ទីក្រុងប៉េកាំងបានច្រានចោលកង្វល់របស់បស្ចិមលោកដែលថា ចិនអាចកំពុងពិចារណាផ្តល់អាវុធឱ្យរុស្ស៊ីដែលធ្វើយុទ្ធនាការយោធានៅអ៊ុយក្រែន។ ចិនហៅយុទ្ធនាការនោះតាមរុស្ស៊ីថា«ប្រតិបត្តិការយោធាពិសេស»ប្រឆាំងនឹងការគំរាមកំហែងសន្តិសុខ។ ជារឿយៗ ប្រទេសអ៊ឺរ៉ុបមួយចំនួនរិះគន់ប្រទេសចិនដែលមិនបានថ្កោលទោសប្រទេសរុស្ស៊ីថាឈ្លានពានអ៊ុយក្រែន ឬមិនបានអំពាវនាវឱ្យរុស្ស៊ីដកកងទ័ពចេញពីអ៊ុយក្រែន។
អំឡុងទស្សនកិច្ចនៅទីក្រុងប៊ែរឡាំង លោក ឈីន បានប្រាប់អ្នកយកព័ត៌មាននៅចំពោះមុខសមភាគីអាល្លឺម៉ង់ គឺលោកស្រី អាណាឡេណា ប៊ែរប័ក ថា ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាប្រទេសមានទំនួលខុសត្រូវដ៏សំខាន់មួយ ចិននឹងមិនឈរមើលភ្លើងនៅច្រាំងម្ខាង ហើយក៏នឹងមិនយកប្រេងទៅចាក់លើភ្លើងដែរ។
រដ្ឋមន្ត្រីចិនរូបនេះបានថ្លែងទៀតថា ប្រទេសចិនមានឆន្ទៈរក្សាទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអាល្លឺម៉ង់ផងដែរ ដើម្បីសម្រេចបានបទឈប់បាញ់ដ៏ឆាប់រហ័សមួយ។
លោកស្រី ប៊ែរប័ក បានថ្លែងស្វាគមន៍កិច្ចពិភាក្សាលើកដំបូងថ្មីៗនេះ រវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សឺឡិនស្គី ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ ២០២២ មក។ ទន្ទឹមនឹងនេះ លោកស្រីបានសង្កត់ធ្ងន់ថា វាសំខាន់ណាស់ដែលប្រទេសចិនបង្ហាញឱ្យច្បាស់អំពីការគាំទ្ររបស់ខ្លួនចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់អ៊ុយក្រែន។
លោកស្រីបានបន្ថែមថា ប្រទេសចិនដែលបានប្រកាសភាពជាដៃគូ«គ្មានដែនកំណត់»ជាមួយទីក្រុងម៉ូស្គូនៅពេលប៉ុន្មានថ្ងៃមុនពេលដែលកងទ័ពរុស្ស៊ីបើកការវាយលុកចូលអ៊ុយក្រែននោះ «អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចប់សង្រ្គាមនេះ ប្រសិនបើចិនពិតជាចង់ធ្វើមែននោះ»។
លោក ឈីន និងលោកស្រី ប៊ែរប័ក ក៏បានពិភាក្សាគ្នាដែរ អំពីសំណើរបស់សហភាពអឺរ៉ុបដើម្បីឱ្យដាក់ក្រុមហ៊ុនចិនមួយចំនួនក្នុងបញ្ជីទណ្ឌកម្ម និងឱ្យទប់ស្កាត់ការនាំចេញទៅកាន់ប្រទេសណាដែលជាប់ពាក់ព័ន្ធនឹងការគេចវេសពីទណ្ឌកម្មលើពាណិជ្ជកម្មរបស់រុស្ស៊ី ដោយផ្អែកតាមកញ្ចប់ទណ្ឌកម្មចុងក្រោយបំផុតរបស់ខ្លួនលើទីក្រុងម៉ូស្គូ ជាការប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសនេះនៅអ៊ុយក្រែន។
លោក ឈីន បាននិយាយថា ទីក្រុងប៉េកាំងនឹងជំទាស់យ៉ាងម៉ឺងម៉ាត់ចំពោះប្រទេសមួយចំនួនដែលប្រើប្រាស់អ្វីដែលពួកគេហៅថាច្បាប់ ដើម្បីពង្រីកដែនយុត្តាធិការ និងដាក់ទណ្ឌកម្មឯកតោភាគីលើប្រទេសផ្សេងៗទៀត រួមទាំងប្រទេសចិនផងដែរ។
លោក ឈីន បានបន្ថែមថា ប្រទេសចិននឹងធ្វើការឆ្លើយតបជាចាំបាច់ ព្រមទាំងនឹងការពារជាដាច់ខាត នូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន៕