ជាមួយនឹងប្រជាជនដ៏ច្រើនសន្ធឹកសន្ធាប់ ទីក្រុងស៊ីអាន ដែលកំពុងស្ថិតក្រោមការបិទខ្ទប់ បានរកឃើញករណីវិជ្ជមានកូវីដ១៩ប្រចាំថ្ងៃដល់ទៅ ១៥៥ករណី ដែលសុទ្ធសឹងជាការចម្លងក្នុងសហគមន៍។ នេះបើតាមរបាយការណ៍ពីអាជ្ញាធរចិន កាលពីថ្ងៃអាទិត្យ។
ក្រៅពីក្រុង ស៊ីអាន នៅមានករណីឆ្លងក្នុងតំបន់ចំនួន ៣ករណីទៀតដែលធ្វើឲ្យករណីឆ្លងនៅទូទាំងប្រទេសចិន កាលពីថ្ងៃអាទិត្យមានចំនួន ១៥៨ករណី ជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន ក្នុងកំណត់ត្រា ២១ខែចុងក្រោយនេះ។
បច្ចុប្បន្នក្រុង ស៊ីអាន តែមួយប៉ុណ្ណោះ មានករណីឆ្លងកូវីដ១៩សរុបប្រមាណ ៤៨៥ករណី រាប់ចាប់តាំងពីថ្ងៃរកឃើញដំបូងកាលពីថ្ងៃទី៩ខែធ្នូ ដល់ថ្ងៃទី២៦។
ដូចសព្វដង រដ្ឋអំណាចប៉េកាំង បានដាក់ចេញវិធានការណ៍ដ៏តឹងរឹងបំផុត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩។ ក្នុងនោះ រួមមាន ការធ្វើតេស្តយកសំណាកចំនួន ៣ដង លើប្រជាជនទាំង ១៣លាននាក់ទូទាំងក្រុង និងការបិទខ្ទប់ទីក្រុងផងដែរ។
ក្រោយកត់ត្រាពីកំណើនឆ្លងកូវីដប្រចាំថ្ងៃដ៏ច្រើនមិនធ្លាប់មាន ក៏បានជំរុញឲ្យអាជ្ញាធរចិន បានប្រកាសបើកយុទ្ធនាការទ្រង់ទ្រាយធំ ដើម្បីបាញ់ថ្នាំសម្លាប់មេរោគនៅទូទាំងក្រុងតែម្តងដោយអាជ្ញាធរបានបញ្ជាឲ្យពលរដ្ឋបិទទ្វារបង្អួច និងយកសម្លៀកបំពាក់ចូលក្នុងផ្ទះឲ្យអស់ មុនម៉ោង៦ល្ងាច ម៉ោងនៅក្នុងប្រទេសចិន។
សូមជម្រាបថា ប្រទេសចិនដែលកំពុងកត់ត្រាពីកំណើនកូវីដ១៩ក៏ពិតមែន ប៉ុន្តែពុំមានករណីស្លាប់បាត់បង់ជីវិតថ្មីៗនោះទេ ពោលគឺអត្រាស្លាប់នៅមានត្រឹមជាង ៤ពាន់៦រយនាក់ដដែល ខណៈករណីឆ្លងសរុប មានជាង១០ម៉ឺនករណី គិតត្រឹមចុងសប្តាហ៍មុននេះ៕