញ្ញាណពូជទុរេនក្នុងស្រុកឱ្យបានច្រើន ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីទីផ្សារចិន និងទីផ្សារផ្សេងៗទៀត។

សូមបញ្ជាក់ថា ផ្លែទុរេនស្រស់របស់កម្ពុជា ត្រូវបានភាគីគយចិន បើកភ្លៀងខៀវឱ្យនាំចូលទីផ្សារចិន ក្រោមការគោរពតាមលក្ខខណ្ឌ និងភូតគាមអនាម័យ។ មុនឈានដល់ការនាំចេញជាផ្លូវការទៅចិនបាន អ្នកដាំ និងក្រុមហ៊ុននាំចេញត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែទុរេនស្រស់ទៅអគ្គនាយកដ្ឋានកសិកម្ម។ ក្រោយទទួលបានពាក្យស្នើសុំ អគ្គនាយកដ្ឋានកសិកម្ម នឹងចាត់មន្រ្តីជំនាញចុះណែនាំ និងវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានកំណត់ក្នុងពិធីសារ រួចនឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ផ្លែទុរេនស្រស់ទៅកាន់ភាគីគយចិន ដើម្បីគយចិន ចុះមកពិនិត្យនិងវាយតម្លៃបញ្ចប់មុននឹងឈានដល់ការនាំចេញជាផ្លូវការ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


លោក ត្រាំ ពិចារណាដាក់ទណ្ឌកម្មថ្មីៗលើរុស្ស៊ី និងហៅលោក ពូទីន ថាជាមនុស្សឆ្កួត ក្រោយរុស្ស៊ីបើកការវាយប្រហារយ៉ាងសាហាវលើអ៊ុយក្រែន

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ កំពុងពិចារណាដាក់ទណ្ឌកម្មថ្មីៗលើប្រទេសរុស្ស៊ី ហើយបានហៅប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ថាជាម…

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា គ្រោងទិញយន្តហោះចំនួន៣គ្រឿង នៅឆ្នាំនេះ ដើម្បីពង្រីកការហោះហើរក្នុងស្រុក និងក្រៅស្រុក

ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា បានចាប់ផ្ដើមសករាជថ្មី នៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការនាំយកយន្តហោះដ៏ទំនើប ATR 72-600 ជាលើកដំបូង …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ