ផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនេះ ត្រូវបាននាយករដ្ឋមន្រ្តីឥណ្ឌាឱ្យឈ្មោះថា PM Gati Shakti ដែលមានន័យថា “អំណាចនៃល្បឿន” ។ គម្រោងនេះនឹងផ្តល់នូវការតភ្ជាប់គ្នាសម្រាប់ការធ្វើដំណើររបស់ប្រជាជន ក៏ដូចជាសេវាកម្មដឹកជញ្ជូនទំនិញ ពោលគឺវាសំដៅកាត់បន្ថយថ្លៃដើមសម្រាប់វិស័យភស្តុភារ បង្កើនសមត្ថភាពក្នុងការដឹកជញ្ជូន និងកាត់បន្ថយពេលវេលាធ្វើដំណើរជាដើម។
សូមជម្រាបថា ការចំណាយលើវិស័យភស្តុភារកម្មរបស់ឥណ្ឌាមានកម្រិតខ្ពស់ ពោលគឺស្មើ ១៣% នៃGPDរបស់ឥណ្ឌា ដែលវាធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងក្នុងការនាំចេញ។
តាមរយៈគម្រោងហេដ្ឋារចនាសម្ព័ន្ធនេះ នាយករដ្ខមន្រ្តីឥណ្ឌាបានឱ្យដឹងថា ឥណ្ឌានឹងក្លាយទៅជាទិសដៅវិនិយោគដែលទាក់ទាញជាងពេលមុនៗ។ មិនត្រឹមតែប៉ុណ្ណោះ គម្រោងនេះនឹងឆ្ពោះទៅមុខក្នុងការធ្វើឱ្យក្រុមហ៊ុនផលិតក្នុងស្រុករបស់ឥណ្ឌាមានភាពប្រកួតប្រជែងនៅទូទាំងពិភពលោក ហើយវាជាការអភិវឌ្ឍថ្មីសម្រាប់ការបង្កើតតំបន់សេដ្ឋកិច្ចនាពេលអនាគតផងដែរ ។
ទោះយ៉ាងណា លោក ណារ៉េនដ្រា ម៉ូឌី មិនបានបញ្ជាក់ពីផែនការ ដែលរដ្ឋាភិបាលគ្រោងនឹងបង្កើនប្រាក់សម្រាប់ការចំណាយលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនេះនៅឡើយទេ។ គ្រាន់តែបង្ហាញឲ្យដឹងថា គ្រប់ផ្នែកទាំងអស់នៃនាយកដ្ឋានរបស់រដ្ឋាភិបាលនីមួយៗ នឹងអាចតាមដានសកម្មភាពការងារទៅវិញទៅមកបានតាមរយៈការផ្តល់នូវទិន្នន័យសំខាន់ៗ ការសម្របសម្រួលការងារ អំឡុងពេលកំពុងរៀបចំផែនការ និងប្រតិបត្តិគម្រោងទាំងនោះ ដើម្បីសម្រេចការងារបានរលូន និងទទួលបានផ្លែផ្កា។
អត្ថបទ៖ ស៊ើង និមល់