កម្ពុជារៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកចុងក្រោយក្នុងនាមប្រធាន!

ក្នុងនាមប្រធានអាស៊ានកម្ពុជារៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកចុងក្រោយនៅសប្ដាហ៍នេះ


រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានឹងដឹកនាំកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២២។ ហើយនេះ គឺជាលើកចុងក្រោយរបស់ក្រសួងការពារជាតិកម្ពុជាក្នុងការដឹកនាំកិច្ចប្រជុំមួយនេះក្នុងនាមជាប្រធានឆ្នាំ២០២២ មុននឹងផ្ទេរដំណែងទៅឱ្យសមភាគីឥណ្ឌូនេស៊ីធ្វើជាប្រធានសម្រាប់ឆ្នាំ២០២៣។
កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ កាលពីថ្ងៃទី ២២ខែមិថុនាឆ្នាំ២០២២

ដោយឡែកភាគីចិន និងអាមេរិក ដែលនឹងចូលរួមក្នុងកិច្ចប្រជុំនេះដែរ ក៏ចង់ឈ្លៀតឱកាសនេះស្វែងរកជំនួបទ្វេភាគីមួយផងដែរ ក្រោយមេដឹកនាំកំពូលរបស់ប្រទេសមហាអំណាចទាំងពីរ ទើបបានជួបប្រជុំគ្នានៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី អំឡុងកិច្ចប្រជុំកំពូល G20កាលពីសប្តាហ៍មុន។

ក្រសួងការពារជាតិកម្ពុជាបាននិងកំពុងដឹកនាំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន , កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូកលើកទី៩ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែវិច្ឆិកាឆ្នាំ២០២២ នៅខេត្តសៀមរាប ដែលដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការពារជាតិ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន នឹងផ្តោតជាសំខាន់លើការផ្លាស់ប្តូរទស្សនៈ ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិ ដើម្បីពង្រឹងសាមគ្គីភាពសម្រាប់សន្តិសុខប្រកបដោយភាពសុខដុម។ បន្ទាប់ពីនោះរដ្ឋមន្ត្រីការពារជាតិកម្ពុជា នឹងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំក្រៅផ្លូវការចំនួនពីររវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អាមេរិក និងអាស៊ាន-ឥណ្ឌា។

ដោយឡែក សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិបូកលើកទី៩ នឹងស្តាប់របាយការណ៍ នៃការអភិវឌ្ឍថ្មីៗនៅក្នុងតំបន់អាស៊ាន ការផ្លាស់ប្តូរទស្សនៈស្តីពីបរិយាកាសសន្តិសុខតំបន់ និងអន្តរជាតិ និងកិច្ចសន្ទនាជាយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិក្នុងតំបន់។ កិច្ចប្រជុំនេះទទួលបានការអញ្ជើញជាអធិបតី ដើម្បីថ្លែងសុន្ទរកថាគន្លឹះពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។

គួរជម្រាបថា នៅថ្ងៃបញ្ចប់នៃកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិកម្ពុជានឹងផ្ទេរតំណែងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ជូនទៅរដ្ឋមន្ត្រីការពារជាតិសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលនឹងត្រូវធ្វើជាប្រធានប្តូរវេន សម្រាប់ឆ្នាំ២០២៣។

ក្រៅពីនោះ រដ្ឋមន្ត្រីការពារជាតិកម្ពុជាសម្តេពិជ័យសេនា ទៀ បាញ់ នឹងបន្តទទួលទស្សនកិច្ចផ្លូវការរបស់ប្រទេសដែលមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក រួមមានរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសចិន ដែលសម្តេច ទៀ បាញ់ បានទទួលជួបរួចហើយកាលពីថ្ងៃអាទិត្យទី ២០ វិច្ឆិកា ខណៈនៅថ្ងៃដដែលនោះ រដ្ឋមន្ត្រីការពារជាតិចិន លោកវ៉ី ហ្វុងហឺ ក៏បានចូលជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។ ក្រៅពីចិន សម្តេចពិជ័យសេនា ក៏នឹងជួបជាមួយរដ្ឋមន្ត្រីការពារជាតិ អូស្រ្តាលី សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងឥណ្ឌាដែរ។

ដោយឡែកបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ ភាគីចិនកាលពីថ្ងៃទី ២០ ខែវិច្ឆិកា បានបង្ហើបថា ប៉េកាំងបើកចំហសម្រាប់កិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក នៅក្រៅកិច្ចប្រជុំការពារជាតិអាស៊ានក្នុងសប្តាហ៍នេះ។ នេះគឺជាសញ្ញានៃការស្តារទំនាក់ទំនងឡើងវិញរវាងមហាអំណាចទាំងពីរ បន្ទាប់ពីមេដឹកនាំកំពូលរបស់ខ្លួន ទើបបានជួបគ្នានៅលើកោះបាលីកាលពីសប្ដាហ៍មុន។

ប្រសិនបើរដ្ឋមន្ត្រីការពារជាតិទាំងពីរបានជួបគ្នានៅកម្ពុជាពិតមែន វានឹងក្លាយជាការជួបគ្នារវាង យោធាកម្រិតខ្ពស់លើកដំបូងរវាងប្រទេសមហាអំណាចអាមេរិក និងចិន រាប់ចាប់តាំងពីប្រទេសចិនបានប្រកាសបញ្ឈប់ការសន្ទនា ដែលតែងធ្លាប់ធ្វើឡើងយ៉ាងទៀងទាត់រវាងមេបញ្ជាការយោធាទាំងពីរ កាលពីខែសីហា ពោលគឺចាប់តាំងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់មកម្ល៉េះ៕




អត្ថបទបន្ទាប់


សហព័ន្ធស្រូវអង្ករថា រោងម៉ាស៊ីនជាសមាជិកខ្លួនបាននិងកំពុងប្រមូលទិញស្រូវពីកសិករដល់ទៅ ៥ម៉ឺនតោនក្នុងមួយថ្ងៃ

ព័ត៌មាន
ក្រោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ឲ្យមន្រ្តីកសិកម្មចុះពិភាក្សាបន្ទាន់ជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវនៅតាមបណ្ដាខេត្ត ដើម្បីប្រមូល…

រុស្ស៊ីបង្កើនការលក់មូលបត្របំណុលរដ្ឋជាង ១៣ពាន់លានដុល្លារត្រឹមតែ១ថ្ងៃ ខណៈការចំណាយក្នុងសង្គ្រាមនៅអ៊ុយក្រែនប៉ោងឡើង

ព័ត៌មាន
បើតាមការចុះផ្សាយដោយក្រសួងការពារជាតិរបស់អង់គ្លេសថ្មីៗនេះបានឱ្យដឹងថា ប្រទេសរុស្ស៊ីបានធ្វើការចេញលក់មូលបត្របំណុលរដ្ឋដ៏ធំបំផុតមិនធ្លាប់មាន ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ