កំណើនប្រើប្រាស់ធ្យូងថ្មនេះទៀតសោត ក៏កំពុងត្រូវបានគេមើលឃើញថា ហាក់ដើរផ្ទុយពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសធំៗជាច្រើន ក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ដ្បិតកន្លែងមកក្រុមប្រទេសសេដ្ឋកិច្ចធំៗជាច្រើនពិសេសលោកខាងលិច គឺប្រឹងប្រែងខ្លាំងណាស់ក្នុងការជំរុញឲ្យកាត់បន្ថយការប្រើប្រាស់ថាមពលធ្យូងថ្មនេះ សំដៅកាត់បន្ថយការប្រែប្រួលអាកាសធាតុ ពិសេសការកើនឡើងកម្ដៅផែនដី។ នេះបើយោងតាមប្រភពព័ត៌មានអន្តរជាតិធំៗជាច្រើន។
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានចេញរបាយការណ៍ថ្មីចុងក្រោយមួយរបស់ខ្លួន ដោយបានបង្ហាញថា ការប្រើប្រាស់ថាមពលធ្យូងថ្មសកលនឹងកើនឡើង ១,២% នៅឆ្នាំនេះ គឺមានលើស ៨ពាន់លានតោនក្នុងមួយឆ្នាំ ដែលជាកម្រិតច្រើនបំផុតមិនធ្លាប់មានពីមុនមក ខណៈដែលចំនួនប្រើប្រាស់ខ្ពស់បំផុតដែលធ្លាប់មានពីមុន គឺកាលពីអំឡុងឆ្នាំ២០១៣ ដែលកាលនោះ ដោយសារតែប្រទេសចិនមានតម្រូវការប្រើប្រាស់ច្រើន។
ទីភ្នាក់ងារថាមពលអន្តរជាតិបានព្យាករថា ការប្រើប្រាស់ធ្យូងថ្មនឹងនៅមានសភាពទ្រឹង នៅត្រឹមឆ្នាំ២០២៥ នៅគ្រាដែលការប្រើប្រាស់នៅក្នុងប្រទេសសេដ្ឋកិច្ចជឿនធ្លាក់ចុះ ដែលប៉ះប៉ូវដោយការបន្ដកើនឡើងតម្រូវការប្រើប្រាស់នៅក្នុងប្រទេសមានសេដ្ឋកិច្ចកំពុងរីកចម្រើននៅតំបន់អាស៊ីវិញ។
បញ្ហាសង្គ្រាមដែលកំពុងអូសបន្លយនៅអ៊ុយក្រែន បានក្លាយជាកត្តាចម្បងមួយ ដែលធ្វើឲ្យតម្រូវការប្រើប្រាស់ធ្យូងថ្មកើនឡើង ដោយសារតែសង្គ្រាមបានរំខានដល់ការផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ី។ តម្លៃឧស្ម័នធម្មជាតិបានកើនឡើងខ្លាំង បាននាំឲ្យប្រទេសនៅអឺរ៉ុបបានងាកមកប្រើប្រាស់ធ្យូងថ្មសម្រាប់បំប្លែងជាថាមពល។ ទោះយ៉ាងណា ទីភ្នាក់ងារថាមពលអន្តរជាតិ បានព្យាករថា កំណើនប្រើប្រាស់ធ្យូងថ្មនៅអឺរ៉ុបពេលនេះ គឺគ្រាន់តែជាតម្រូវការបណ្ដោះអាសន្នប៉ុណ្ណោះ ដោយវានឹងធ្លាក់ចុះមកវិញនៅប៉ុន្មានឆ្នាំខាងមុខ។
ក៏ប៉ុន្ដែ នៅតំបន់អាស៊ីវិញតម្រូវការធ្យូងថ្មត្រូវបានរំពឹងថា នឹងនៅតែរឹងមាំ ពិសេសនៅក្នុងប្រទេសទីផ្សារកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានតម្រូវការប្រើប្រាស់វាជាចាំបាច់ក្នុងការផ្គត់ផ្គង់ថាមពលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។ ប្រទេសចិន ដែលមានចំណែកប្រហែលពាក់កណ្ដាលនៃការប្រើប្រាស់ធ្យូងថ្មពិភពលោកនោះ នឹងមើលឃើញពីផលប៉ះពាល់ធំបំផុត ចំពោះនិន្នាការតម្លៃទំនិញប្រើប្រាស់។ នេះបើតាមការគូសបញ្ជាក់របស់ទីភ្នាក់ងារថាមពលពិភពលោក។
ដោយសារតែមានកំណើនតម្រូវការខ្លាំង តម្លៃធ្យូងថ្មបានហក់ឡើងខ្ពស់បំផុតនៅឆ្នាំនេះ ដោយតម្លៃនៅទីផ្សារគោល បានកើនដល់ប្រមាណ ៤៣០ដុល្លារក្នុងមួយតោន គិតក្នុងខែតុលាកន្លងទៅ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ តម្លៃនេះ គឺមានការកើនឡើង ៥៤ដុល្លារ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២១ ប្រទេសចិន ក្នុងការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងការពារការប្រែប្រួលអាកាសធាតុ ធ្លាប់បានចេញមុខសន្យានៅចំពោះមុខមេដឹកនាំពិភពលោកជាច្រើនថា ខ្លួននឹងឈប់បង្កើតរោងចក្រថាមពលធ្យូងថ្មនៅក្រៅប្រទេសតទៅទៀតហើយ។ ប៉ុន្ដែ នៅពេលមានបញ្ហាគំរាមកំហែងថាមពលសាកល ដោយសារវិបត្តិសង្គ្រាមអ៊ុយក្រែននោះ ប្រទេសចិននៅតែមានការអនុម័តគម្រោងរោងចក្រថាមពលធ្យូងថ្មនៅក្នុងស្រុកដដែល ទោះបីជាគម្រោងនៅក្រៅប្រទេសមិនបន្ដសាងសង់ក្ដី៕