បណ្ណបញ្ជាក់សុខភាពកូវីដ-១៩

បណ្ណបញ្ជាក់សុខភាពកូវីដ-១៩ ក្លែងក្លាយកំពុងចរចាប្រើប្រាស់នៅមេរិក និង អឺរ៉ុបកាន់តែច្រើន


ការប្រើប្រាស់បណ្ណបញ្ជាក់សុខភាពកូវីដក្លែងក្លាយកាន់តែច្រើន ក្លាយជាប្រធានបទក្តៅនៅអាមេរិក និង អឺរ៉ុប។ ថ្មីៗកន្លងមកនេះ គេធ្លាប់តែបានដឹង និងបានឮ ពីប្រទេសជាច្រើននៅតំបន់អឺរ៉ុប និង ប្រទេសមួយចំនួនក្នុងតំបន់អាស៊ី ពីការដាក់ឲ្យប្រើប្រាស់ បណ្ណសុខភាព ដែលបញ្ជាក់ពីការចាក់វ៉ាក់សាំងរួច និងបណ្ណដែលបញ្ជាក់ថា អវិជ្ជមានកូវីដ-១៩ សម្រាប់ការធ្វើដំណើរទៅក្រៅប្រទេស។
បណ្ណបញ្ជាក់សុខភាពកូវីដ-១៩នៅប្រទេសបារាំង​

ប៉ុន្ដែ បច្ចុប្បន្ន​បណ្ណ​នេះ ក៏​កំពុង​មានការ​លួច​ធ្វើ​បណ្ណ​ក្លែងក្លាយ ចំពោះ​អ្នក​ដែល​មិន​បាន​ចាក់​វ៉ា់ក់សាំង ឬ​មិន​បាន​តេស្ដរ​កកូ​វី​ដ​-១៩​ផង​ដែរ ដោយ​បញ្ហា​នេះ កំពុង​កើត​មាន​កាន់តែ​ច្រើន​នៅ​អា​មេ​រិ​ក និង​អឺរ៉ុប​។

មក​ទល់​នឹង​ពេល​នេះ មាន​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប និង​នៅ​អា​មេ​រិ​ក​ផង​ដែរ បាន​យក​បណ្ណ​សុខភាព ទាំងនេះ​មក​ប្រើប្រាស់​សម្រាប់​តម្រូវការ​នៅ​ក្នុង​ប្រទេស​រៀង​ៗ​ខ្លួន ហើយ​ថែម​ទាំង​បាន​បង្កើត​ច្បាប់​សម្រាប់​ការ​ប្រើប្រាស់​នេះ​ទៀត​ផង​។

ជាក់ស្តែង នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​បារាំង ពលរដ្ឋ​ដែល​មាន​បណ្ណ​សម្គាល់​សុខភាព​ថា​អវិជ្ជមាន​កូ​វី​ដ​១៩ ឬ​បណ្ណ​ដែល​បញ្ជាក់​ថា​ខ្លួន​បាន​ចាក់​វ៉ាក់សាំង​រួច ទើប​អាច​មាន​សិទ្ធិ​ចូល​ធ្វើការ​នៅ​ការិយាល័យ ចូល​ថ្នាក់រៀន ដើរ​ទិញ​ទំនិញ ចូល​ញ៉ាំ​អាហារ មើល​កុន និង​ធ្វើ​សកម្មភាព​ផ្សេង​ៗ​បាន​នៅ​ទី​សាធារណៈ​។ កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ ធ្វើ​ឡើង​ដើម្បី​ជំរុញ​ឲ្យ​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​បាន​កាន់តែ​ច្រើន និង​ធានា​បាន​ថា​កូ​វី​ដ​-១៩​មិន​អាច​ចម្លង​ចូល​ក្នុង​សហគមន៍​ក្នុង​ទ្រង់ទ្រាយ​ធំ​ម្តងទៀត​។

ទោះ​យ៉ាងណា ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន ដែល​មិន​ព្រមទៅ​ចាក់​វ៉ាក់សាំង ជា​ពិសេស​ពលរដ្ឋ​បារាំង​ជា​ច្រើន​ខឹងសម្បារ និង​មិន​ពេញចិត្ត​នោះ​ទេ ហើយ​ពេល​ខ្លះ​វា​បាន​ឈាន​ទៅ​ដល់​ការ​ធ្វើ​បាតុកម្ម​ថែម​ទៀត ដោយសារ​ពួក​គេ​អះអាង​ថា វា​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​របស់​ពួក​គេ​។ ទន្ទឹម​នឹង​នេះ មាន​ពលរដ្ឋ​ខ្លះ​បាន​ឈាន​ដល់​ការ​លួច​បន្លំ​ធ្វើ​លិខិតបញ្ជាក់​សុខភាព​ក្លែងក្លាយ បណ្ណ​ចាក់​វ៉ាក់សាំង​ក្លែងក្លាយ ឬ​ប្រើប្រាស់​បណ្ណ​របស់​អ្នក​ដទៃ ដើម្បី​អាច​ចូល​ទៅ​ទីតាំង ដែល​ជាប់​កាតព្វកិច្ច​ខាងលើ​ថែម​ទៀត​ផង​។

ជាក់ស្តែង នៅ​ក្នុង​ប្រទេស​បារាំង ទោះ​រង​ការ​រិះគន់ និង​ការ​ធ្វើ​បាតុកម្ម​អស់​ពេល​ជា​ច្រើន​ស​ប្តា​ហ៍​ជាប់​ៗ​គ្នា​ក្តី ប៉ុន្តែ​បណ្ណ​សុខភាព​ត្រូវ​អនុវត្ត​ជា​ផ្លូវការ ចាប់ពី​ថ្ងៃ​ចន្ទ​ទី ៩​សីហា​តទៅ​។ នៅ​បារាំង មុន​នឹង​ចូល ភោជនីយដ្ឋាន មន្ទីរពេទ្យ ហាង​កាហ្វេ គេ​ចាំបាច់​ត្រូវ​តែ​បង្ហាញ​បណ្ណ​សុខភាព ដែល​អាច​ជា​លិខិត​ចាក់​វ៉ាក់សាំង​កូ​វី​ដ​ទាំង​ពីរ​ដូ​ស ឬ​លទ្ធផល​តេស្ត​កូ​វី​ដ​អវិជ្ជមាន​។

ប្រសិនបើ​គ្មាន​បណ្ណ​ពិសេស​នេះ ពលរដ្ឋ​បារាំង​គ្មាន​សិទ្ធិ​ទៅ​ចូល​ភោជនីយដ្ឋាន ទៅ​កន្លែង​ហាត់ប្រាណ កន្លែង​តាំង​ពិ​ព័រ​ណ៌ ចូល​ក្នុង​ហាង​ទំនិញ និង ចូល​មន្ទីរពេទ្យ​ក្នុង​ករណី​គ្មាន​ជំងឺ​ធ្ងន់ធ្ងរ​នោះ​ទេ​។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ បណ្ណ​សុខភាព​ក្លែងក្លាយ​កំពុង​ពេញ​និយម សម្រាប់​អ្នក​ដែល​ចង់​ចូល​ទីតាំង​ជាប់​កាតព្វកិច្ច​ខាងលើ ប៉ុន្តែ​មិន​ចង់​ចាក់​វ៉ាក់សាំង ឬ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​១៩​។ អាជ្ញាធរ​បារាំង បាន​សំគាល់​ឃើញ​ថា មានការ​កើនឡើង​នៃ​ករណី​បន្លំ ផលិត​បណ្ណ​សុខភាព​ក្លែងក្លាយ ហើយ​មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​បាន​អាជ្ញាធរ​បារាំង​ចាប់​ឃាត់ខ្លួន ពី​បទ​ផលិត​បណ្ណ​បញ្ជាក់​សុខភាព​កូ​វី​ដ​ក្លែងក្លាយ​នេះ​។

ទោះបីជា​មាន​ភាព​ចម្រូងចម្រាស់​បែប​នេះ​ក្តី រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បារាំង លោក អូ​លី​វី​យ៉េ វឺ​រ៉ា​ន (Olivier Veran) បាន​អះអាង​ថា វា​ជា​មធ្យោបាយ​សំខាន់​មួយ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ និង​ជួយ​ប្រជាជន​បារាំង​ឲ្យ​ជៀស​ផុត​ពី​បម្រាម​គោចរ ឬ ការ​បិទ​ខ្ទប់​ប្រទេស​សា​ជា​ថ្មី​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP​។

ដោយឡែក នៅ​សហរដ្ឋអាមេរិក​ឯណោះ​វិញ ក៏​មិន​ខុស​គ្នា​ពី​បារាំង​ប៉ុន្មាន​ដៃរ​។ ថ្វីបើ​មិន​មាន​បាតុកម្ម​ប្រឆាំង​នឹង​បណ្ណ​បញ្ជាក់​សុខភាព ដូច​នៅ​បារាំង ប៉ុន្តែ​ចំនួន​អ្នក​ធ្វើ​បណ្ណ​ក្លែងបន្លំ បាន​កើន​ឡើងជា​បន្តបន្ទាប់​។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​របស់​អា​មេ​រិ​ក The Wall Street Journal បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​អា​មេ​រិ​ក បាន​ដាក់​ចេញ​វិធានការ​ជា​ច្រើន​សម្រាប់​កម្មករនិយោជិត រួម​មានការ​តម្រូវ​ឲ្យ​បុគ្គលិក​និយោជិត​ទាំងអស់ ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩​ជា​កំហិត និង​ត្រូវ​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​។ ខណៈ​អ្នក​ដែល​ធ្វើការ​នៅ​ក្នុង​រដ្ឋ California វិញ ត្រូវធ្វើ​តេស្តរ​កកូ​វី​ដ​១៩​នៅ​រៀង​រាល់​មួ​យស​ប្តា​ហ៍ម្ត​ង ស្រប​ពេល​ដែល​ទីក្រុង New York ក៏​ត្រៀម​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​លិខិតបញ្ជាក់​សុខភាព​នៅ​តាម​ទីកន្លែង​សាធារណៈ​ដូច​នៅ​បារាំង​ដែរ​។

ស្រ​ដៀង​គ្នា​នេះ​ដែរ សូ​ម្បី​តែ​សិស្ស​និស្សិត ដែល​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ និង មហាវិទ្យាល័យ​នៅ​អា​មេ​រិ​ក ក៏​ត្រូវ​បាន​គេ​តម្រូវ​ឲ្យ​មាន​បណ្ណ​សម្គាល់ការ​ចាក់​វ៉ាក់សាំង​ដែរ មុន​នឹង​អាច​ចូល​រៀន​នៅ​ក្នុង​ថ្នាក់​វិញ​បាន​។

មិន​ខុស​គ្នា​ពី​នៅ​បារាំង​ទេ ការ​ដាក់​ចេញ​នូវ​បទបញ្ញត្តិ​ទាំងនេះ បាន​ជំរុញ​ឲ្យ​និន្នាការ​ធ្វើ​បណ្ណ​បញ្ជាក់​សុខភាព​ក្លែងក្លាយ កំពុង​មានការ​កើនឡើង​កាន់តែ​ច្រើន សម្រាប់​អ្នក​ដែល​មិន​បាន​ចាក់ ឬ មិន​ចង់​ចាក់​វ៉ាក់សាំង​តែ​ម្តង​។ ភាគច្រើន​ការ​ទិញ​ដូរ​លិខិតបញ្ជាក់​សុខភាព​ក្លែងក្លាយ​នៅ​អា​មេ​រិ​ក ធ្វើ​ឡើង​នៅ​លើ​បណ្តាញ​សង្គម ដូច​ជា Telegram និង គេហទំព័រ​ខុសច្បាប់​ជា​ច្រើន​។ នេះ​បើ​តាម​អ្នកជំនាញ​ខាង​សន្តិសុខ​អ៊ី​ន​ធឺ​ណែ​តរបស់​អា​មេ​រិ​ក​។ 

បញ្ហា​ទាំង​អស់នេះ ត្រូវ​បាន​ចោទ​ជា​សំណួរ​ឡើងជា​ច្រើន​ថា តើ​វា​ជា​ការ​ចាំបាច់​ដែរ​ឬទេ ដែល​តម្រូវ​ឲ្យ​មាន​លិខិតបញ្ជាក់​សុខភាព ឬ បញ្ជាក់​ការ​ចាក់​វ៉ាក់សាំង ទើប​អាច​ដើរហើរ​បាន? តើ​វា​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ពេក​ដែរ​ទេ សម្រាប់​អ្នក​ដែល​មិន​ស្ម័គ្រចិត្ត​ទៅ​ចាក់​វ៉ាក់សាំង?

មែនទែន​ទៅ សម្រាប់​ប្រទេស​ដែល​មាន​អត្រា​ចាក់​វ៉ាក់សាំង​នៅ​ទាប ក៏​ដូច​ជា​ប្រទេស ដែល​មានការ​គំរាមកំហែង​ខ្លាំង​ពីរ​លក​ឆ្លង​កូ​វី​ដ​១៩​ម្តងទៀត បទបញ្ញត្តិ​នេះ​ពិតជា​មាន​សារសំខាន់​ណាស់ ក្នុង​ការ​ជំរុញ​ឲ្យ​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​ច្រើន​គ្រប់​ៗ​គ្នា និង​បង្កើន​ភាពស៊ាំ​នៅ​ក្នុង​សហគមន៍ ជៀសវាង​ពី​ការ​ផុងខ្លួន បិទ​ខ្ទប់​ប្រទេស​ដោយសារ​កូ​វី​ដ​១៩​ម្តងទៀត​។

ជាក់ស្តែង បារាំង​គិត​ត្រឹម​ចុង​ស​ប្តា​ហ៍​មុន មាន​ពលរដ្ឋ​តែ​ជាង ៤៤​លាន​នាក់​ប៉ុណ្ណោះ បាន​ចាក់​វ៉ាក់សាំង​១​ដូ​ស នៅ​ក្នុង​នោះ មនុស្ស​៣៧​លាន​នាក់ ឬ ៥៥%​នៃ​ប្រជាជន​សរុប​បាន​ចាក់​វ៉ាក់សាំង ២​ដូ​ស ខណៈ​អត្រា​គោលដៅ​គឺ​នឹង​ចាក់​វ៉ាក់សាំង​ដល់​ទៅ ៨០%​នៃ​ប្រជាជន​បារាំង​សរុប​។

សម្រាប់​សហរដ្ឋអាមេរិក​វិញ ទោះបីជា ខ្លួន​បាន​ចាក់​វ៉ាក់សាំង​ក្នុង​ចំនួន​ច្រើន​ហើយ​ក៏​ដោយ ប៉ុន្តែ​វា​ជា​រឿង​ចាំបាច់​ដូច​គ្នា ក្នុង​ការ​ប្រើប្រាស់​លិខិតបញ្ជាក់​សុខភាព​នៅ​កន្លែង​សាធារណៈ ដើម្បី​អាច​ធានា​បាន​ថា មិន​មានការ​ចរាចរ​កូ​វី​ដ​១៩ ពិសេស​កូ​វី​ដ​១៩​បំប្លែង​ខ្លួន​ឌែ​លតា​នៅ​ក្នុង​សហគមន៍​របស់​ខ្លួន ស្រប​ពេល​ដែល​បច្ចុប្បន្ន អា​មេ​រិ​ក​កំពុង​កត់ត្រា​ពី​ការ​កើនឡើង​វិញ​នៃ​ករណី​វិជ្ជមាន​កូ​វី​ដ​១៩ ភាគច្រើន​ជា​កូ​វី​ដ​១៩​បំប្លែង​ខ្លួន​ថ្មី ឌែ​លតា​។

បើ​មើលទៅ​លើ​តួលេខ​ករណី​ឆ្លង​កូ​វី​ដ​១៩​ប្រចាំ​ថ្ងៃ​នៅ​អា​មេ​រិ​ក នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​ប្រមាណ ១០​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ គឺ​មានការ​កើនឡើង​ដល់​ទៅ ១០​ដង​បើ​ធៀប​នឹង​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​កាលពី​ខែមិថុនា​៕

None



អត្ថបទបន្ទាប់


រលកឆ្លងថ្មីកូវីដ-១៩ ធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាកាន់តែយ៉ាប់យ៉ឺនក្នុងឆមាសទី១ ឆ្នាំ២០២១

វិបត្តិកូវីដ១៩នៅតែបន្តអូសបន្លាយ ដែលបានជះឥទ្ធិពលកាន់តែអាក្រក់ដល់សេដ្ឋកិច្ចកម្ពុជា ពិសេស វិស័យទេសចរណ៍។ ជាមួយគ្នានឹងវិធានការរឹតត្បិត ការប…

តើល្បឿននៃការចាក់វ៉ាក់សាំងដូសទី៣របស់កម្ពុជា កើនដល់កម្រិតណាហើយ?

បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយល់ព្រមឱ្យមានការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ កាលពីថ្ងៃទី៦ ខែសីហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ