ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ (Reuters) បានរាយការណ៍កាលពីថ្ងៃទី២៩ ខែតុលា ថា ក្រសួងការពារជាតិចិនលោក តុង ជុន (Dong Jun) បានរិះគន់ខ្លាំងៗថា មានអ្នកនយោបាយហ្វីលីពីនអាត្មានិយមម្នាក់បានបង្កើតឧបសគ្គរារាំងមិនឱ្យចិនចូលរួមពេញមុខពេញមាត់ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី២០ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។ ទោះជាយ៉ាងណា ភាគីចិនមិនបានបញ្ចេញឈ្មោះអ្នកនយោបាយរូបនោះឡើយ។ លោក ហ្សាង សៀវកាង (Zhang Xiaogang) អ្នកនាំពាក្យក្រសួងការពារជាតិចិនបានចោទប្រកាន់ចំៗថា សកម្មភាពរារាំងនេះ គឺជាការរំលោភលើបទដ្ឋានការទូតយ៉ាងធ្ងន់ធ្ងរ បំផ្លាញស្មារតីនៃកិច្ចប្រជុំដែលបើកចំហ និងប៉ះពាល់ដល់សិទ្ធិរបស់ចិនក្នុងនាមជាដៃគូសន្ទនាដ៏ធំមួយនៅក្នុងតំបន់។
ភ្លាមៗនោះ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីនលោក ហ្គីលប៊ើតូ ថេអូដូរ៉ូ (Gilberto Teodoro) ដែលជាប្រធាននៃកិច្ចប្រជុំបានឆ្លើយតបថា ភាគីចិនបានទទួលឱកាសពេញលេញក្នុងការបង្ហាញទស្សនៈរួចរាល់ហើយ ហើយក៏គ្មានសមាជិកអាស៊ានណាមួយផ្សេងទៀត មានបញ្ហា ឬរអ៊ូរទាំដូចចិននោះដែរ។
ការប្រទូសរ៉ាយពាក្យសម្តីគ្នានេះ បានធ្វើឱ្យកម្តៅជម្លោះនៅសមុទ្រចិនខាងត្បូងកើនឡើងជាថ្មី បើទោះបីជាកិច្ចប្រជុំអាស៊ានលើកទី២០ ក្រោមប្រធានបទ«ការរៀបចំអនាគតរបស់យើងជាមួយគ្នា» នេះ ព្យាយាមជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង និងស្វែងរកចំណុចរួមគ្នាក៏ដោយ។
ជាលទ្ធផលកិច្ចប្រជុំនេះបានសម្រេចសមិទ្ធផលធំៗចំនួន៤រួមមានអនុម័តគំនិតផ្ដើមថ្មីៗចំនួន៤ដើម្បីពង្រឹងសន្តិសុខតំបន់ឲ្យកាន់តែរឹងមាំ, ចេញសេចក្តីថ្លែងការណ៍រួម និងប្រារព្ធខួបទី៥០ នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC), ពង្រឹងសម្ព័ន្ធភាពជាមួយមហាអំណាចខាងក្រៅដូចជាសហរដ្ឋអាមេរិក និងជប៉ុន និងពង្រឹងសាមគ្គីភាពអាស៊ាន ដោយឈរលើមូលដ្ឋាន នៃការគោរពច្បាប់អន្តរជាតិជាធំ៕