កូរ៉េខាងជើងដកខ្លួនពីអូឡាំពិករដូវរងានៅចិន

កូរ៉េខាងជើងដកខ្លួនចេញពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅចិន ក្រោមហេតុផលកូវីដ១៩


សម្ព័ន្ធមិត្តរបស់ចិនគឺកូរ៉េខាងជើងក៏ដកខ្លួនចេញពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅចិនក្រោមហេតុផលកូវីដ១៩។បើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង នៅថ្ងៃសុក្រទី០៧មករានេះ បានរាយការណ៍ថា ក្រុងព្យុងយ៉ាង នឹងមិនបញ្ជូនកីឡាករនិងមន្ត្រីពាក់ព័ន្ធទៅចូលរួមព្រឹត្តិការកីឡាអូឡាំពិករដូវរងានៅប្រទេសចិន នាខែក្រោយនេះទេ។
ទង់ជាតិកូរ៉េខាងជើង

ការប្រកាសដកខ្លួនចេញនេះ ត្រូវបានកូរ៉េខាងជើងស្តីបន្ទោសលើជំងឺរាតត្បាតកូវីដ១៩ដែលបន្តរាលដាលឥតឈប់ឈរ។ ជាមួយគ្នានេះដែរ កូរ៉េខាងជើងមិនភ្លេចឡើយឆ្លៀតស្តីបន្ទោស ចោទប្រកាន់អាមេរិក និងសម្ព័ន្ធមិត្តថាបានព្យាយាមធ្វើឲ្យព្រឹត្តិការណ៍កីឡាខាងលើប្រារព្ធឡើងមិនបានជោគជ័យ។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា គណៈកម្មាធិការអូឡាំពិក និងក្រសួងវប្បធម៌ និងកីឡារបស់ប្រទេសកូរ៉េខាងជើង បានផ្ញើលិខិតមួយទៅកាន់សមភាគីចិន រួមទាំងគណៈកម្មាធិការរៀបចំកីឡាអូឡាំពិកទីក្រុងប៉េកាំង ដោយបង្ហាញការគាំទ្ររបស់ពួកគេចំពោះការប្រកួតនេះ បើទោះបីជាពួកគេមិនបានចូលរួមក៏ដោយ។

មែនទែនទៅ ក្រោមទណ្ឌកម្ម និងការល្មើសនឹងច្បាប់របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ហៅកាត់ថា IOC ប្រទេសកូរ៉េខាងជើងត្រូវបានគេព្យួរសិទ្ធិចូលរួមប្រកួត រហូតដល់ដំណាច់ឆ្នាំ ២០២២។ ក្នុងន័យនេះ ព្យុងយ៉ាង នឹងខកខានការប្រកួតកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង រួចទៅហើយ បន្ទាប់ពីការខកខានមិនបានបញ្ជូនក្រុមកីឡាករទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូកាលពីឆ្នាំមុនម្តងរួចមក ដោយលើកឡើងពីការព្រួយបារម្ភអំពីជំងឺកូវីដ១៩។

យ៉ាងណាមិញ ទីក្រុងព្យុងយ៉ាងបានព្យាយាមអះអាង និងទម្លាក់កំហុសនេះលើជំងឺកូវីដ១៩ និងទង្វើរបស់អាមេរិក រួមជាមួយសម្ព័ន្ធមិត្ត។ តាមរយៈលិខិតដែលផ្ញើរទៅប៉េកាំងដដែល របបក្រុងព្យុងយ៉ាង បន្តថា៖ «យើងមិនអាចចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកបានទេ ដោយសារចលនារបស់កម្លាំងអរិភាព និងការរាតត្បាតទូទាំងពិភពលោកនៃកូវីដ១៩ ប៉ុន្តែយើងនឹងគាំទ្រយ៉ាងពេញទំហឹងដល់សមមិត្តចិនក្នុងការងាររបស់ពួកគេ ដើម្បីរៀបចំព្រឹត្តិការណ៍អូឡាំពិកដ៏អស្ចារ្យនេះ។»

កូរ៉េខាងជើងដែលជាមិត្តជិតស្និទរបស់ចិន បានបន្តរិះគន់ការធ្វើពហិការការទូតរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនថាជា ការប្រមាថដល់ស្មារតីនៃធម្មនុញ្ញអូឡាំពិកអន្តរជាតិ និងជាទង្វើប៉ុនប៉ង ធ្វើឱ្យខូចដល់មុខមាត់លើឆាកអន្តរជាតិរបស់ប្រទេសចិន។

គួររំឭកថា កាលពីខែធ្នូឆ្នាំ២០២១ សហរដ្ឋអាមេរិកបានប្រកាសធ្វើពហិកាការទូត ក្នុងការប្រកួតអូឡាំពិករដូវរងាឆ្នាំ២០២២ នាទីក្រុងប៉េកាំងប្រទេស ក្រោមហេតុផលថាចិនបានបន្តរំលោភសិទ្ធិមនុស្សលើពលរដ្ឋដែលរស់នៅតំបន់ស៊ីនជាំងប្រទេសចិន។ ប្រទេសជាច្រើនទៀត រួមទាំងអង់គ្លេស អូស្ត្រាលី និងកាណាដា ក៏បានប្រកាសធ្វើពហិការការទូតផងដែរ៕

None



អត្ថបទបន្ទាប់


អាមេរិក និងជប៉ុនពង្រឹងវិស័យការពារជាតិកាន់តែខ្លាំង ចំពេលកម្លាំងយោធាចិនកំពុងកើនឡើង

រដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់សហរដ្ឋអាមេរិក និងប្រទេសជប៉ុននៅថ្ងៃសុក្រទី០៧មករា បានសម្តែងការព្រួយបារម្ភ អំពីអ្វីដែលពួកគេអះអាងថា ជា…

រដ្ឋាភិបាលមីយ៉ាន់ម៉ា សម្រេចពន្យារបទឈប់បាញ់គ្នារហូតដល់ចុងឆ្នាំ២០២២ ក្រោយជំនួបជាមួយសម្តេច តេជោ ហ៊ុន សែន

យោងតាមសេចក្ដីប្រកាសរួមស្ដីពី ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់សហភាពមីយ៉ាន់ម៉ា នាឱកាសជួបពិភាក្សាជាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ