ជំនួបនេះបានបញ្ចប់ទៅដោយគ្មានសញ្ញាណាមួយបង្ហាញពីការឈានទៅរកសន្តិភាពយូរអង្វែងនោះឡើយ។
ប្រភពដែលជិតស្និទ្ធនឹងកិច្ចចរចារវាងអាមេរិក និងអ៊ីរ៉ង់ បានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ក្រុមអ្នកចរចារបស់ប្រទេសទាំងពីរបានចំណាយពេលពីរថ្ងៃពេញនៅទីក្រុងដូហា ដើម្បីជជែកដេញដោលលើរបៀបវារៈចម្បងពីរ ក្រោមកិច្ចព្រមព្រៀងបឋម ដែលធ្លាប់បានធ្វើឡើងនៅប្រទេសស្វីស។ របៀបវារៈទាំងនោះ រួមមាន ការធានាសុវត្ថិភាពចរាចរណ៍ផ្លូវសមុទ្រនៅច្រកសមុទ្រហ័រម៉ូស និងការដោះលែងមូលនិធិ ឬសាច់ប្រាក់ ដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ ប៉ុន្តែពួកគេបានរំលងចោលទាំងស្រុងនូវការជជែកពីផែនការសន្តិភាពយូរអង្វែង។ ភាគីទាំងពីរគ្រាន់តែបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការបន្តអនុវត្តបទឈប់បាញ់ និងការការពារប្រតិបត្តិការនាវាចរណ៍កុំឱ្យមានការប៉ះទង្គិចគ្នាតែប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងដំណើរការចរចានេះ ក្រសួងការបរទេសកាតា បានគូសបញ្ជាក់ថា កិច្ចប្រជុំបន្ទាប់គ្រោងធ្វើឡើងនៅក្រោយពិធីបុណ្យសពរបស់មេដឹកនាំកំពូលអ៊ីរ៉ង់លោក អាយ៉ាតូឡា អាលី ខាមេណី (Ayatollah Ali Khamenei) ដែលនឹងត្រូវបញ្ចុះនៅថ្ងៃទី៩ ខែកក្កដា ខាងមុខ។ ទោះជាយ៉ាងណាអ្នកនាំពាក្យក្រសួងការបរទេសកាតា បានសរសេរនៅលើបណ្តាញសង្គម X ថា ការពិភាក្សានៅទីក្រុងដូហានេះ បានបង្កើតឱ្យមានវឌ្ឍនភាពវិជ្ជមានទៅលើរាល់ចំណុចទាក់ទងនឹងអនុស្សរណៈបញ្ឈប់សង្គ្រាមកាលពីខែមិថុនា។
ភ្លាមៗបន្ទាប់ពីកាតា ប្រកាសពីសញ្ញាវិជ្ជមាននេះ តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានដាំក្បាលចុះបន្តិចនៅថ្ងៃទី២ ខែកក្កដា នេះ ក្នុងនោះតម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ៧៣សេនមកនៅត្រឹម ជិត៧១ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅនៅលើទីផ្សារអាម៉េរិកបានធ្លាក់ចុះ៨៣សេនមកនៅត្រឹមជាង៦៧ដុល្លារក្នុងមួយបារ៉ែល ដែលនេះបានសបញ្ជាក់ថា ទីផ្សារប្រេងឆាប់រហ័សណាស់ក្នុងការឆ្លើយតបទៅនឹងបញ្ហាភូមិនយោបាយនៅតំបន់មជ្ឈិមបូព៌ា៕
ដោយៈ សរ សុជាតិ