កត្តាសំខាន់ៗមួយចំនួន ដែលធ្វើឲ្យស៊ុយអែតជាប់ជាប្រទេសល្អជាងគេបំផុត រួមមាន រដ្ឋាភិបាលបម្រើផលប្រយោជន៍ពលរដ្ឋរបស់ខ្លួនបានល្អ ហើយប្រទេសនេះមិនបង្កផលប៉ះពាល់ដល់ប្រទេសដទៃ និងបរិស្ថាន។
នៅក្នុងការស្ទង់មតិមួយ ដែលគេឲ្យឈ្មោះថា សន្ទស្សន៍ប្រទេសល្អ គេបានពិនិត្យទៅលើសូចនាករ ៣៥ចំណុចដាច់ដោយឡែកពីគ្នាពីប្រភពនានា ដូចជា អង្គការសហប្រជាជាតិ និងធនាគារពិភពលោក ដើម្បីជ្រើសរើសនិងដាក់ពិន្ទុលើប្រទេសទាំងជាង ១៦០ប្រទេសនេះ។
ស៊ុយអែត ជាប្រទេសដែលមានពិន្ទុខ្ពស់ជាងគេបំផុត ដោយសារការផ្ដល់ជីវភាពល្អប្រសើរដល់ប្រជាជនរបស់ខ្លួន ដូចជា ភាពរីកចម្រើន សមភាព សុខភាព និងសុខុមាលភាព។ និយាយរួមទៅ រដ្ឋាភិបាលប្រទេសស៊ុយអែត គិតគូរដល់ផលប្រយោជន៍ពលរដ្ឋរបស់ខ្លួនបានល្អប្រសើរបំផុត។
បើគិតតាមចំនួនប្រជាជន ស៊ុយអែតជាប្រទេសតូចមួយ មានប្រជាជនសរុបតែជាង ៩លាន ៨សែននាក់ (ឆ្នាំ២០១៦) ប៉ុន្តែ ចំណូលមធ្យមប្រចាំឆ្នាំរបស់ពលរដ្ឋម្នាក់ៗ គឺប្រមាណជាង ៥ម៉ឺនដុល្លារ។
នៅក្នុងរបាយការណ៍ស្ទង់មតិដដែល ស៊ុយអែតថ្វីត្បិតជាប្រទេសតូច ប៉ុន្តែ បានធ្វើល្អបានច្រើនជាងប្រទេសដទៃ និងបង្កផលប៉ះពាល់ដល់ប្រទេសដទៃ និងបរិស្ថានតិចជាងប្រទេសដទៃ។
របាយការណ៍ ដែលវាស់វែងការរួមវិភាគទានរបស់ប្រទេសមួយចំពោះភពផែនដី និងមនុស្សជាតិ ដោយធៀបនឹងទំហំរបស់ប្រទេសនោះ គឺជាគំនិតរបស់ទីប្រឹក្សាផ្នែកគោលនយោបាយមួយរូប គឺលោក Simon Anholt។ លោក Simon មានគោលបំណងរិះរកវិធីដើម្បីលើកទឹកចិត្តដល់ប្រទេសនានាឲ្យធ្វើសហប្រតិបត្តិការជាមួយគ្នាឲ្យបានកាន់តែច្រើន និងកាត់បន្ថយការប្រកួតប្រជែងគ្នា។
លោកឲ្យនិយមន័យប្រទេសល្អថា ជាប្រទេសមួយដែលជោគជ័យក្នុងការរួមចំណែកដល់គុណប្រយោជន៍របស់មនុស្សជាតិ។ ជាការពិត ប្រទេសល្អ គឺត្រូវបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋខ្លួន ប៉ុន្តែ ក៏មិនត្រូវធ្វើឲ្យអន្តរាយដល់ប្រជាជនប្រទេសដទៃ ឬធនធានធម្មជាតិឡើយ។ នេះជាក្រឹត្យក្រមថ្មីនៃការរស់រានរបស់មនុស្ស។
ប្រទេសដែលនៅបាតតារាងគេ ក្នុងចំណោមជាង ១៦០ប្រទេសនេះ គឺប្រទេសលីប៊ី៕