លោកស្រី អ៊ូ រ៉ាម៉ុន អគ្គនាយកនៃនាយកដ្ឋានចរចាពាណិជ្ជកម្មថៃ លើកឡើងថា មានបណ្តាប្រទេសជាច្រើន ចាប់អារម្មណ៍ទៅលើកិច្ចព្រមព្រៀង CPTPP និងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ដោយជឿជាក់ថា កិច្ចព្រមព្រៀងនេះ នឹងបង្កើតទីផ្សារកាន់តែធំទូលាយជាងនេះទៅទៀត ក្រោយពេលដែល ប្រទេសចិន ក្លាយជាសមាជិករបស់ប្លុកនេះ។
ការស្នើសុំចូលរួមរបស់ចិន នឹងបង្កើននូវសម្ព័ន្ធភាព និងពង្រីកឱកាសនៃការវិនិយោគ និងពាណិជ្ជកម្មរបស់ចិន ជាមួយសមាជិក CPTPP ជាពិសេស ទាក់ទងនឹងការចូលរួមចង្វាក់ផ្គត់ផ្គង់របស់សមាជិក CPTPP។
លោកស្រី បន្តថា ការបន្ថែមសមាជិកថ្មីដែលដាក់ពាក្យចូលរួមក្នុងកិច្ចព្រមព្រៀង CP TPP ដូចជាប្រទេសចិន និងចក្រភពអង់គ្លេស នឹងធ្វើឲ្យកិច្ចព្រមព្រៀងមួយនេះ កាន់តែទាក់ទាញ ដូច្នេះហើយ ប្រទេសថៃ ត្រូវធ្វើការវាយតម្លៃឡើងវិញអំពី អត្ថប្រយោជន៍ និងឥទ្ធិពលនាពេលអនាគតរបស់កិច្ចព្រមព្រៀដ៏ធំថ្នាក់តំបន់មួយនេះ ។
កិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក CP TPP ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៩ និង លុបចោលនូវ ឧបសគ្គពាណិជ្ជកម្មរវាង សមាជិកទាំង ១១ ដែលមានប្រជាជនប្រមាណ ៥០០លាននាក់ នៅក្នុង តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឬស្មើនឹង ៦% នៃប្រជាពលរដ្ឋទូទាំងសកលលោក ហើយ GDP សរុបមានជាង ១០ទ្រីលានដុល្លារអាមេរិក ស្មើនឹង ១៣% នៃ GDP របស់ពិភពលោក។
បើតាម នាយកដ្ឋានចរចាពាណិជ្ជកម្មថៃ នៅពេលដែល ចិន ចូលរួមក្នុងប្លុកនេះ នឹងធ្វើឲ្យចំនួនប្រជាពលរដ្ឋក្នុងប្លុកសមាជិកCPTPPនេះ នឹងកើនដល់ជិត ២ពាន់លាននាក់ ជាមួយ GDP សរុប ២៥ទ្រីលានដុល្លារអាមេរិក។
ទោះយ៉ាងណាក៏ដោយ ទំហំនៃកិច្ចព្រមព្រៀង CPTPP គឺនៅតូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ហៅកាត់ថា RCEP ដែលមានប្រទេសសមាជិកចំនួន ១៥ និងជាប្លុកពាណិជ្ជកម្មសេរី ធំជាងគេបង្អស់នៅលើសកលលោក ដែលមានប្រជាជនជាង ២ពាន់ ៣រយលាននាក់ ជាមួយនឹង GDP សរុប ២៨ទ្រីលានដុល្លារអាមេរិក។
គណៈកម្មាធិការអចិន្ត្រៃយ៍រួមលើ ពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារថៃ ក៏បានបង្ហាញការគាំទ្រចំពោះ ជំហរបស់រាជរដ្ឋាភិបាលថៃ ក្នុងការចូលរួមកិច្ចព្រមព្រៀង CPTPP ដើម្បីពង្រីកទីផ្សារនាំចេញ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
លោក ក្រៀង ក្រៃ អនុប្រធានសហព័ន្ធឧស្សាហកម្មថៃ បានលើកឡើងថា សហព័ន្ធ កំពុងតាមដានកិច្ចព្រមព្រៀងនេះ យ៉ាងម៉ត់ចត់ ហើយសង្ឃឹមថា រាជរដ្ឋាភិបាលថៃ នឹងពិចារណាចូលរួមក្នុងប្លុកនេះ។
លោកបន្តថា កិច្ចព្រមព្រៀង CPTPP បានទាក់ទាញវិនិយោគិន ឲ្យពង្រីកការវិនិយោគនៅក្នុងប្រទេសវៀតណាម ដោយសារតែមើលឃើញពីទីផ្សារនាំចេញ។ ប្រការនេះហើយ បានជាធ្វើឲ្យប្រទេសវៀតណាម ដែលជាសមាជិកនៃកិច្ចព្រមព្រៀងនេះ ទទួលបានការវិនិយោគដោយផ្ទាល់ពីបរទេស កើនឡើងលើស ថៃ ដល់ទៅ ៣ដង អំឡុងពេល ៣ឆ្នាំចុងក្រោយនេះ។
សូមជម្រាបថា បច្ចុប្បន្ននេះ កិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក មានសមាជិកចំនួន ១១ប្រទេស ដូចជា អូស្ត្រាលី ប្រ៊ុយណេ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ជប៉ុន កាណាដា ឈីលី ម៉ិកស៊ិក នូវែលសេឡង់ និង ប៉េរ៉ូ៕
អត្ថបទ៖ វណ្ណ វុឌ្ឍវិវឌ្ឍន៍