យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចលើកលែងទណ្ឌកម្មរដ្ឋបាលលើពន្ធបន្ថែម និងការប្រាក់ចំពោះពន្ធលើអចលទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់រហូតដល់បំណាច់ឆ្នាំ២០២៣។ បើតាមអគ្គនាយកដ្ឋានពន្ធដារ ការលើកលែងនេះ គឺដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងជំរុញការចុះបញ្ជីពន្ធទាំងពីរប្រភេទនេះឱ្យអស់សក្តានុពល។
ជាមួយគ្នានេះអគ្គនាយកដ្ឋានពន្ធដារ ស្នើឲ្យម្ចាស់អចលនទ្រព្យ ដែលមិនទាន់បានចុះបញ្ជី និងប្រកាសបង់ពន្ធ ឬបង់ពន្ធខ្វះ ឬបង់ពន្ធយឺតរួសរាន់មកចុះបញ្ជី និងប្រកាសបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ឱ្យបានរួចរាល់ក្នុងឆ្នាំ២០២៣។ ដោយឡែកចាប់ពីឆ្នាំ២០២៤ តទៅ ក្នុងករណីម្ចាស់អចលនទ្រព្យមិនបានបំពេញកាតព្វកិច្ចពន្ធទាំងពីរនេះ តាមកាលបរិច្ឆេទ នៃការលើកលែងទណ្ឌកម្មរដ្ឋបាលខាងលើ នឹងត្រូវអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ យ៉ាងណាក៏ដោយ ការលើកលែងនេះ ពុំមានអានុភាពប្រតិសកម្មចំពោះទណ្ឌកម្មរដ្ឋបាល ដែលបានបង់ពន្ធរួចនោះទេ។
សូមបញ្ជាក់ថា ថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារក៏បានសម្រេចពន្យារពេលបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ផងដែរ ក្រោយពីអគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យជាច្រើនបានមកប្រកាសបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ តែក៏នៅមានម្ចាស់អចលនទ្រព្យមួយចំនួនទៀតផងដែរ ដែលមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធលើអចលនទ្រព្យរបស់ខ្លួន។
គួរបញ្ជាក់ថា ដើម្បីជួយសម្រួលដល់អ្នកជាប់ពន្ធទាំងអស់ អគ្គនាយកដ្ឋានពន្ធដារបានសម្រេចពន្យារពេលបង់ពន្ធចំនួន៣១ថ្ងៃបន្ថែម ពោលគឺរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ខណៈការបង់ពន្ធអចលនទ្រព្យប្រភេទនេះត្រូវផុតកំណត់ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ ទន្ទឹមនឹងការពន្យារពេលនេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានព្រមានចាត់វិធានការពិន័យរដ្ឋបាល និងច្បាប់ចំពោះម្ចាស់អចលនទ្រព្យ ដែលមកបង់ពន្ធក្រោយរយៈពេលកំណត់ផងដែរ៕