ការវិនិយោគទុន

រដ្ឋាភិបាលចិនស្នើឱ្យសហគ្រាសរដ្ឋត្រួតពិនិត្យ លើការវិនិយោគក្នុងក្រុមហ៊ុន Ant Group របស់មហាសេដ្ឋី Jack Ma


វិធានការតឹងរ៉ឹងរបស់រដ្ឋាភិបាលចិន ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗនៅឆ្នាំ២០២២ ហាក់នៅតែបន្ដធ្វើឡើងក្ដៅគគុកដដែល។ ជាក់ស្ដែង ថ្មីៗនេះ និយតករចិនបានស្នើទៅកាន់សហគ្រាសគ្រប់គ្រងដោយរដ្ឋចិន ឱ្យចាប់ផ្តើមការត្រួតពិនិត្យជាថ្មី លើការវិនិយោគ និងទំនាក់ទំនងផ្សេងទៀតរវាងក្រុមហ៊ុនរដ្ឋទាំងនោះ ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Group របស់មហាសេដ្ឋី ជេក ម៉ា។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Nikkei Asia។
ការវិនិយោគក្រុមហ៊ុន Ant

ការស្នើ​ឡើង​របស់​និយ័តករ​ចិនបែបនេះ បានធ្វើឲ្យ​​អ្នកវិនិយោគជាច្រើនមានការបារម្ភអំពីការអូសបន្លាយយូរ​នៃការបង្ក្រាបពីសំណាក់រដ្ឋាភិបាលចិន​ទៅលើ​ក្រុមហ៊ុន​​ច្ចេកវិទ្យា​យក្សៗ ខណៈដែលកន្លងមក​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្សៗរបស់ចិនជាច្រើន​ត្រូវបាន​រងការបង្ក្រាបយ៉ាងចាស់ដៃពីអាជ្ញាធរចិន​។

ការស្នើឡើងរបស់​និយ័តករចិន​ ដើម្បីត្រួតពិនិត្យ​​ការវិនិយោគ​របស់​ក្រុមហ៊ុន​រដ្ឋ ដែលមានវិនិយោគ និងមានជាប់ទងនឹង​ក្រុមហ៊ុន​ Ant Group របស់​មហាសេដ្ឋីចិន Jack Ma នេះ គឺបាន​ធ្វើឡើង​កាលពីសប្ដាហ៍មុននេះ ប៉ុន្ដែ គេមិនច្បាស់នៅឡើយទេថា តើ​ក្រុមហ៊ុនទាំងនោះ ត្រូវបាន​អាជ្ញាធរ​បាន​កំណត់ថ្ងៃ​ឲ្យមានការ​បញ្ជូន​ឯកសារទៅឲ្យ​អាជ្ញាធរ​ឬក៏អត់នោះទេ។ ហើយគេក៏មិនទាន់ដឹងដែរថា បើក្រុមហ៊ុនទាំងនោះខកខានការផ្ដល់ឯកសារ​ទាំងនោះ តើអាជ្ញាធរនឹងមានចំណាត់អ្វីបន្ដទៀតនោះដែរ។ 

មែនទែនទៅ ក្រុមហ៊ុន Ant Group ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alibaba ត្រូវបានទទួលរងនូវការរៀបចំរចនាសម្ព័ន្ធឡើងវិញ​ពីសំណាក់រដ្ឋ​អំណាចក្រុងប៉េកាំង ក្រោយការបោះផ្សាយលក់មូលបត្រ ឬហៅថា IPO របស់ក្រុមហ៊ុននេះ​ចំនួន ៣៧ ពាន់លានដុល្លារ ត្រូវបានផ្អាកដំណើរការ ព្រោះតែត្រូវមានការត្រួតពិនិត្យឡើងវិញពីនិយ័តករចិន កាលពីចុងឆ្នាំ ២០២០។ 

ចាប់តាំងពីការលុបចោលការបោះផ្សាយ IPO មក ក្រុមហ៊ុន Ant Group ដែលគ្រប់គ្រងដោយស្ថាបនិកមហាសេដ្ឋី ជេក ម៉ា បានចាប់ផ្តើមផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដែលត្រូវបាន​តម្រូវ​ដោយបទប្បញ្ញត្តិ​ជាច្រើន​របស់​រដ្ឋាភិបាល។

ការដាក់ចេញនូវបទបញ្ញត្តិថ្មីៗ​របស់​និយ័តករចិន គឺកើតមានឡើង​នៅពេលដែល​អាជ្ញាធរ​បន្ដ​ដាក់ចេញនូវ​គំនិតផ្ដួចផ្ដើមថ្មីបន្ថែមទៀត សម្រាប់​វិស័យ​បច្ចេកវិទ្យា​នៅក្នុងប្រទេសចិន ដែល​វិស័យនេះត្រូវបានរងកការបង្ក្រាប​ពីសំណាក់រដ្ឋាភិបាល​អស់រយៈពេលជាច្រើនឆ្នាំមកហើយ ព្រោះតែរដ្ឋាភិបាលចិន ចង់រក្សាហានិភ័យ​ហិរញ្ញវត្ថុ​ឲ្យស្ថិតនៅក្រោមការគ្រប់គ្រង​របស់ខ្លួន។​

វិធានការ​​របស់​រដ្ឋាភិបាលចិន​ចុងក្រោយនេះ ក៏បាន​បន្ថែមក្ដីព្រួយបារម្ភ​កាន់តែខ្លាំង​ពីសំណាក់​អ្នកវិនិយោគ ដោយសារពួកគេបារម្ភថា ទីក្រុងប៉េកាំងអាចនឹង​បន្ត​ការគៀបសង្កត់​ទៅលើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​កាន់តែខ្លាំង​​នៅក្នុងឆ្នាំនេះ ដែលវាអាចនឹងបង្កឱ្យការលក់ភាគហ៊ុន​នៅក្នុងវិស័យបច្ចេកវិទ្យាមានការធ្លាក់ចុះ។ 

គួរជម្រាបថា កាលពីខែមុន ក្រុមហ៊ុន China Cinda ដែលស្ថិតក្នុងចំណោម​ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋដ៏ធំបំផុតមួយក្នុងប្រទេសចិនបានប្រកាសលុបចោលកិច្ចព្រមព្រៀង​ទិញភាគហ៊ុន ២០% ក្នុងតម្លៃ ៩៤៤លានដុល្លារ ពីក្រុមហ៊ុន Ant Groupដោយសារតែរងសម្ពាធពីអាជ្ញាធររដ្ឋចិន៕ 

អត្ថបទ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពាណិជ្ជកម្មវៀតណាម និងឥណ្ឌានៅតែសម្រេចបានតួលេខកំណើន២ខ្ទង់នៅឆ្នាំ២០២១ ទោះជួបវិបត្តិកូវីដ១៩

ព័ត៌មាន
ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងឥណ្ឌាក្នុងឆ្នាំ ២០២១ បានកើនឡើងលើស ១៣ ពាន់លានដុល្លារជាលើកដំបូង ជាមួយអត្រាកំណើន ៣៦ ភាគរយបើធៀបនឹងឆ្នាំ២…

ទីបំផុតរុស្សីប្រកាសបើកប្រតិបត្តិការយោធាជាផ្លូវការនៅភាគខាងកើតអ៊ុយក្រែនហើយ ខណៈUNបើកកិច្ចប្រជុំបន្ទាន់

ព័ត៌មាន
នៅព្រឹកព្រលឹមស្រាងៗត្រូវនឹងម៉ោង៦ព្រឹកថ្ងៃព្រហស្បតិ៍ទី២៤កុម្ភៈ ម៉ោងនៅទីក្រុងម៉ូស្កូ។ប្រធានាធិបតីរុស្សីលោក វ្ល៉ាឌីមៀរ ពូទីន បានចេញមកថ្លែងសារដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ