ផ្កា​រំដួល

តើ​អ្នក​យល់​ដឹង​អ្វី​ខ្លះ​ពី​«រំដួល»​ដែល​ជា​ផ្កា​តំណាង​ជាតិ​ខ្មែរ?


ក្នុងការ​ប្រើពាក្យឌឺដង ពេបជ្រាយ លែបខាយ ក្នុងន័យធៀបលើអំណាននិង​សំណេរ ក្នុង​សង្គមខ្មែរបច្ចុប្បន្ន ពាក្យ«រំដួល» ហាក់​កំពុង​ពេញ​និយម​យ៉ាង​សម្បើម ពិសេស នៅលើបណ្តាញសង្គមមួយចំនួន។
រំដួល
ដោយ

ក្រុមអ្នកផឹកស៊ី គេ​តែងជំរុញគ្នា​ថា...... អា រំដួល​ បើមកមិនផឹក មកធើអីហ្អា ...? , ឯក្រុម​អ្នក​រិះគន់​​សង្គម​វិញ​​គេ​​នាំ​គ្នា ឌឺ​ដង​ឲ្យអាជ្ញាធរ​ថា ស្រុករំដួល ......​​វាយ៉ាងនេះ​ឬ​​យ៉ាង​នោះ ​ឬ​ក៏ថា... ទៅខ្វល់អី​ស្រុក​រំដួលទៅហើយ ...ជាអាទិ៍។ ការ​​និយម​លេងសើច​បែបនេះ​ ក៏រង​ការអង្វ​រកពី​អ្នក​ជាតិនិយម​លើ​បណ្តាះសង្គម​ដែរ ថា ជា​អ្នក​ប្រមាថ មកលើជាតិសាសន៍ខ្លួន​ដោយមិនដឹងខ្លួន ។ល។ និង។ល។

ប៉ុន្តែ​ រឿង​ដែល​មិនគួររំលង ត្រង់ថា ផ្ការំដួល ត្រូវ​កំណត់​ដោយអនុក្រឹត្យ ជា ផ្កា តំណាង​ឲ្យជាតិ​។ សួរថា តើយុវជន​ និង​មនុស្សខ្មែរ​វ័យកណ្តាល​​ទាំងអស់គ្នា​ បានស្គាល់​អំបូរផ្កាតំណាងឲ្យជាតិនេះដែរទេ? ​ ​ពិតជា នៅមាន​អ្នកមិនទាន់​ស្គាល់ច្រើននោះឡើយ ?​ មូលហេតុ ​មកពី​សកម្មភាពសង្គម​ មិនសូវ​ឲ្យតម្លៃ​លើ​ផ្កានេះ ណាមួយ​វាជា​ផ្កា​កម្រផង ខុសពីផ្កា ម្លិះ ផ្កាចម្ប៉ា ផ្កាឈូក និង​ផ្កា ​ដែលប្រើប្រាស់ ក្នុងពិធីសក្ការៈ​ផ្សេងៗទៀត។

កម្ពុជា​បាន​កំណត់​យក​រំដួល​ធ្វើ​ជា​ផ្កា​តំណាង​អត្តសញ្ញាណ​របស់​ជាតិ តាមព្រះរាជក្រឹត្យចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។ (Photo: http://sereisophia.blogspot.com)

សម្រាប់​ អ្នក​ចង់​ស្គាល់ផ្ការំដួល គេអាច​រកមើល​នៅតាមសួន​ច្បារ​ធំៗ នៅក្នុងប្រទេស បើ​ឲ្យងាយរកគឺ​នៅតាមសួន ក្នុងព្រះ​បរមរាជវាំង នៅរាជធានីភ្នំពេញ។​ ដើម្បី​ជា​ការ​ឲ្យតម្លៃ ​ដល់ផ្កា​ដែលមានក្លិនក្រអូបនេះ ខ្មែរគ្រប់រូប ចូរចងចាំនិងធ្វើខ្លួនឱ្យមានក្លិនក្រអូប និងស្រស់ស្អាត សក្តិសម ជាម្ចាស់​នៃផ្កាដែលតំណាងឱ្យជាតិ​ និង​ចូលរួម​អភិរក្ស​ទាំងអស់គ្នា​។

ខាងក្រោមនេះ ជាលក្ខណៈ​សម្គាល់ ​និង​គុណប្រយោជន៍របស់ផ្ការំដួល៖

លក្ខណៈសម្បត្តិផ្ការំដួល៖

ផ្ការំដួល  មានដុះនៅតាមសួនច្បារ ក្នុងក្រុងធំមួយចំនួន នៅក្នុងប្រទេសកម្ពុជា។ កម្ពុជា ​បានកំណត់​យក​រំដួល​ធ្វើជា​ផ្កា​តំណាង​អត្តសញ្ញាណ​របស់​ជាតិ​ តាម​ព្រះរាជ​ក្រឹត្យ​​ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០០៥​។ ការ​សម្រេចយក​រំដួល​ជា​ផ្កា​និមិត្តរូប​របស់ជាតិ​នេះ ក៏​ដោយសារតែ​ផ្ការំដួល​មាន​ក្លិន​ក្រអូប​ឈ្ងុយ​​ឈ្ងប់ គួរ​ជាទី​ទាក់ទាញ និង​ផ្តល់នូវ​អត្ថប្រយោជន៍​ច្រើន ​នៅក្នុង​សង្គម​ខ្មែរ​។ អាស្រ័យគុណប្រយោជន៍ទាំងនេះ ទើប​ក្រសួង​កសិកម្ម​កំណត់​យក​ផ្កា ​រំដួល ធ្វើជាតំណាងឱ្យវិស័យកសិកម្ម ផងដែរ។

លក្ខណៈ​រូប៖

ចំណាត់ថ្នាក់​ជីវសាស្ត្រ​របស់​រំដួល ​គឺ​ស្ថិតក្នុង​លំដាប់ Magnoliales អំបូរ Annonaceae ពពួក Mitrella និង​ឋិត​ក្នុង​ប្រភេទ M.mesnyi​។​ ​រំដួល ​គឺជា​រុក្ខជាតិ​ ដែល​ឃើញ​មាន​ដុះ​លូតលាស់​ដោយ​ធម្មជាតិ​ស្ទើរ​គ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស​កម្ពុជា។ ផ្ការំដួល» មានពណ៌លឿង ស ក្រ​ហម មាន​ក្លិន​សាយឆ្ងាយ ដែលចាស់បុរាណ ​តែង​ប្រៀបទៅ​នឹងក្លិនស្រីក្រមុំ។ ផ្ការំដួល ដុះចេញពីខ្នែងមែក មានពីរស្រទាប់ និង ៦ ត្របក រៀបគ្នា​ជា​ពីរ​ស្រទាប់ មានបីត្របក មានក្លិនក្រអូបឈ្ងុយឈ្ងប់ រីកនៅពេលល្ងាច និងសាយក្លិនក្រអូបតាម​ខ្យល់​បានឆ្ងាយ។

ផ្ការំដួល មានដើមឈរ បែកមែកសាខា មានកម្ពស់ពី ៣ ទៅ ១៥ម៉ែត្រ។ សំបកដើមពណ៌ត្នោត រលោងរាបស្មើ តែមែកគ្រើមៗ មានស្លឹកទោលរៀង រលោង ស្រួចចុង និងពណ៌បៃតងចាស់។ ស្លឹកផ្នែកខាងក្រោម មានពណ៌បៃតងខ្ចី ចេញផ្កា តាមខ្នែងស្លឹកនិងតាមចុង មែក មាន​ពណ៌​លឿង​ក្លិន​ក្រអូប។ រំដួល ចាប់ផ្តើមផ្កាពីខែធ្នូដល់​ខែមីនា ផ្លែមានពណ៌បៃតងខ្ចី មូលតូចរលោង មានគ្រាប់ ១ ឬ២គ្រាប់ ផ្លែ​ជាកញ្ចុំ ពេលទុំមានពណ៌ខ្មៅ មាន​រស​ជាតិជូរអែម។

គុណប្រយោជន៍​របស់​ផ្ការំដួល៖

ខ្មែរ​​ពី​បុរាណ ​បាន​និយម​ប្រើប្រាស់ ផ្ការំដួល ធ្វើជា​​គ្រឿងផ្សំ​ផលិត​ ជា​ក្រមួន​លាប​មាត់​របស់​នារី​ ព្រោះ​តែក្លិនរបស់​វា​ក្រអូប​ឈ្ងុយ ខុសប្លែក​ពី​ផ្កា​ដទៃ​។ ទន្ទឹម​នោះ រំដួលមានគុណ​ប្រយោជន៍​ខាង​ឱសថ​ ​ក្នុងការ​កែរោគ ​ដូចជា សំ​បក​អាច​ឆ្នៃ​ធ្វើជា​ឱសថ​សម្រាប់​ព្យាបាល​អាកា​រៈ​ក្តៅខ្លួន ផ្កា​អាច​យកទៅ​ធ្វើជា​ថ្នាំ​បំបាត់​អាកា​រៈ​វិលមុខ ខ្យល់គរ ជា​ឱសថ​ជំនួយ​បេះដូង ជំនួយ​ឈាម​។ កេសរ​របស់​រំដួល​ អាច​ផ្សំ​ជា​ឱសថ​ជំនួយ​កម្លាំង ជំនួយ​ឈាម និង​ជួយ​បំបាត់​អាកា​រៈ​វិលមុខ និង​ខ្យល់គរ។

ភាពខុសគ្នារវាងរំដួល និងផ្កាក្រវ៉ាន់

១- ផ្ការំដួល មានដើមធំៗត្រឈឹងត្រឈៃ ស្លឹកស្តើងតូចៗគ្មានរោមទេ ចំណែក ផ្កាតូចៗ ត្របកស្តើងៗ មានក្លិនក្រអូបឈួល ច្រើនរីកចោលក្លិន នៅពេលព្រលប់។ ពេលផ្ការីក គឺរីកតែត្របកក្រៅ ចំណែកត្របកខាងក្នុង មានកម្រាស់ក្រាស់ ហើយនៅអោបក្រសោបជាប់គ្នាជានិច្ច មិន​អាច​មើល​ឃើញបណ្ដូល​ទេ។ វាជារុក្ខជាតិ ដែល​ប្រជាជន​ខ្មែរ​យើង​និយម ​យកមក​ដាំ​លម្អ​​នៅតាម​គេហដ្ឋាន និង​សួន​សាធារណៈ​។

២- ផ្កាក្រវាន់ មានដើមទាបៗ ដុះជាគុម្ពោត ច្រើនដុះក្បែរមាត់ទឹក បឹងបួរ អូរ ស្ទឹង ឬជ្រោះ មានស្លឹកធំក្រាស់ៗ មានរោមក្រហមក្រមៅ។ ចំណែក​ផ្កា​វិញ មាន​ត្របក​ក្រាស់ ពេលរីក គឺត្របករបើកឡើងទាំងពីរជាន់ អាចឲ្យយើងមើលឃើញបណ្តូល ក្នុងយ៉ាងងាយ។ ចំណែកក្លិនវិញ មាន​លក្ខណៈ​ក្រអូប​ប្រហើរស្រាលៗ មិន​ឈួល​ខ្លាំង​ពេកទេ ហើយច្រើនរីកនៅពេលព្រឹក ចូលក្លិនក្រអូប ពេញមួយថ្ងៃ។

សូរនៃពាក្យ រំដួល

ពីបុរាណមក ​ខ្មែរ​យើងតែងប្រៀប​ប្រដូច​ ស្រី​ក្រមុំ​ ទៅនឹង​ផ្ការំដួល ក៏​ព្រោះតែ​ផ្ការំដួល​ មាន​សម្រស់ស្អាត​និង​មាន​ក្លិនពិដោរ​ក្រអូប​ឈ្ងុយ​ឈ្ងប់ គួរ​ជាទីទាក់ទាញ​ពីសាធារណៈជន​ទូទៅ​។ ក្រៅពី​ប្រដូច​ផ្ការំដួល​ទៅនឹង​នារី​ខ្មែរ​ តាមរយៈ​ក្លិនក្រអូប​នោះ ផ្ការំដួល ​ក៏ត្រូវ​ក្រុមអ្នក​កវីនិពន្ធ​ខ្មែរ លើក​យក​​ទៅធ្វើ​អត្ថាធិប្បាយ​រៀបរាប់​ពី​រូបសម្រស់​ តួអង្គ​ដែលល្អគន់ ធៀប​និង​សម្រស់​ផ្ការំដួល​ នៅក្នុងអត្ថន័យ​នៃ​បទ​ចម្រៀង កំណាព្យ និងប្រលោម​លោក​ ​ផងដែរ​។

ក្នុង​វិស័យ​កសិកម្ម​ ពូជស្រូវផ្ការំដួល ​គឺជាពូជស្រូវក្រអូប ដែលមានអង្ករវែងរលូន បាយទន់មានរសជាតិក្រអូបឆ្ងាញ់ និង​ចាត់​ទុក​ជាប្រភេទ ស្រូវ​ក្រអូប​លេខ១ សម្រាប់បម្រើ​ការ​នាំចេញផង។ ពូជស្រូវនេះ ត្រូវបានផ្សព្វផ្សាយ ជំរុញឲ្យកសិករខ្មែរប្រើប្រាស់ ដោយវិទ្យាស្ថានស្រាវជ្រាវ​និង​អភិវឌ្ឍកសិកម្មកម្ពុជា របស់ក្រសួងកសិកម្ម តាំងតែ​ឆ្នាំ ១៩៩៩ ។ បច្ចុប្បន្ន ពូជផ្ការំដួលបាននិងកំពុងពេញនិយមក្នុងចំណោមប្រជាកសិករ នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជានិង​មានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ ៕




អត្ថបទបន្ទាប់


ម្ចាស់​បំណុល​ធំ​ជាង​គេ​របស់​ខ្មែរ​ជា​នរណា?

កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​តតីយ​លោក​គឺ​ជា​ក្រុម​ប្រទេស​អ្នក​ក្រីក្រ និង​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ។

ឧកញ៉ា សៀ ឫទ្ធី ប្រាប់​ពី​គន្លឹះ​៣​យ៉ាង​​ដើម្បី​ជោគជ័យ​ក្នុង​មុខ​ជំនួញ

ធម្មតា ធ្វើ​ជំនួញ អ្នក​ណាៗ​ក៏​ប្រាថ្នា​ជោគ​ជ័យ​ដែរ ប៉ុន្តែ មិន​មែន​គ្រប់​គ្នា​ដែល​ធ្វើ​មុខ​ជំនួញ​សុទ្ធ​តែ​បាន​សម​ប្រកប​តាម​ក្ដី​ប្រាថ្នា​ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ