ប្រទេសទាំង៣នោះ រួមមាន ជប៉ុនបានផ្តល់វ៉ាក់សាំងអាស្រ្តាសេនីកា (AstraZeneca) ប្រមាណ១លានដូស, សហរដ្ឋអាមេរិក ផ្ដល់ជូនវ៉ាក់សាំងប្រភេទ ចនសុន ចនសុន (Johson&Johson) ចំនួនជាង១លានដូស ខណៈអង់គ្លេសនឹងបរិច្ចាគវ៉ាក់សាំង AstraZeneca ចំនួន៤១ម៉ឺន ៥ពាន់ដូសផងដែរ។
ស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ននេះ មិនទាន់មានភាពល្អប្រសើរនៅឡើយទេ ដែលជំរុញឱ្យរដ្ឋាភិបាលកម្ពុជាយើងកំពុងតែដុតដៃដុតជើងពន្លឿនការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ក្រៅពីប្រទេសចិន ដែលបានផ្ដល់ជំនួយវ៉ាក់សាំង និង បានលក់វ៉ាក់សាំងមកឲ្យកម្ពុជារាប់លានដូសផងដែរនោះ កម្ពុជាក៏បាននិងកំពុងទទួលវ៉ាក់សាំងពីប្រទេសជាមិត្តដែលមានសេដ្ឋកិច្ចជឿនលឿន ឬ ហៅថាប្រទេសអ្នកមានផ្សេងទៀតដែរ។
តួយ៉ាង កាលពីនៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១ រដ្ឋាភិបាលជប៉ុនបានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង អាស្រ្តាសេនីកា ចំនួនប្រមាណ១លានដូសដល់កម្ពុជា ដែលជំនួយនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា ដោយបាច់ទីមួយ ដែលមានចំនួន៣៣ម៉ឺនម៉ឺនដូស នៃវ៉ាក់សាំងមួយលានដូស ត្រូវបានភាគីជប៉ុនដឹកជញ្ជូនមកដល់ រាជធានីភ្នំពេញ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១ ហើយចំនួនដែលនៅសល់ នឹងដឹកមកដល់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ជាមួយគ្នានេះដែរ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ក៏បានប្រកាសផ្ដល់ជំនួយវ៉ាក់សាំងកូវីដ១៩ ប្រភេទ ចនសុន ចនសុន ចំនួនជាង១លានដូសតាមរយៈយន្តការកូវ៉ាក់របស់អង្គការសុខភាពពិភពលោកផងដែរ។ ដោយក្នុងនោះ វ៉ាក់សាំងចំនួន ៥០ម៉ឺនដូស ក្នុងចំណោម ១លានដូស ដែលជាជំនួយរបស់សហរដ្ឋអាមេរិក ត្រូវបានដឹកមកដល់កម្ពុជាហើយ នាព្រឹកថ្ងៃទី ៣០ខកក្កឆ្នាំ២០២១នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ចំណែកឯ ៥០ម៉ឺនដូសទៀត នឹងដឹកមកដល់រាជធានីភ្នំពេញនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ។
ក្រៅតែពីអាមេរិក និង ជប៉ុន ថ្មីៗនេះដែរ ចក្រភពអង់គ្លេស នៅក្នុងកិច្ចប្រជុំប្រទេសឧស្សាហកម្មរីកចម្រើនទាំង៧ ហៅកាត់ថា G7 បានប្រកាសបរិច្ចាគវ៉ាក់សាំងកូវីដ-១៩ តាមរយៈយន្តការកូវ៉ាក់ របស់អង្គការសុខភាពពិភពលោក ចំនួន ១០០ លានដូសដល់ប្រទេសនានា ដើម្បីដោះស្រាយវិបត្តិកូវីដ១៩ ហើយប្រទេសកម្ពុជាក៏ស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលបានទទួលវ៉ាក់សាំងប្រភេទ អាស្រ្តាសេនីកា ចំនួន ៤១ម៉ឺន ៥ពាន់ដូស ក្នុងសប្តាហ៍នេះ តាមរយៈកិច្ចព្រមព្រៀងទ្វេភាគី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានពីស្ថានទូតអង់គ្លេសប្រចាំកម្ពុជា។
គួរជម្រាបផងដែរថា បើគិតត្រឹមថ្ងៃទី២៨ ខែកក្កដានេះ អ្នកចាក់វ៉ាក់សាំងលើកទី១សរុបមានប្រមាណជាង ៧លាន ៤ម៉ឺននាក់ ខណៈដែលអ្នកទទួលបានវ៉ាក់សាំងលើកទី២ មានចំនួន ជាង ៤លាន ៦សែននាក់។ និយាយជារួម កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជាង ៧០% ហើយ បើធៀបជាមួយចំនួនប្រជាជនគោលដៅដែលត្រូវចាក់ ១០លាននាក់។ ហើយជាពិសេស ចាប់ពីថ្ងៃទី ០១ ខែ សីហា កម្ពុជាក៏នឹងចាប់ផ្ដើមចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំផងដែរ។
គិតត្រឹមថ្ងៃទី២៨ ខែ កក្កដា នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដសរុបចំនួនជិត ៧ម៉ឺន៦ពាន់នាក់ អ្នកជាសះស្បើយសរុបមានជិត៧ម៉ឺននាក់ និង ករណីស្លាប់សរុប ១ពាន់៣រយនាក់៕
អត្ថបទ៖ ស៊ើង និមល់