ទំព័រហ្វេសប៊ុកដែលមានឈ្មោះថា «Dj NaNa Tips» មានអ្នកចូលចិត្ត (Like) ជាង៥០ម៉ឺននាក់ ខណៈទំព័រហ្វេសប៊ុក Dj NaNa TV មានអ្នកចូលចិត្តជាង៤០ម៉ឺននាក់ កំពុងធ្វើឲ្យកេរ្តិ៍ឈ្មោះ កញ្ញា សុវ៉ាតនា កាន់តែល្បីល្បាញខ្លាំងនៅក្នុងចំណោមស្រទាប់យុវជនខ្មែរ។ កម្មវិធី Dj NaNa TV ដែលតែងផលិតវីដេអូ អប់រំ ឬផ្តល់យោបល់ពីរឿងរ៉ាវស្នេហា បានធ្វើឲ្យកូនច្បងក្នុងគ្រួសារអ្នកខេត្តកំពង់ចាមរូបនេះ មានភាពលេចធ្លោខ្លាំង និងអាចរកចំណូលរាប់ពាន់ដុល្លារក្នុងមួយខែៗ។
កញ្ញាបង្ហើបប្រាប់សារព័ត៌មានអេឡិចត្រូនិក ខេមបូណូមីស ថា៖ «ហ្វេសប៊ុកខ្ញុំ គេ Sponsor មួយ Clip ប្រហែល២ពាន់ដុល្លារ ប៉ុន្តែ ខ្ញុំក៏អត់ដាក់ពាណិជ្ជកម្មច្រើនទេ ព្រោះ យើងមិនមែនទូរទស្សន៍ ដែលមួយថ្ងៃអាចដាក់ពាណិជ្ជកម្មបួនដប់អីណា។ ដូច្នេះ មានភ្ញៀវខ្លះនៅចាំនៅឡើយ អង្កាល់ដល់វេនគាត់»។
កញ្ញាបន្តថា៖ «ចំណូលពិធីការនីរបស់ខ្ញុំ ក៏បានមកពីហ្វេសប៊ុកដែរ ព្រោះ ខ្ញុំធ្វើការនៅទូរទស្សន៍មួយឆ្នាំពីរឆ្នាំគ្មាននរណាស្គាល់ទេ ម្ចាស់ក្រុមហ៊ុន និងម្ចាស់ផលិតផល គេស្គាល់ខ្ញុំតាមហ្វេសប៊ុកទេ។ មួយខែៗ យើងរកបានច្រើនគួរសមដែរ បើប្រៀបធៀបកាលមុន គ្រាន់តែជាសិល្បការនី តែឥឡូវជាអ្នកជំនួញដែរ ខ្ញុំក៏រកស៊ីផ្សាយពាណិជ្ជកម្ម ដូចជា ផលិតវីដេអូជាដើម»។
ប្រហាក់ប្រហែលគ្នាដែរ កញ្ញា Catherine Harry ក៏មានប្រជាប្រិយភាពខ្លាំងគ្រាន់បើដែរ នៅក្នុងចំណោមយុវជន លើបណ្តាញសង្គមហ្វេសប៊ុក។ ទំព័រហ្វេសប៊ុកមានឈ្មោះថា «A Dose of Cath» មានអ្នកចូលចិត្តជាង ១៧ម៉ឺននាក់ ដែលបានធ្វើឲ្យ Catherine ឡើងកូដខ្លាំង តាមរយៈវីដេអូស្តីពីការអប់រំពីសុខភាពផ្លូវភេទ និងសិទ្ធិស្រ្តី។
វីដេអូអប់រំអំពីសុខភាពបន្តពូជ ឬសុខភាពផ្លូវនិងសិទ្ធិស្រ្តី ត្រូវបានមនុស្សរាប់ពាន់រាប់ម៉ឺននាក់ បាន Like, Share និង Comment។ តាមរយៈប្រជាប្រិយភាពនេះហើយ ទើបធ្វើឲ្យ Catherine ក្លាយជាអ្នកជំនួញផ្នែកការផ្សព្វផ្សាយពាណិជ្ជកម្មថ្មីថ្មោងម្នាក់ដែរ។ បើតាម Catherine នាងមិនអាចបញ្ជាក់ពីចំណូលប្រចាំខែបានឡើយ ដោយគ្រាន់តែបញ្ជាក់ថា ការផ្សាយពាណិជ្ជកម្មក្នុងមួយ Clip លើទំព័រហ្វេសប៊ុករបស់នាង មានទឹកប្រាក់ចន្លោះពី ៤០០ ទៅ ៥០០ដុល្លារ។
កញ្ញាបញ្ជាក់យ៉ាងដូច្នេះថា៖ « A Dose of Cath» បានធ្វើការងារជាមួយអង្គការដែលអប់រំលើសុខភាពផ្លូវភេទ និងសិទ្ធិស្រ្តី និងផ្សាយផលិតផលដែលមានគុណភាព និងសីលធម៌ ដែលយើងមានគោលជំហរច្បាស់លាស់។ ឧទាហរណ៍ ខ្ញុំបាននិយាយថា មនុស្សប្រុសស្រីស្អាត មិនសំខាន់តែទៅលើសម្បុរស្បែកសនោះទេ តែបើមានផលិតផលឡេលាយលាបស្បែកឲ្យស គេមកទាក់ទងខ្ញុំ ខ្ញុំអត់ផ្សាយទេ ព្រោះ វាក្បត់នឹងគោលជំហររបស់ខ្ញុំ»។
តាមពិតទៅ កញ្ញា Catherine Harry មិនមែនជាជនជាតិបរទេសនោះទេ តែគាត់ជាជនជាតិខ្មែរ គ្រាន់តែឈ្មោះគាត់ជាភាសាបរទេស។ នាងចាប់ស្រឡាញ់ការងារផ្សព្វផ្សាយពីសុខភាពបន្តពូជនេះ ចាប់តាំងពីនាងបានប្រឡូកការងារជាពិធីការនីវិទ្យុលើគម្រោង «ស្នេហ៍៩» របស់អង្គការមួយអស់រយៈពេល៣ឆ្នាំ ដែលតែងអញ្ជើញវាគ្មិនជាវេជ្ជបណ្ឌិតមកពិភាក្សាលើប្រធានបទ៖«សុខភាពបន្តពូជ»។
ក្រោយមកទើបនិស្សិតជំនាញប្រព័ន្ធផ្សព្វផ្សាយ និងអតីតអ្នកកាសែតនៅសារព័ត៌មាន ភ្នំពេញប៉ុស្តិ៍រូបនេះ ក៏ក្លាយជាអ្នកសរសេរ Blog និងផលិតវីដេអូអប់រំសុខភាពបន្តពូជ និងសិទ្ធិស្រ្តី ដ៏ល្បីល្បាញម្នាក់នៅកម្ពុជា។
ហេតុអ្វី Catherine នៅតែជម្នះការរិះគន់ ដើម្បីអប់រំសុខភាពផ្លូវភេទ?
ជាកូនទោលក្នុងគ្រួសារអ្នកភ្នំពេញ Catherine មិនដែលមានគំនិតបោះបង់ការងារជាអ្នកអប់រំសុខភាពផ្លូវភេទ និងសិទ្ធិស្មើគ្នានៅកម្ពុជានោះទេ បើទោះបីមានមនុស្សមួយចំនួនរិះគន់នាងក៏ដោយ។
កញ្ញាបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំណេះដឹងសុខភាពបន្តពូជ អត់សូវមានអ្នកនិយាយ តែវាប្រធានបទសំខាន់ ដែលត្រូវនិយាយ ព្រោះ បញ្ហាផ្លូវភេទវាផ្នែកមួយនៃជីវិត។ ខ្ញុំមិនដែលមានអារម្មណ៍បោះបង់ ប៉ុន្តែ ពេលខ្លះមានអារម្មណ៍ថាឆ្ងល់ខ្លួនឯងដែរ ហេតុអ្វីធ្វើជាផ្ទាំងស៊ីបឲ្យគេបាញ់? តែខ្ញុំចូលចិត្តអ្វីដែលខ្ញុំធ្វើ។ បើយើងមិននិយាយរឿងហ្នឹង តើនរណានិយាយ? ទាល់តែយើងជាអ្នកចាប់ផ្តើម ទើបមានអ្នកក្រោយមកទៀតនិយាយរឿងហ្នឹងដែរ»។
កញ្ញាបន្តថា៖ «ខ្ញុំអត់ខ្មាសអៀនទេ បើខ្មាសអៀនគ្រប់គ្នា តើនរណាជាអ្នកនិយាយ? ហើយបើយើងអត់និយាយពីរឿងហ្នឹងទេ វានឹងធ្វើឲ្យមានបញ្ហាច្រើន។ ឧទាហរណ៍ថា បើក្មេងៗ អត់ដឹងពីសុខភាពបន្តពូជ ពេលនឹកឃើញចង់រួមភេទ គាត់អត់គិតឃើញការរួមភេទដោយសុវត្ថិភាព ដូចជា អត់ប្រើប្រាស់ស្រោមអនាម័យ ដែលធ្វើពួកគេមានកូននៅវ័យក្មេង ឬឆ្លងជំងឺផ្សេងទៀត»។
កញ្ញា Catherine មានក្រុមការងាររបស់ខ្លួន ដែលក្នុងនោះ ក៏មានមិត្តភក្តិម្នាក់ជាគ្រូពេទ្យ ដែលតែងតែផ្តល់យោបល់ចំពោះប្រធានបទស្រាវជ្រាវរបស់នាង។ មុននឹងចាប់ផ្តើមថតវីដេអូលើប្រធានបទនីមួយៗ Catherine ដែលធ្លាប់ទៅសិក្សានៅសហរដ្ឋអាមេរិកកន្លះឆ្នាំ និងមានចំណេះដឹងភាសាអង់គ្លេសបានល្អនោះ បានស្រាវជ្រាវយ៉ាងម៉ត់ចត់ ដើម្បីជៀសវាងកំហុសក្នុងការផ្សព្វផ្សាយទៅកាន់សាធារណជន។
យ៉ាងណាក៏ដោយ ការផ្សព្វផ្សាយពីបញ្ហាផ្លូវភេទក្នុងសង្គមខ្មែរ ដែលមិនទាន់ស៊ាំត្រចៀក និងមានការអៀនខ្មាសច្រើននោះ បានធ្វើឲ្យកញ្ញាវ័យ២៣ឆ្នាំរូបនេះ ទទួលសម្ពោធខ្លាំងគួរសមដែរ។ អ្នកខ្លះ ព្រមទាំងព្រលយពាក្យមើលងាយ កញ្ញា តាម Keyboard កុំព្យូទ័រ ឬ ទូរស័ព្ទដៃ នៅក្នុង Comment វីដេអូរបស់នាងទៀតផង។
ឆ្លើយតបនឹងមតិមនុស្សមួយចំនួន ដែលតែងមានផ្នត់គំនិតអវិជ្ជមានថា អ្នកនិយាយរឿងផ្លូវភេទ ទាល់តែបានឆ្លងកាត់ខ្លួនឯងនោះ ត្រូវបានកញ្ញា Catherine អះអាងថា៖ «បើពេទ្យមានជំនាញជំងឺមហារីក ទាល់តែពេទ្យហ្នឹងមានជំងឺមហារីកមែនទេ? ដូច្នេះ មិនអ៊ីចឹងទេ គាត់អត់មានជំងឺមហារីកទេ។ គាត់ចេះ គឺដោយសារការស្រាវជ្រាវ។ មួយទៀត បើយើងចង់ស្ទង់មតិពីធម្មជាតិរបស់សត្វ មិនមែនទាល់តែយើងក្លាយជាសត្វ ទើបដឹងនោះទេ គឺមនុស្សជាអ្នកស្រាវជ្រាវ។ ដូច្នេះ ការនិយាយអ្វីមួយ មិនចាំបាច់យើងធ្លាប់ឆ្លងកាត់នោះទេ គឺការស្រាវជ្រាវ និងរៀនសូត្រ អាចឲ្យមានសមត្ថភាពនិយាយបានហើយ»។
បើតាម Catherine ការផលិតវីដេអូរបស់នាង ទទួលបានការគាំទ្រច្រើនជាងការរិះគន់។ តាមគម្រោងទៅថ្ងៃខាងមុខ កញ្ញា Catherine Harry គ្រោងពង្រីកការផ្សព្វផ្សាយក្នុងមួយសប្តាហ៍ ២វីដេអូ ជាភាសាខ្មែរមួយ និងភាសាអង់គ្លេសមួយ ហើយថ្ងៃអនាគត នាងនឹងធ្វើឲ្យ A Dose of Cath ក្លាយជាមូលនិធិមួយ សម្រាប់ជួយស្រ្តីរងគ្រោះដោយសារការរំលោភសេពសន្ថវៈ ឬបៀតបៀនផ្លូវភេទ៕