សេដ្ឋកិច្ចរបស់បណ្តាប្រទេសទាំង ១៩ ដែលប្រើប្រាស់រូបិយប័ណ្ណអឺរ៉ូ គឺបានធ្លាក់ចុះ ៣,៨% ក្នុងត្រីមាសទី១ ដើមឆ្នាំនេះ បើធៀបនឹងត្រីមាសទី ៤ កាលពីចុងឆ្នាំ ២០១៩កន្លងទៅ។នេះបើតាមការប៉ាន់ស្មានជាបឋមរបស់ ការិយាល័យស្ថិតិរបស់សហភាពអឺរ៉ុប។
សេដ្ឋកិច្ចតំបន់អឺរ៉ុប នៅក្នុងត្រីមាសទី ២ខាងមុខនេះ អាចនឹងមានការធ្លាក់ចុះខ្លាំងជាង ត្រីមាសទី ១ ទៅទៀត ហើយតួលេខនេះ ទំនងជាអាចទាក់ទាញចំណាប់អារម្មណ៍បណ្តាប្រទេសក្នុងប៉ែកអឺរ៉ុប ឲ្យសម្រេចព្រមព្រៀងលើ វិធានការណ៍គាំទ្រកញ្ចប់ថវិកាថ្មី ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច។
ក្នុងចំណោមសេដ្ឋកិច្ចប៉ែកអឺរ៉ុប GDP របស់ប្រទេសបារាំង បានធ្លាក់ចុះ ៥,៨% ក្នុងត្រីមាសទី ១នេះដោយសារតែ ការដាក់ចេញនូវ វិធានការផ្សេងៗជាច្រើន ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ហើយវាពាក់ព័ន្ធទៅនឹង ការបិទសកម្មភាពជាច្រើន ដែលមិនចាំបាច់ កាលពីពាក់កណ្តាលខែមីនា។
លើសពីនេះ GDP របស់ប្រទេសអេស្ប៉ាញ ក៏បានធ្លាក់ចុះដូចគ្នា ពោលគឺធ្លាក់ចុះប្រមាណ ៥,២% ក្នុងរយៈពេល ៣ខែដំបូង ដើមឆ្នាំនេះ ខណៈបណ្តាសេដ្ឋកិច្ចជាច្រើន ដែលធ្លាប់ជម្រុញដល់កំណើន តំបន់ប៉ែកអឺរ៉ុបនេះ គឺសុទ្ធតែរងគ្រោះដោយសារតែមេរោគកូវីដ១៩ ដូចៗគ្នា។
នៅក្នុងខែមីនា ដែលជាពេលវេលាមួយដ៏លំបាក ដោយមានការផ្ទុះឡើងនូវមេរោគកូវីដ១៩ នៅប៉ែកអឺរ៉ុបនោះ វិធានការរឹតបន្តឹង និងទប់ស្កាត់ការរីករាលដាលជាច្រើនត្រូវបានដាក់ចេញ និងអនុវត្តភ្លាមៗ ជាហេតុធ្វើឲ្យប៉ះពាល់ដល់ សេដ្ឋកិច្ចក្នុងតំបន់ ជាហេតុធ្វើឲ្យ ចំនួនប្រជាពលរដ្ឋអត់ការងារធ្វើ បានកើនឡើងដល់ ១៤លាននាក់ គិតត្រឹមដំណាច់ខែមីនា កន្លងទៅនេះ៕