បើតាមផែនការដើមរបស់ក្រុមហ៊ុន Vinfast ការបោះផ្សាយលក់ភាគហ៊ុនរបស់ក្រុមហ៊ុននេះ នៅលើទីផ្សារភាគហ៊ុនអាមេរិកនឹងត្រូវធ្វើឡើងនៅក្នុងត្រីមាសទី៤នៅឆ្នាំ២០២២។ ប៉ុន្ដែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Vinfast គឺ លោក ផាម ញ៉ាត់ វង់ (pham Nhat Vuong) បានបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពទីផ្សារមានភាពមិនច្បាស់លាស់ជាច្រើនកំពុងកើតមានឡើង ដូច្នេះ ប្រសិនបើមានការចាំបាច់ក្រុមហ៊ុនអាចនឹងពន្យារពេលបោះផ្សាយលក់មូលបត្ររបស់ខ្លួនរហូតដល់ឆ្នាំក្រោយវិញ។
លោកបន្ថែមថា ការបោះផ្សាយលក់មូលបត្រ មិនមែនសម្រាប់តែការកៀរគរប្រមូលដើមទុនប៉ុណ្ណោះ ប៉ុន្ដែ វាក៏ជាការផ្សព្វផ្សាយទីផ្សារ និងលើកកម្ពស់កេរ្ដិ៍ឈ្មោះរបស់ក្រុមហ៊ុនលំដាប់អន្តរជាតិផងដែរ។
យ៉ាងណាក៏ដោយចុះ លោក ផាម ញ៉ាត់ វង់ បានបញ្ជាក់ដែរថា ក្រុមហ៊ុនមានការចំណាយជាចម្បងទៅលើក្រុមហ៊ុន Vinfast ហើយធ្វើយ៉ាងណាជួយឲ្យក្រុមហ៊ុននេះ អាចឈានទៅសម្រេចបានការលក់រថយន្ដទៅតាមផែនការ។
ក្រុមហ៊ុន Vinfast ដែលមានមូលដ្ឋានចុះបញ្ជីនៅក្នុងប្រទេសសិង្ហបុរី បានបំពេញសំណុំបែបបទរួចហើយ សម្រាប់ការបោះផ្សាយលក់មូលបត្ររបស់ខ្លួននៅនិយ័តករមូលបត្រសហរដ្ឋអាមេរិក ដោយក្រុមហ៊ុនត្រៀមយកដើមទុនប្រហែល ៤ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រផលិតរថយន្ដអគ្គិសនីនៅក្នុងទឹកដីសហរដ្ឋអាមេរិក។
លោក ផាម ញ៉ាត់ វង់បានគូសបញ្ជាក់ដែរថា ពេលនេះក្រុមហ៊ុន Vinfast កំពុងប្រឈមនឹងឧបសគ្គក្នុងការទទួលបានគ្រឿងបង្គុំពីប្រទេសចិនសម្រាប់ការផលិតរថយន្ដរបស់ខ្លួន ដោយសារតែរោងចក្រផលិតបន្ទះឈីបនៅទីក្រុងសៀងហៃបានបិទទ្វារ ដែលធ្វើឲ្យមានការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់។
តាមមហិច្ឆតារបស់ក្រុមហ៊ុនវៀតណាម Vinfast ក្រុមហ៊ុននេះ មានគោលដៅនឹងលក់រថយន្ដឲ្យបាន៧៥ម៉ឺនគ្រឿងនៅឆ្នាំ២០២៦ ហើយក្នុងនោះមានរថយន្ដ ១៥ម៉ឺនគ្រឿង នឹងត្រូវផលិតឡើងនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាខាងជើង និង៦០ម៉ឺនគ្រឿងទៀតផលិតនៅរោងចក្រក្នុងប្រទេសវៀតណាម៕