មហាសេដ្ឋីអចលនទ្រព្យ អ្នកឧកញ៉ា លី ហួរ បន្ដជឿជាក់ថា វិស័យសំណង់ និងអចលនទ្រព្យនឹងបន្តមានកំណើនខ្ពស់នៅឆ្នាំ២០២២នេះ ទោះបីបច្ចុប្បន្នជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីអូមីក្រុងកំពុងអុកឡុកពិភពលោក និងមានវត្តមាននៅកម្ពុជា ដ្បិតថា បច្ចុប្បន្ន សេដ្ឋកិច្ចកម្ពុជាបានបើកចំហ និងសកម្មភាពផុសផុលឡើងវិញជាបណ្ដើរៗហើយ។
ឆ្នាំ២០២១ កម្ពុជាបានទទួលរងនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ខ្លាំងជាងឆ្នាំ២០២០ ហើយបានធ្វើឲ្យអាជីវកម្មក្នុងវិស័យមួយចំនួនរងផលប៉ះពាល់រហូតខ្លះត្រូវបានផ្អាកអាជីវកម្មបណ្តោះអាសន្ន និងខ្លះទៀតត្រូវបានបិទទ្វារ ដោយសារខ្សត់ភ្ញៀវ ឬអតិថិជន។ ជាមួយគ្នានេះ វិស័យសំណង់ និងអចលនទ្រព្យក៏បានរងផលប៉ះពាល់ពីជំងឺនេះផងដែរ ពោលគឺចរន្តវិនិយោគនិងទិញលក់ក្នុងវិស័យនេះមានការធ្លាក់ចុះតែតម្លៃមិនមានការប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ។
ទោះយ៉ាងណា ការឆ្លងរាតត្បាតនេះមិនបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ឬបន្ទុចបង្អាក់ដល់ដំណើរការអភិវឌ្ឍន៍ក្នុងវិស័យសំណង និងអចលនទ្រព្យនោះទេ។ អ្នកជំនួញដ៏ល្បីល្បាញអ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនលីហួរគ្រុប និងជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានអះអាងថា គ្មានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានណាមួយ ដែលជាសមាជិករបស់សមាគមបានផ្អាក ឬបញ្ឈប់ដំណើរការសាងសង់នោះទេ ទោះបីក្នុងឆ្នាំ២០២១ មានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ខ្លាំងជាងឆ្នាំ២០២០ ក៏ដោយ។
ទោះបីបច្ចុប្បន្នមេរោគបំប្លែងខ្លួនថ្មីអូមីក្រុងកំពុងមានវត្តមាននៅកម្ពុជានិងកំពុងបង្កជាក្តីបារម្ភដល់សេដ្ឋកិច្ចពិភពលោកក៏ដោយ អ្នកឧកញ៉ា លី ហួរ នៅតែមានសុទិដ្ឋិនិយមខ្ពស់ចំពោះគោលនយោបាយ និងយុទ្ធសាស្ត្រទប់ស្កាត់ជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលក្នុងការជំរុញកំណើនវិស័យសំណង់ និងអចលនទ្រព្យកម្ពុជា។ អ្នកជំនាញរូបនេះជឿជាក់ថា ទាំងវិស័យសំណង់ អចលនទ្រព្យ និងវិស័យផ្សេងៗនឹងបន្តមានកំណើនកាន់តែខ្ពស់នៅឆ្នាំ២០២២ ប្រសិនបើកម្ពុជាអាចរក្សាស្ថានភាពកូវីដ-១៩ បានល្អប្រសើរដូចបច្ចុប្បន្ន។
បើតាមអ្នកឧកញ៉ា លី ហួរ វាយតម្លៃថា វិស័យសំណង់ និងអចលនទ្រព្យក្នុងឆ្នាំ២០២១ មានកំណើនប្រហាក់ប្រហែលនឹងឆ្នាំ២០២០ ដែលមានការឆ្លងជំងឺកូវីដ-១៩ ធូរស្រាល។
ជាក់ស្តែងការនាំចូលគ្រឿងសំណង់ពីក្រៅប្រទេសក្នុងរយៈពេល១០ខែក្នុងឆ្នាំ២០២១ មានទំហំប្រាក់ជាង១ពាន់៤រយលានដុល្លារ កើនឡើងជាង២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលមានតែជាង១ពាន់១រយលានដុល្លារ។ ក្នុងនោះការនាំចូលសម្ភារសំណងមានទឹកប្រាក់ជាង១ពាន់លានដុល្លារកើនឡើង៣៣% ខណៈនាំចូលដែកមានតម្លៃជាង ៣២៦លានដុល្លារកើនឡើង១% និងនាំចូលស៊ីម៉ងត៍មានតម្លៃជាង ៤០លានដុល្លារ ធ្លាក់ចុះ៣៣%៕