កិច្ចព្រមព្រៀងនាវាមុជទឹក AUKUS

អាមេរិកប្រាប់កម្ពុជាថា កិច្ចព្រមព្រៀងនាវាមុជទឹក AUKUS មិនមែនជាការរីកសាយភាយអាវុធនុយក្លេអ៊ែរទេ


សហរដ្ឋអាមេរិកបានឆ្លើយតបនឹងការលើកឡើងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីដើមសប្តាហ៍នេះថា សម្ព័ន្ធភាពសន្តិសុខត្រីភាគីរវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលហៅកាត់ AUKUS នោះ មិនមែនជាកិច្ចខិតខំប្រឹងប្រែង ដើម្បីសាបព្រោះអាវុធនុយក្លេអ៊ែរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកឡើយ។ នេះបើតាមការចុះផ្សាយដោយបណ្ដាញព័ត៌មានសំឡេងសហរដ្ឋអាមេរិក (VOA)។
សហរដ្ឋអាមេរិកប្រាប់កម្ពុជាថា AUKUS មិនសាបព្រោះអាវុធនុយក្លេអ៊ែរឡើយ

កាលពីថ្ងៃចន្ទ ទី ៨ មិថុនា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចព្រមព្រៀង AUKUS រវាងប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក អង់គ្លេស ជា«ចំណុចចាប់ផ្តើមនៃការប្រណាំងប្រជែងអាវុធដ៏គ្រោះថ្នាក់បំផុត» ខណៈដែលសម្ដេចបានជំទាស់នឹងការមកដល់នៃនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរមកកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងនេះ។

សម្ដេច ហ៊ុន សែន បានលើកឡើងថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន ជា«តំបន់គ្មានអាវុធនុយក្លេអ៊ែរ», ជាសមាគមថ្នាក់តំបន់មួយដែលប្រឆាំងទៅនឹងការរីករាយភាយអាវុធនុយក្លេអ៊ែរ។

នៅក្នុងពិធីចែកសញ្ញាបត្រនៅរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាក៏បានគូសបញ្ជាក់ទៀតថា សម្ព័ន្ធភាពខ្នាតតូចដែលពាក់ព័ន្ធនឹងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរក្នុងចំណោមសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី កំពុងក្លាយជាកង្វល់សម្រាប់អាស៊ាន និងប្រទេសក្នុងតំបន់។

ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបាននិយាយតាមរយៈអ៊ីម៉ែលប្រាប់ VOA ដោយឆ្លើយតបទៅនឹងកង្វល់របស់ប្រមុខរដ្ឋាភិបាលកម្ពុជាថា «AUKUS មានគោលបំណងលើកកម្ពស់សន្តិភាព វិបុលភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងក្នុងតំបន់ឆ្ងាយពីនេះទៀត។ តាមរយៈកិច្ចព្រមព្រៀងនេះ យើងនឹងគាំទ្រដល់ការទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរបំពាក់ដោយអាវុធធម្មតាពីសំណាក់ប្រទេសអូស្ត្រាលី ដែលជាបច្ចេកវិទ្យាមានសុវត្ថិភាព»។

គួររំលឹកថា កាលពីខែមីនាកន្លងទៅ មេដឹកនាំនៃសម្ព័ន្ធមិត្តត្រីភាគីដែលមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយក្នុងគោលបំណងពង្រឹងវត្តមានរបស់ពួកគេនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទីដែលប្រទេសចិនកំពុងបង្កើនឥទ្ធិពលយោធារបស់ខ្លួន និងមានជម្លោះដែនទឹកជាមួយប្រទេសមួយចំនួនក្នុងសមាគមអាស៊ាន។ កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យអូស្ត្រាលីអាចទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចំនួន៣គ្រឿងពីសហរដ្ឋអាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកវ៉ាង វេនប៊ីន (Wang Wenbin) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃកាលពីថ្ងៃអង្គារ ទី ៧ មិថុនា ថា «យោងតាមការប៉ាន់ប្រមាណរបស់អ្នកជំនាញគ្រប់គ្រងអាវុធអន្តរជាតិ បរិមាណនៃចំណាត់ថ្នាក់សម្ភារៈនុយក្លេអ៊ែរ ដែលសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស គ្រោងផ្តល់ឱ្យអូស្ត្រាលី អាចត្រូវបានប្រើប្រាស់សម្រាប់ផលិតអាវុធនុយក្លេអ៊ែររហូតដល់ ៦០ ទៅ ៨០ ដើម។ លោក វ៉ាង បានបន្ថែមថា ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ជាការនិយាយអំពីក្ដីបារម្ភរួមជាមួយប្រទេសក្នុងតំបន់ ជាពិសេសប្រទេសសមាជិកអាស៊ាន៕




អត្ថបទបន្ទាប់


ក្រុមប្រឹក្សាធុរកិច្ចអាស៊ានប្តេជ្ញាជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ ហើយស្នើឱ្យកូរ៉េចូលរួមគាំទ្រ

ព័ត៌មាន
អំឡុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងសេអ៊ូល ក្រុមប្រឹក្សាធុរកិច្ចអាស៊ានបានបង្ហាញការប្តេជ្ញាចិត្តជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ ហើយបានអំពា…

ថៃកំពុងជំរុញផែនការវិនិយោគលើវិស័យថាមពល ដើម្បីបង្កើតប្រាក់ចំណូលដល់ជិត៥ពាន់លានដុល្លារសម្រាប់សេដ្ឋកិច្ច

ព័ត៌មាន
នាយកដ្ឋានអាជីវកម្មថាមពលថៃបានអះអាងថា អាជ្ញាធរថាមពលពាក់ព័ន្ធនានាកំពុងបន្តការជំរុញការអនុវត្តផែនការប្រេងជាតិដែលមានគោលបំណងបង្កើតប្រាក់ចំណូ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ