តម្លៃមាសនៅកម្ពុជាឡើងដល់ជាង ២ពាន់៤រយដុល្លារក្នុង១តម្លឹង

តើមានកត្តាអ្វីខ្លះ ដែលជំរុញឲ្យតម្លៃមាសនៅកម្ពុជាឡើងដល់ជាង ២ពាន់៤រយដុល្លារក្នុង១តម្លឹងនៅចុងក្រោយនេះ?


យើងសង្កេតឃើញថា តម្លៃមាសនៅកម្ពុជាបានហក់ឡើងថ្លៃជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ បើទោះបីសហរដ្ឋអាមេរិកបានតម្លើងអត្រាការគោលក៏ដោយ។ បើតាមហាងឆេងរបស់ហាងលក់មាសពេជ្រមួយចំនួននៅរាជធានីភ្នំពេញ បច្ចុប្បន្នមាសមួយតម្លឹងលក់ចេញក្នុងតម្លៃជាង ២ពាន់៤រយដុល្លារកើនឡើង ជាង១រយដុល្លារ បើធៀបនឹងតម្លៃលក់ចេញកាលពីពីរសប្តាហ៍មុន។ តើមានកត្តាអ្វីខ្លះ ដែលជំរុញឲ្យតម្លៃមាសនៅកម្ពុជាហក់ឡើងខ្ពស់បែបនេះ?
តើមានកត្តាអ្វីខ្លះ ដែលជំរុញឲ្យតម្លៃមាសនៅកម្ពុជាឡើងដល់ជាង ២ពាន់៤រយដុល្លារក្នុង១តម្លឹងនៅចុងក្រោយនេះ?
ដោយ

បើតាមក្រុមអាជីវករលក់មាសពេជ្រ និងអ្នកជំនាញផ្នែកជួញដូរមាស ការកើនឡើងតម្លៃមាសនៅកម្ពុជា គឺដោយសារការអូសបន្លាយនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន គួបផ្សំពិភពលោកមានការបារម្ភពីធ្លាក់ចុះតម្លៃនៃប្រាក់ដុល្លារ ក្រោយមានធនាគារធំៗមួយចំនួនបានដួលរលំ។

ម្ចាស់ហាងមាសពេជ្រទីមង្គលបានអះអាងថា តម្លៃមាសនៅកម្ពុជាបានហក់ឡើងថ្លៃជាបន្តបន្ទាប់តាំងពីចុងខែមេសា មកម្ល៉េះ ដោយបច្ចុប្បន្នហាងឆេងមាសនៅហាងរបស់លោកលក់ចេញជាង២ពាន់៤រយដុល្លារក្នុង១តម្លឹងបានកើនឡើងជាង១០០ដុល្លារក្នុង១តម្លឹង បើធៀបនឹងតម្លៃលក់ចេញកាលពីពីរសប្តាហ៍មុន។ ការកើនឡើងតម្លៃមាសនេះត្រូវបានម្ចាស់ហាងមាសរូបនេះវាយតម្លៃថា អាចបណ្តាលមកពីប្រជាពលរដ្ឋនៅលើពិភពលោកមានការព្រួយបារម្ភចំពោះការដួលរលំធនាគារមួយចំនួននៅសហរដ្ឋអាមេរិក អាចធ្វើឲ្យតម្លៃលុយដុល្លារមានការធ្លាក់ចុះ គួបផ្សំប្រជាពលរដ្ឋងាកទៅចាប់អារម្មណ៍រឿងទិញមាសទុក និងការកើនឡើងអតិផរណាបន្តអូសបន្លាយ។ អាជីវកររូបនេះសង្កេតឃើញថា ក្រោយតម្លៃមាសមានការកើនឡើង បែរជាធ្វើឲ្យចរន្តទិញលក់មាសនៅហាងរបស់លោកហាក់មានភាពស្ងប់ស្ងាត់នៅមួយរយៈកន្លងមកនេះ។

ពាក់ព័ន្ធតម្លៃមាសមានការកើនឡើងនេះដែរ លោកបណ្ឌិត ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរឹធី បានគូសបញ្ជាក់ថា មានកត្តាធំៗមួយចំនួន ដែលជំរុញឲ្យតម្លៃមាសនៅកម្ពុជា ក៏ដូចជាលើពិភពលោកមានការឡើងថ្លៃនៅមួយរយៈចុងក្រោយនេះ ដោយសារតែ ប្រជាពលរដ្ឋមានព្រួយបារម្ភពីការធ្លាក់ចុះតម្លៃប្រាក់ដុល្លារ ហើយតម្លៃមាសមានការកើនឡើង ក្រោយធនាគារកណ្តាលអាមេរិកបានតម្លើងអត្រាការប្រាក់ដុល្លារក្នុងកម្រិតមួយខ្ពស់ ដែលទំនងជាមិនអាចតម្លើងបន្ថែមទៀតនោះទេ។ មួយវិញទៀត ការអូសបន្លាយនៃសង្គ្រាមនៅអ៊ុយក្រែនដែលមិនដឹងនឹងបញ្ចប់នៅពេលណា បាននិងកំពុងបង្កជាវិបត្តិដល់ពិភពលោក និងគំរាមកំហែងដល់សេដ្ឋកិច្ចរបស់ប្រទេសមួយចំនួន។

អ្នកជំនាញរូបនេះបានបន្ថែមថា ការដួលរលំ និងការជួបវិបត្តិលំហូរសាច់ប្រាក់របស់ធនាគារធំៗនៅតាមប្រទេសមួយចំនួន ពិសេសសហរដ្ឋអាមេរិក ក៏ជាកត្តារួមចំណែកជួយជំរុញឲ្យតម្លៃមាសមានការកើនឡើងផងដែរ ព្រោះ ប្រជាពលរដ្ឋ និងប្រទេសជាច្រើនលើពិភពលោកជឿជាក់ថា វិបត្តិហិរញ្ញវត្ថុនេះនឹងទាញទម្លាក់តម្លៃលុយដុល្លារ ហើយតម្លៃមាសនឹងមានការកើនឡើង។ កត្តានេះបានជំរុញឲ្យប្រទេសមួយចំនួនត្រូវប្រមូលទិញមាសមករក្សាទុកធ្វើទុនបម្រុងអន្តរជាតិ ដើម្បីត្រៀមដោះស្រាយបញ្ហា ដែលអាចកើតចេញពីការធ្លាក់ចុះនៃតម្លៃប្រាក់ដុល្លារ។

អាជីវករលក់មាសពេជ្រនៅកម្ពុជាជឿជាក់ថា តម្លៃមាសនៅកម្ពុជាអាចនឹងបន្តកើនឡើងបន្ថែមទៀត ប្រសិនបើស្ថានភាពហិរញ្ញវត្ថុសកលបន្តរងការគំរាមកំហែងពីការដួលរលំរបស់ធនាគារធំៗ ហើយវិបត្តិសង្គ្រាមនៅអ៊ុយក្រែនបន្តអូសបន្លាយ និងវិវត្តកាន់តែអាក្រក់។

តាមសេចក្ដីរាយការណ៍ពីសារព័ត៌មានអន្តរជាតិធំៗថ្មីៗនេះបង្ហាញថា ប្រទេសចិនបានបង្កើនការប្រមូលទិញមាសមកស្តុកនៅ៥ខែជាប់គ្នារហូតដល់១២០តោន ខណៈកាលពីខែមេសាកន្លងទៅប្រទេសនេះបានទិញមាសសុទ្ធជាង៨តោនបន្ថែមទុកក្នុងស្តុក ដែលធ្វើទុនបម្រុងជាមាសសុទ្ធរបស់ចិនកើនដល់ជាង ២តោន៕




អត្ថបទបន្ទាប់


ការនាំចេញទំនិញរបស់កម្ពុជាធ្លាក់ចុះ ៥% នៅ៤ខែដំបូងឆ្នាំនេះ ខណៈអ្នកជំនាញថាការបញ្ជាទិញនៅតែបន្ដធ្លាក់ចុះ

ព័ត៌មាន
នៅដើមឆ្នាំ២០២៣ ស្ថានភាពនៃការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ហាក់មិនសូវជាអំណោយផលប៉ុន្មាននោះឡើយ ដោយក្នុងនោះការនាំចេញទៅកាន់ទី…

ចិនថាខ្លួនទាក់ទងគ្រប់ភាគី ដើម្បីមានបទឈប់បាញ់នៅអ៊ុយក្រែន ប៉ុន្តែក៏នឹងសងសឹកវិញ បើសហភាពអឺរ៉ុបដាក់ទណ្ឌកម្មលើខ្លួន

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសចិន លោក ឈីន កាង បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងរក្សាទំនាក់ទំនងជាមួយគ្រប់ភាគីទាំងអស់ដែលពាក់ព័ន្ធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ