ចំណូលគយ

ចំណូលគយឆ្នាំនេះ រំពឹងនឹងកើនលើសផែនការតិចតួច ខណៈ៩ខែឆ្នាំនេះ ប្រមូលបានជាង ២ពាន់លានដុល្លារ


នៅរយៈពេល ៩ខែ ក្នុងឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទទួលបានចំណូលពន្ធអាករសរុប ជាង២ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងជាង ៧៨ភាគរយ នៃផែនការកំណត់ដោយច្បាប់ថវិកា។ បើទោះបីជា ស្ថានភាពនៃការប្រមូលចំណូលគយ មានទំនោរថយចុះ ដោយសារតែមានការអនុវត្តដោះដូរពាណិជ្ជកម្មសេរី ដោយមិនជាប់ពន្ធគយក្ដី ប៉ុន្ដែ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅតែបង្ហាញក្ដីរំពឹងថា ការប្រមូលចំណូលគយនៅពេញ១ឆ្នាំ២០២២នេះ នឹងអាចកើនដល់គ្រប់ ឬលើសផែនការកំណត់បន្ដិចបន្ដួច។
ចំណូលគយឆ្នាំនេះ រំពឹងនឹងកើនលើសផែនការតិចតួច ខណៈ៩ខែឆ្នាំនេះ ប្រមូលបានជាង ២ពាន់លានដុល្លារ
ដោយ

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី ការបង្ហាញលទ្ធផលនៃការប្រមូលពន្ធលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ជ្រកក្រោមផ្លាកលេខផ្សេងៗ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានកត់សម្គាល់ឃើញថា នៅរយៈពេល ៩ខែ ក្នុងឆ្នាំ២០២២នេះ ការប្រមូលចំណូលពន្ធអាករ នៅតែមានភាពល្អប្រសើរ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ ជាក់ស្ដែង នៅរយៈពេល ៩ខែ ក្នុងឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា ទទួលបានចំណូលសរុបជាង ២ពាន់លានដុល្លារ ដែលស្មើនឹងជាង ៧៨% នៃផែនការកំណត់ដោយច្បាប់ថវិកា ខណៈប្រភពចំណូលសំខាន់គឺបានមកពីចំណូលពន្ធអាករ លើយានយន្តគ្រប់ប្រភេទ។

លើសពីនោះ ឯកឧត្តម គុណ ញឹម ក៏បានគូសបញ្ជាក់ផងដែរ អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា ជាមួយចិន និងកម្ពុជា-កូរ៉េខាងត្បូង ក៏ដូចជា ភាពជាដៃគូក្នុងតំបន់ RCEP ជាដើម ដែលសុទ្ធសឹងជួយសម្រួលដល់ការដោះដូរទំនិញរវាងកម្ពុជា និងបណ្ដាប្រទេសជាដៃគូ។ បើតាម ឯកឧត្តម គុណ ញឹម ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឬភាពជាដៃគូក្នុងតំបន់ RCEP ពិតជាធ្វើឲ្យការប្រមូលចំណូលគយមានការថយចុះ ព្រោះវាបានសម្រួលដល់ការដោះដូរទំនិញ ដោយមិនជាប់កាតព្វកិច្ចពន្ធ។

ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី កម្ពុជា នៅតែទទួលបានឱកាសនិងអត្ថប្រយោជន៍យ៉ាងច្រើនពីកិច្ចព្រមព្រៀងទាំងនេះ ដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានពន្យល់ថា ការអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មិនមែនសំដៅតែលើការធ្វើពាណិជ្ជកម្ម មួយមុខនោះទេ គឺផ្ដោតសំខាន់លើការវិនិយោគក្នុងវិស័យផ្សេង ពិសេសក្នុងវិស័យកសិកម្ម និងវិស័យឧស្សាហកម្ម ដែលសុទ្ធសឹងជាវិស័យសំខាន់ជំរុញនូវកំណើនសេដ្ឋកិច្ចជាតិ។

យ៉ាងណាក៏ដោយ អគ្គនាយកដ្ឋានគរ និងរដ្ឋាករកម្ពុជា នៅតែបង្ហាញក្ដីរំពឹងថា ការអនុវត្តន៍ផែនការចំណូល ក្នុងឆ្នាំ២០២២នេះ អាចនឹងគ្រប់ផែនការ ឬលើសផែនការបន្តិច ដោយលោកបានពន្យល់ថា ស្ថិតក្នុងកាលៈទេសៈលំបាកនៃការឆ្លងរាតត្បាតនូវជំងឺកូវីដ១៩ រយៈពេលជាង ២ឆ្នាំមកនេះ បានធ្វើឲ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលមិនគ្រប់តាមផែនការនោះទេ។ ជាក់ស្ដែង នៅឆ្នាំ២០២១ អគ្គនាយកដ្ឋានគយប្រមូលចំណូលសរុប ២,២៩៥លានដុល្លារ ស្មើនឹង ៨៧ភាគរយ នៃផែនការកំណត់ដោយច្បាប់ថវិកា និងបានថយចុះ៥% បើប្រៀបនឹងឆ្នាំ២០២០។

សូមបញ្ជាក់ថា បើតាមអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គិតត្រឹមថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ មានរថយន្តចង្កូតស្ដាំមានស្រាប់ក្នុងប្រទេសជិត ៦ពាន់គ្រឿងបានមកបំពេញកាតព្វកិច្ចពន្ធ និងអាករ ដែលទទួលបានចំណូលជិត ២០លានដុល្លារអាមេរិក ក្នុងចំនួនរថយន្តចង្កូតស្ដាំមានស្រាប់ក្នុងប្រទេស ប្រមាណ ១ម៉ឺនគ្រឿងដែលបានចុះបញ្ជី។ ខណៈថ្ងៃទី៨ ខែតុលា គឺជាថ្ងៃឱសាទវាទ ក្នុងការពន្យារពេលបង់ពន្ធអាករចំពោះរថយន្តចង្កូតស្តាំដែលមានស្រាប់នៅកម្ពុជា៕




អត្ថបទបន្ទាប់


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកគ្រូបង្រៀនជាក្បាលម៉ាស៊ីន នៃប្រព័ន្ធអប់រំ និងការអភិវឌ្ឍ

ព័ត៌មាន
កម្ពុជាបានប្រារព្ធពិធីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ក្រោមប្រធានបទ«គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិ» ក្នុងគោលបំណងជួយបំផុសស្មារតីរបស់សិស្ស…

តើវិស័យទេសចរណ៍កម្ពុជា អាចទាញយកឱកាសពីកិច្ចប្រជុំកំពូលអាស៊ាននៅខែក្រោយនេះ ដើម្បីស្ដារ និងជំរុញកំណើនដែរឬទេ?

ព័ត៌មាន
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ចាប់ពីថ្ងៃទី ១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ