ចំណូលគយ​ឆ្នាំ២០២១

មេគយកម្ពុជាថា ការប្រមូលចំណូលគយទំនងមិនបានគ្រប់ផែនការនៅឆ្នាំ២០២១នោះទេ


ថ្នាក់ដឹកនាំជាន់ខ្ពស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានអះអាងថា ការប្រមូលចំណូលនៅពេញមួយឆ្នាំ២០២១នេះ ទំនងជាមិនគ្រប់តាមផែនការកំណត់ដោយច្បាប់នោះទេ ខណៈដែល នៅ១១ខែដំបូងឆ្នាំ២០២១នេះ ចំណូលដែលប្រមូលបានដោយ គយ និង រដ្ឋាករ មានប្រមាណ ២ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ឬស្មើនឹង៩៧%នៃផែនការកំណត់ដោយច្បាប់។ តើមានហេតុផលអ្វីខ្លះ ដែលជាឧបសគ្គធំក្នុងការប្រមូលថវិកាជាតិរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា?
លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ប្រទេស​កម្ពុជា។ រូបភាព៖ ហេង ភារម្យ
ដោយ

ថ្លែងនាឱកាសសន្និសីទសារព័ត៌មានតាមប្រព័ន្ធអនឡាញ ស្ដីពី «វឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធលើយានយន្តគ្មានពន្ធ និងអាករនាំចូលដែលមានស្រាប់ក្នុងប្រទេស» នៅថ្ងៃទី១៥ ខែធ្នូ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានគូសបញ្ជាក់ថា តាមច្បាប់ហិរញ្ញវត្ថុ អគ្គនាយកដ្ឋានគយត្រូវប្រមូលថវិកាជាតិឱ្យលើសអគ្គនាយកដ្ឋានពន្ធដារ។ ក៏ប៉ុន្តែ ជាក់ស្ដែង ឆ្នាំ២០២១នេះ ការប្រមូលពន្ធដោយអគ្គនាយកដ្ឋានគយ ហាក់មិនទាន់សម្រេចតាមផែនការដែលបានកំណត់នោះទេ ខណៈការប្រមូលចំណូលពន្ធដាររបស់អគ្គនាយកដ្ឋានពន្ធដារឯណោះវិញសម្រេចបានលើសផែនការរហូត១៤%ទៅហើយ នៅ១១ខែឆ្នាំ២០២១នេះ។

ទាក់ទិនបញ្ហានេះ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយ បានគូសបញ្ជាក់ថា វិបត្តិកូវីដ-១៩ នៅតែជាបញ្ហាចម្បង ដែលរាំងស្ទះផែនការប្រមូលថវិកាជាតិ គួបផ្សំ ការអនុគ្រោះ និងការពន្យារពេលដល់រថយន្តគ្មានពន្ធ កន្លងមក។ ឯកឧត្តម គុណ ញឹម បញ្ជាក់អះអាងថា គិតត្រឹមថ្ងៃទី១៤ ខែធ្នូ អគ្គនាយកដ្ឋានគយប្រមូលចំណូលបានប្រមាណ ២៧លានដុល្លារ ពីរថយន្តអត់ពន្ធចំនួន ២ពាន់៦រយគ្រឿង ស្មើនឹង១ភាគ៣ ដែលម្ចាស់បានចូលមកបង់ពន្ធនិងប្រកាសពន្ធ ខណៈតាមការប៉ាន់ប្រមាណរបស់អគ្គនាយកដ្ឋានគយ រថយន្តគ្មានពន្ធដែលមានក្នុងប្រទេសបច្ចុប្បន្នប្រមាណ ១ម៉ឺនគ្រឿង ឯណោះ។

ដ្បិត ការប្រមូលចំណូលពន្ធគយមិនទាន់ឆ្លើយតបនឹងផែនការគ្រោងទុក ប៉ុន្ដែ ឯកឧត្តម គុណ ញឹម នៅតែមានសុទិដ្ឋនិយម ដោយលោកមើលឃើញថា រយៈពេលចុងក្រោយ ការបង់ពន្ធលើរថយន្តគ្មានពន្ធមានក្នុងស្រុកស្រាប់កាន់តែមានសន្ទុះជាងមុន ពិសេសកាន់តែខិតជិតដល់ថ្ងៃឱសានវាទនៃការអនុគ្រោះពន្ធ១០% ត្រឹមថ្ងៃទី៣១ ខែធ្នូ ខាងនេះ។

ជុំវិញនឹងការប្រមូលចំណូលពន្ធនេះដែរ លោកបណ្ឌិត គី សិរីវឌ្ឍ អ្នកវិភាគសេដ្ឋកិច្ច បានគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ន ហាក់មានសន្ទុះឡើងវិញជាបណ្ដើរៗ ក្រោយកម្ពុជាអនុញ្ញាតឱ្យបើកប្រទេសឡើងវិញ ដោយលោកយល់ថា បើទោះបី លំហូរនៃហិរញ្ញវត្ថុខាងក្រៅនៅមានកម្រិត តែចរន្តសេដ្ឋកិច្ចខាងក្នុងជាចលករមួយដែលជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ទោះយ៉ាងណា លោកគូសបញ្ជាក់ថា ការប្រមូលចំណូលពន្ធដារ និងពន្ធគយ ពិតជាមានសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិដូចគ្នា ពិសេសខណៈដែលកម្ពុជា កំពុងស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩នេះតែម្ដង។

សូមបញ្ជាក់ថា រយៈពេល១១ខែ ក្នុងឆ្នាំ២០២១ កម្ពុជា ទទួលបានចំណូលជាតិសរុបជាង ៤ពាន់លានដុល្លារ ពីការប្រមូលពន្ធដារនិងពន្ធគយ។ ក្នុងនោះ ចំណូលពីការប្រមូលចំណូលពន្ធដារ មានប្រមាណ ២ពាន់៥រយលានដុល្លារ ខណៈចំណូលពីការប្រមូលពន្ធគយ មានប្រមាណ២ពាន់លានដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប្រេងពិភពលោកបន្ដកើនឡើង ខណៈតម្រូវការប្រេងឥន្ធនៈនៅអាមេរិកហក់ឡើងខ្លាំង

ព័ត៌មាន
តម្លៃប្រេងនៅលើទីផ្សារពិភពលោកនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ នៅតែបន្ដកើនឡើង នៅពេលដែលតម្រូវការប្រើប្រាស់ប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិក កំពុងកើនឡើងខ្ល…

កោះតៃវ៉ាន់ សង្ឃឹមថា នឹងអាចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអឺរ៉ុបនៅឆ្នាំក្រោយនេះ?

ព័ត៌មាន
តើកោះតៃវ៉ាន់ អាចសង្ឃឹមដែរឬយ៉ាងណា ពីដំណើរការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអឺរ៉ុបនៅឆ្នាំក្រោយនេះ? កោះតៃវ៉ាន់បានបង្ហាញក្តីសង្ឃឹមពីដំណើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ