ពិបាករកចម្លើយក៏ព្រោះតែពួគេមិនបានដឹងច្បាស់អំពីថា ចំណីអាហារដែលមានសុវត្ថិភាពនោះ គេត្រូវវាយតម្លៃឬក៏វាស់វែងដោយកត្តាអ្វីខ្លះ?
ក្តីបារម្ភកាលពីមុនត្រឹមតែមធ្យម តែពេលនេះកាន់តែងំដោយសារតែកម្ពុជាមិនអាចផលិតអាហារ ដូចជា បន្លែ ត្រីសាច់សម្រាប់ផ្គត់ផ្គង់ខ្លួនឯងបាន ដោយពឹងផ្អែកទៅលើការនាំចូលពីប្រទេសជិតខាង។
បើទោះជាមានការត្រួតពិនិត្យពីមន្ត្រីគយនៅតាមច្រកព្រំដែនក៏ពិតមែន ប៉ុន្តែ ជារឿយៗ ចំណីអាហារខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ រួមទាំងការប្រើប្រាស់សារធាតុគីមីហួសកម្រិត ត្រូវបានសមត្ថកិច្ចរកឃើញមានលក់នៅតាមទីផ្សារនានានៅទូទាំងប្រទេស។
សមត្ថកិច្ចជំនាញហាក់បង្ក្រាបឬក៏ប្រមូលមិនចេះអស់សោះ ដែលបញ្ហានេះបាននិងកំពុងតែធ្វើឲ្យកើតមានមន្ទិលក្នុងចំណោមពលរដ្ឋជាអ្នកប្រើប្រាស់ផលិតផលដែលមិនមានសុវត្ថិភាពទាំងនោះ។
ពលរដ្ឋកម្ពុជា ជាពិសេស អ្នកដែលរស់នៅតាមទីជនបទ ទទួលបានការអប់រំទាប មានកម្រិតជីវភាពទន់ខ្សោយ ត្រូវបានគេកត់សម្គាល់ឃើញថា មិនសូវគិតដល់ឡើយរឿងសុវត្ថិភាពចំណីអាហារ។ ពួកគេគិតត្រឹមតែយ៉ាងណាថាធ្វើម៉េចហូបឲ្យបានពេញក្រពះដើម្បីរស់និងមានកម្លាំងបន្តកិច្ចការប្រចាំថ្ងៃតែប៉ុណ្ណោះ។ បើដូច្នេះ អ្នកដែលរងគ្រោះខ្លាំងពីចំណីអាហារដែលគ្មានសុវត្ថិភាពប្រាកដជាក្រុមពលរដ្ឋក្រីក្រទាំងនោះ។
តាមវិទ្យុបារាំងអន្តរជាតិ ធ្លាប់បានរាយការណ៍ថា ចំណីអាហារគ្មានសុវត្ថិភាព អាចបង្កជាជំងឺរាករូសធ្ងន់ធ្ងរ ឬការបង្ករោគដែលនាំឱ្យរាងកាយនិងផ្លូវចិត្តចុះខ្សោយ ឬជំងឺរលាកស្រោមខួរក្បាល ផងក៏មាន។
ចំណែកសារធាតុគីមីនៅក្នុងចំណីអាហារ អាចបង្កជាអាការៈពុលធ្ងន់ធ្ងរ ឬជំងឺដែលនាំដល់មហារីក នាពេលអនាគត។ ជំងឺបង្កឡើងដោយចំណីអាហារ អាចនឹងធ្វើឱ្យមនុស្សពិការ អសមត្ថភាពយូរអង្វែង រួចធ្លាក់ខ្លួនស្លាប់ក៏មាន។ ចំណីអាហារដែលជាសាច់សត្វឆៅ បន្លែផ្លែឈើមិនស្អាត មានមេរោគព្រោះស្រោចលាមក ព្រមទាំងគ្រឿងសមុទ្ទឆៅ នេសាទមកពីទឹកមិនស្អាត សុទ្ធសឹងជាអាហារដែលគ្មានសុវត្ថិភាពសម្រាប់បរិភោគ។
តើត្រូវធ្វើយ៉ាងណាទើបឲ្យពលរដ្ឋកម្ពុជាយើងអាចទទួលបានចំណីអាហារដែលមានសុវត្ថិភាពទទួលទាន?
ជាចម្លើយនោះ គឺគ្មានអ្វីក្រៅពីវិធានការផ្សព្វផ្សាយ អប់រំពន្យល់និងបញ្ជ្រាបចំណេះដឹងជាមូលដ្ឋានអំពីសុវត្ថិភាពចំណីអាហារចាប់ពីការដាំដុះរហូតដល់ក្នុងចានទទួលទាន។
មន្ត្រីជំនាញរួមទាំងអាជ្ញាធរមានសមត្ថកិច្ចត្រូវតែចុះពន្យល់ដល់មូលដ្ឋាន សហគមន៍ សាលារៀនអំពីសុវត្ថិភាពចំណីអាហារឲ្យពលរដ្ឋ ជាពិសេសសិស្សានុសិស្សបានដឹងនិងចូលរួមទប់ស្កាត់បញ្ហា។
វិធានការច្បាប់ ជាពិសេស រឹតបន្តឹងការនាំចូលត្រូវតែជាចំណាត់ការដ៏ចាំបាច់និងត្រូវធ្វើជាប់ជាប្រចាំ។ បើចាំតែត្រួតពិនិត្យនិងដកហូតពីអ្នកលក់នៅតាមទីផ្សារនោះ ប្រាកដជាមិនខុសពីអង្គុយចាំបក់ផ្សែងនៅពេលដែលយើងមិនព្រមពន្លត់ភ្លើងនោះឡើយ។
វិធានការដែលមិនគួរមើលរំលងមួយទៀតនោះ គឺបំផុសស្មារតីឲ្យពលរដ្ឋដាំដំណាំ ចិញ្ចឹមសត្វ ត្រី ជាដើម ដើម្បីបម្រើដល់ជីវភាពប្រចាំថ្ងៃនិងលើកទឹកចិត្តឲ្យមានការវិនិយោគ កសិដ្ឋានធំៗ ទាំងបន្លែ ត្រី សាច់សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ឈានទៅកាត់បន្ថយឬក៏ទៅលុបបំបាត់ការនាំចូលបន្លែ ត្រីសាច់ រួមទាំងអាហារដែលពុំមានសុវត្ថិភាពសម្រាប់ពលរដ្ឋ៕