ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានថ្មី

ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីគ្រោងលក់បណ្ណបំណុល៣០០លានដុល្លារ ខណៈសម្តេចតេជោស្នើធនាគារឲ្យជួយទិញ


ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ស្នើឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនានាចូលរួមទិញមូលបត្របំណុលរបស់ក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ Cambodia Airport Investment Co,.Ltd (CAIC) ដើម្បីកៀរគរទុនបន្ថែមក្នុងការពន្លឿនការសាងសង់ព្រលានយន្តហោះមួយនេះ។ គម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី មានតម្លៃសរុប១ពាន់៥រយលានដុល្លារអាមេរិក ហើយបច្ចុប្បន្នសម្រេចការសាងសង់ដំណាក់កាលទី១បានជាង២៧% ហើយគ្រោងបញ្ចប់នៅអំឡុងឆ្នាំ២០២៣ ខាងមុខនេះ។
ការដ្ឋានសាងសង់ "អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ " រូបភាព៖ ហ្វេសប៊ុកនាយករដ្ឋមន្ត្រី

បើ​តាម​អ្នកឧកញ៉ា ពុង ឃាវ​សែ ដែល​ជា​អ្នក​អភិវឌ្ឍន៍​សាងសង់​គម្រោង​ព្រ​លាន​យន្ដហោះ​ថ្មី​នេះ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​គ្រោង​នឹង​លក់​បណ្ណ​បំណុល​ក្នុង​តម្លៃ​សរុប ៣០០​លាន​ដុល្លារ ខណៈ​បច្ចុប្បន្ន លក់​បាន​៧០​លាន​ដុល្លារ​ហើយ​។ អគ្គនាយក​ទីផ្សារ​មូល​ប​ត្រ​បាន​ចាត់​ទុក​ការ​លក់​បណ្ណ​បំណុល​នេះ គឺជា​ការ​កៀរគរ​វិនិយោគិន​ខ្មែរ​ឲ្យ​ចូលរួម​ចំណែក​ក្នុង​ការ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ​របស់​កម្ពុជា​។

នា​ពិធី​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​ការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២១ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ស្នើ​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ចូលរួម​ទិញ​មូល​ប​ត្រ​បំណុល​របស់​ក្រុមហ៊ុន Cambodia Airport Investment ដែល​បាន​និង​កំពុង​បោះផ្សាយ​លក់​សញ្ញា​បណ្ណ ឬ​បណ្ណ​បំណុល​របស់​ខ្លួន​។ ការ​ស្នើ​របស់​សម្តេច​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ទទួល​បាន​ទុន​បន្ថែម​ពី​ស្ថាប័នហិរញ្ញវត្ថុ​ក្នុងស្រុក និង​កាត់​បន្ថយ​ការ​ខ្ចីបុល​ពី​ធនាគារ​ក្រៅប្រទេស សម្រាប់​ប្រើប្រាស់​ក្នុង​ការ​សាងសង់​ព្រ​លាន​យន្តហោះ​នេះ​។ បើ​តាម​ការ​គូសបញ្ជាក់​របស់​សម្តេច​តេ​ជោ វា​ជា​រឿង​កម្រ​ណាស់ ដែល​អ្នក​វិនិយោគ​ប្រើប្រាស់​ទុន​ផ្ទាល់ខ្លួន​សម្រាប់​វិនិយោគ ដោយ​គ្មាន​ការ​ខ្ចី​ពី​ធនាគារ​។

ពាក់ព័ន្ធ​ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​បំណុល​នេះ​ដែរ អ្នកឧកញ៉ា ពុង ឃាវ​សែ អគ្គនាយក​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅប្រទេស​កម្ពុជា​(OCIC)​ដែល​ជា​ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន​សាងសង់​ព្រ​លាន​យន្ដហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី បាន​អះអាង​ថា ក្រុមហ៊ុន​សាងសង់​ព្រ​លាន​យន្ដហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី (CAIC) គ្រោង​បោះផ្សាយ​លក់​បណ្ណ​បំណុល​ប្រមាណ​៣០០​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ការ​សាងសង់​ដំណាក់កាល​ទី​១​នេះ ខណៈ​បច្ចុប្បន្ន​ការ​លក់​សញ្ញា​បណ្ណ​នេះ​ប្រមូល​ទុន​បាន​ប្រមាណ​ជាង​៧០​លាន​ដុល្លារ​អា​មេ​រិ​ក​ហើយ នៅ​សល់​តែ​ជាង​២០០ លាន​ដុល្លារ​អា​មេ​រិ​ក​ទៀត​ប៉ុណ្ណោះ​។ បើ​តាម​អ្នកជំនួញ​ដ៏​ល្បី​រូប​នេះ មក​ទល់​បច្ចុប្បន្ន​ការ​ស្ថាបនា​ព្រ​លាន​យន្តហោះ ដែល​គ្រោង​ដាក់​ឈ្មោះ​ថា​ផ្លូវការ អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​ក្រុង​តា​ខ្មៅ មួយ​នេះ បាន​ចំណាយ​ដើមទុន​អស់​៣៧៥​លាន​ដុល្លារ​អា​មេ​រិ​ក​ហើយ និង​គ្រោង​ចំណាយ​៤៦៧​លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត​នៅ​ឆ្នាំ​២០២២ ដោយ​១​ថ្ងៃ​ត្រូវ​ចំណាយ​ជិត ១​លាន​៣​សែន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ​។ 

ជុំវិញ​ការ​ស្នើ​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ទិញ​មូល​ប​ត្រ​បំណុល​របស់ ក្រុមហ៊ុន​សាងសង់​ព្រ​លាន​យន្ដហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ​ដែរ ឯកឧត្តម ហុង សុ​ហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា យល់​ឃើញ​ថា ការ​ស្នើ​នេះ​ទំនងជា​សម្តេច​តេ​ជោ ហ៊ុន សែន ចង់​ឲ្យ​អ្នក​វិនិយោគ ឬ​ស្ថាប័នហិរញ្ញវត្ថុ​ក្នុងស្រុក​បាន​ចូលរួម​ចំណែក​ក្នុង​ការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ ប្រសើរ​ជាង​ការ​ស្វែងរក​ប្រភព​ទុន​ពី​ក្រៅប្រទេស​។

អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ សាងសង់​លើ​ផ្ទៃដី​ប្រមាណ​២​ពាន់​៦​រយ​ហិ​កតា ស្ថិត​នៅ​ឃុំ​ព្រែក​ស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល និង​មួយ​ផ្នែក​ស្ថិត​នៅ​ស្រុក​បាទី ខេត្តតាកែវ​។ បច្ចុប្បន្ន​ព្រ​លាន​យន្តហោះ​ដែល​មាន​តម្លៃ​១​ពាន់​៥​រយ​លាន​ដុល្លារ​អា​មេ​រិ​កមួយ​នេះ សម្រេចការ​សាងសង់​ដំណាក់កាល​ទី​១ បាន​ជាង​២៧% ហើយ ដោយ​គ្រោង​បញ្ចប់​នៅ​អំឡុង​ឆ្នាំ​២០២៣​។ អាកាសយានដ្ឋាន​នេះ​ជា​ប្រភេទ 4F ដែល​មាន​សមត្ថភាព​អាច​ឲ្យ​ប្រភេទ​យន្តហោះ​ហោះហើរ​ចម្ងាយ​ឆ្ងាយ​ឆ្លង​ទ្វីប​ធុន​យក្ស​ដូច​ជា Airbus A380-800 និង​ប្រភេទ Boeing 747-800 អាច​ចុះ​ចត​បាន​៕

None



អត្ថបទបន្ទាប់


ធនាគារពិភពលោករក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១នៅដដែល តែព្រមានពីការរាលដាលឡើងវិញនៃកូវីដ១៩បំប្លែងខ្លួនថ្មី

ធនាគារពិភពលោក (World Bank) នៅតែរក្សាការព្យាករសេដ្ឋកិច្ចប្រទេសកម្ពុជាឆ្នាំ២០២១នេះ ថានឹងមានកំណើនត្រឹម ២,២%ដដែល ទោះកម្ពុជាបានបើកចំហប្រទេស…

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅអាមេរិក ដើម្បីបើកកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនៅឆ្នាំ២០២២

ថ្លែងចេញពីខេត្តកណ្ដាល នៅថ្ងៃទី៨ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ក្នុងពេលឆាប់ៗ ខាងមុខ សម្ដេចនឹងអញ្ជើញទៅសហរដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ