ក្នុងដំណើរទស្សនៈកិច្ចរបស់លោក វ៉ាង យី មិនត្រឹមតែមកកាន់ប្រទេសកម្ពុជានោះទេ លោក ក៏មានដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសវៀតណាម សិង្ហបុរី និងកូរ៉េខាងត្បូងផងដែរ ដោយលោកនឹងចំណាយពេល៦ថ្ងៃ សម្រាប់ដំណើរទស្សនកិច្ចនេះ ពោលគឺ ចាប់ពីថ្ងៃទី ១០-១៥ ខែកញ្ញា។
បើតាមស្ថានទូតចិនប្រចាំកម្ពុជា ក្នុងឱកាសនៃការបំពេញទស្សនកិច្ច ឯកឧត្តម វ៉ាង យី នឹងពិភាក្សាយុទ្ធសាស្រ្តកាន់តែស៊ីជម្រៅជាមួយបណ្ដាភាគី ជំរុញអនុវត្តកុងសុងស៊ីសសំខាន់ៗដែលបានឯកភាពគ្នាដោយឯកឧត្តមប្រធានាធិបតីចិន Xi Jinping និងថ្នាក់ដឹកនាំនៃប្រទេសទាំងបួន រួមទាំងកម្ពុជាផង ដោយផ្តោតសំខាន់លើកិច្ចប្រយុទ្ធប្រឆាំងជំងឺវីរុសនិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ជំរុញកិច្ចផ្ទៀងផ្ទាត់រវាងផែនការអភិវឌ្ឍន៍ថ្មីដែលបង្កើតឡើងដោយចិននិងយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់បណ្ដាប្រទេស លើកកម្ពស់កិច្ចសហប្រតិបត្តិការ“ខ្សែក្រវាត់និងផ្លូវ”និងកិច្ចកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិកាន់តែស៊ីជម្រៅ។ ភាគីចិនរីករាយសហការជាមួយប្រទេសទាំងបួន ជំរុញទំនាក់ទំនងទ្វេភាគីឱ្យទទួលបានសមិទ្ធផលផ្លែផ្កាថ្មីៗឥតឈប់ឈរ រួមគ្នាការពារពហុភាគីនិយមនិងយុត្តិធម៌សច្ចធម៌លើឆាកអន្តរជាតិ បញ្ចូលថាមពលវិជ្ជមានកាន់តែច្រើនដល់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍន៍ក្នុងតំបន់រហូតដល់លើពិភពលោក។
បើតាមអគ្គលេខាធិការនៃគណៈកម្មការជាតិអូឡាំពិក លោក វ៉ាត់ ចំរើនបានលើកឡើងថា ភាគីចិន និងកម្ពុជា បានឯកភាព និងកំណត់យកដំណើរទស្សនកិច្ចផ្លូវការរបស់ លោក វ៉ាង យី ដើម្បីរៀបចំសម្ពោធដាក់ឲ្យដំណើរការពហុកីឡដ្ឋានជាតិ មរតកតេជោ ក្រោមអធិបតីភាព របស់សម្រេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
កីឡដ្ឋានលំដាប់អន្តរជាតិនេះ សាងសង់ជាមួយបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ចិន ដែលអាចចាត់ទុកជាកីឡដ្ឋានល្អដាច់គេមួយនៅតំបន់អាស៊ាន។ ដោយក្នុងនោះ មានទីលានបាល់ទាត់ សាងសង់លើផ្ទៃដីជាង១៦ហិកតា ដែលជាសាងសង់ក្នុងដំណាក់កាលពីទី២ និងទទួលបានជំនួយឥតសំណងពីរដ្ឋាភិបាលចិន។ កីឡដ្ឋាននេះ អាចផ្ទុកអ្នកទស្សនាបានប្រមាណ៦ម៉ឺននាក់ និងអាចជម្លៀសទស្សនិកជនត្រឹមតែ៧នាទីក្នុងករណីមានបញ្ហាអ្វីកើតឡើង។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ នៅក្បែរនឹងពហុកីឡដ្ឋានខ្នាតអន្តរជាតិមួយនេះ ក៏មានគម្រោង«ភូមិកីឡដ្ឋានវើលដ៍ប្រ៊ីដ»(WorldBridge Sport Village) ដ៏ធំស្កឹមស្កៃមួយ បាននិងកំពុងសាង់សង់យ៉ាងសស្រាក់សស្រាំផងដែរ ដើម្បីត្រៀមសម្រាប់បម្រើដល់ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ និង អាស៊ានប៉ារ៉ាហ្គេម ក្នុងឆ្នាំ២០២៣។ភូមិកីឡដ្ឋានវើលដ៍ប្រ៊ីដ ដែលជាសមិទ្ធផលចាប់ដៃរួមគ្នារវាងក្រុមហ៊ុនវើលដ៍ប្រ៊ីដរបស់អ្នកឧកញ៉ា សៀ ឬទ្ធី ជាមួយរាជរដ្ឋាភិបាលនេះលាតសន្ធឹងលើផ្ទៃដី៦ហិកតា ដោយគ្រោងចំណាយថវិកាជាង២០០លានដុល្លារអាមេរិក។
អ្នកឧកញ៉ា សៀ ឫទ្ធី បានអះអាងកន្លងមកថា គម្រោងភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដនេះ នឹងក្លាយជាតំបន់ពាណិជ្ជកម្មថ្មីសឡាងមួយទៀត នៃទីក្រុងនាគសម្តេចតេជោសែន ដែលមានខុនដូរសម្រាប់ការស្នាក់នៅ១២អគារ ស្មើនឹងជាង១.៣០០បន្ទប់ មានខុនដូរប្រភេទស្ទូឌីយ៉ូ១អគារ ស្មើនឹង១៦៣បន្ទប់ កម្ពស់១៣ជាន់ ។ ក្រៅពីនេះ ក៏មានជាប្រភេទផ្ទះល្វែង ផ្ទះអាជីវកម្ម ផ្ទះវីឡា ផ្សារទំនើប និងសារមន្ទីរកីឡា ជាដើម ដែលគ្រោងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងឆ្នាំ ២០២២ ខាងមុខនេះ៕