ករណីឆ្លងកូវីដ១៩នៅចិន

ករណីឆ្លងកូវីដ១៩បន្ដកើនកាន់តែច្រើន ខណៈចំនួនអ្នកស្លាប់ត្រូវបានរំពឹងថានឹងកើនដល់១លាននាក់នៅឆ្នាំ២០២៣


ករណីឆ្លងជំងឺកូវីដ១៩ កំពុងចាប់ផ្តើមរីករាលដាលយ៉ាងលឿនរហ័សនៅទូទាំងប្រទេសចិន ក្រោយពីរដ្ឋាភិបាលក្រុងប៉េកាំង សម្រេចបោះបង់ចោលគោលនយោបាយកូវីដស្មើសូន្យ កាលពីសប្តាហ៍មុន។ ទោះរដ្ឋអំណាចមិនបានបង្ហាញពីទិន្នន័យអ្នកស្លាប់ដោយសារកូវីដ១៩ចាប់តាំងពីថ្ងៃទី៧ធ្នូមកក្ដី ប៉ុន្តែនៅប៉ុន្មានថ្ងៃចុងសប្តាហ៍មុននេះ គេឃើញកន្លែងបូជាសពនៃរដ្ឋធានីប៉េកាំង ហាក់មមាញឹកខុសធម្មតា ជាមួយនឹងក្រុមការងារលើកសព ដែលមានស្លៀកឯកសណ្ឋានការពារកូវីដ១៩ផងដែរ។
កូវីដ១៩នៅចិនចាប់ផ្តើមរាលដាលខ្លាំងឡើងវិញគួរឱ្យបារម្ភ!

ការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវអាមេរិកមួយបានវាយតម្លៃថា ការឈប់អនុវត្តវិធានការរឹតបន្តឹង បិទខ្ទប់តទៅទៀត នឹងធ្វើឲ្យចិនមានមនុស្សស្លាប់ដោយសារជំងឺកូវីដ ប្រមាណ ១លាននាក់ នៅឆ្នាំ ២០២៣។ នេះបើតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះនៅទីក្រុងប៉េកាំង ការរីករាលដាលនៃកូវីដ១៩ ប្រភេទ អូមីក្រុង បានធ្វើឱ្យប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ចចាប់ពីសេវាកម្ម និងការដឹកជញ្ជូនអាហារ និងទំនិញជាដើម។ ជំនួសមកវិញ គេឃើញមានភាពមមាញឹកជាងមុន នៅតាមកន្លែងរៀបចំបុណ្យសព និងកន្លែងបូជាសពនៅទូទាំងទីក្រុងប៉េកាំង ខណៈកំពុងខ្វះខាតកម្មករ និងអ្នកបើកបរឡាន ដឹកសព ក្រោយពួកគេកាន់តែច្រើនបានធ្វើតេស្តវិជ្ជមានកូវីដ១៩ដូចគ្នា ក្រោយពីបានប៉ះពាល់នឹងលើកដាក់សពអ្នកជំងឺ។

ដោយឡែក នៅក្នុងសេចក្តីប្រកាសចុះផ្សាយនៅថ្ងៃសៅរ៍សប្តាហ៍មុន ការិយាល័យអប់រំនៅទីក្រុងស៊ាងហៃក្រោយមើលឃើញពីករណីឆ្លងដូចនេះ បានដាក់បញ្ជាឲ្យគេបិទសាលា និងបង្រៀនតាមអនឡាញវិញ ចាប់ពីថ្ងៃទី ១៩ខែធ្នូតទៅ។

ករណីឆ្លងជំងឺកូវីដ១៩កំពុងចាប់រីករាលដាលយ៉ាងលឿនរហ័ស នៅទូទាំងប្រទេសចិន នៅបន្ទាប់ពីរដ្ឋាភិបាលសម្រេចបោះបង់ចោលគោលនយោបាយកូវីដសូន្យកាលពីសប្តាហ៍មុន។ ដោយលែងមានការអនុវត្តវិធានការបិទខ្ទប់ដ៏តឹងតែងដូចមុនទៀត អាជ្ញាធរចិនបានព្រមានពីរលកឆ្លងនៅតាមទីជនបទនៅពេលដែលប្រជាជនចិនសម្រុកធ្វើដំណើរទៅជួបជុំគ្រួសារក្នុងអំឡុងពិធីបុណ្យចូលឆ្នាំនៅប៉ុន្មានសប្តាហ៍ខាងមុខ។ អាជ្ញាធរចិនព្រួយបារម្ភខ្លាំងពីការផ្ទុះករណីឆ្លងក្នុងចំណោមប្រជាជននៅតាមទីជនបទ ជាទីដែលមានមនុស្សចាស់រស់នៅច្រើន ស្របពេល មនុស្សចាស់រាប់លាននាក់នៅមិនទាន់ចាក់វ៉ាក់សាំងគ្រប់ដូសនៅឡើយ ឬខ្លាំងមិនបានចាក់តែម្តង។

គួរជម្រាបថា តាមការសិក្សារបស់វិទ្យាស្ថានវាយតម្លៃសុខភាព របស់អាមេរិកដែលមានទីតាំងនៅទីក្រុងវ៉ាស៊ីនតោន ការដែលគេឈប់អនុវត្តវិធានការបិទខ្ទប់ដែលរដ្ឋអំណាចប៉េកាំងធ្លាប់អនុវត្តយ៉ាងតឹងរ៉ឹងអស់ពេល៣ឆ្នាំនោះ ចិននឹងអាចមានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ច្រើនជាង ១លាននាក់នៅឆ្នាំក្រោយឆ្នាំ២០២៣។ បើតាមការព្យាករណ៍របស់វិទ្យាស្ថានដដែល ករណីឆ្លងនៅចិននឹងឈានដល់កម្រិតខ្ពស់បំផុតនៅថ្ងៃទី០១ខែមេសាឆ្នាំ២០២៣ ស្របពេលដែលការស្លាប់នឹងកើនឡើងដល់ជាង៣២ម៉ឺននាក់។

សូមជម្រាបថា អាជ្ញាធរចិនបានឈប់ចេញផ្សាយរបាយការណ៍អ្នកស្លាប់ដោយសារកូវិដ១៩ប្រចាំថ្ងៃ ចាប់ពីថ្ងៃទី០៧ធ្នូមក ខណៈករណីស្លាប់ចុងក្រោយបំផុតត្រូវបានគេរាយការណ៍កាលពីថ្ងៃទី០៣ ខែធ្នូ។ បច្ចុប្បន្នចំនួនអ្នកស្លាប់សរុបដោយសារកូវិដ១៩នៅប្រទេសចិនមានចំនួន ៥២៣៥នាក់៕




អត្ថបទបន្ទាប់


អាជ្ញាធរតៃវ៉ាន់នឹងពិន័យក្រុមហ៊ុនFoxconn ជុំវិញការវិនិយោគបន្ទះឈីបនៅក្នុងក្រុមហ៊ុនរបស់ចិនដោយគ្មានការអនុញ្ញាត

ព័ត៌មាន
អាជ្ញាធរតៃវ៉ាន់បាននិយាយកាលពីចុងសប្ដាហ៍នេះថា តៃវ៉ាន់នឹងពិន័យក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកដ៏ធំបំផុតនៅក្នុងពិភ…

ការប្រើប្រាស់ធ្យូងថ្មឆ្នាំ២០២២ហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ចំពេលពិភពលោកជួបវិបត្តិថាមពល

ព័ត៌មាន
ការប្រើប្រាស់ធ្យូងថ្មដើម្បីបំប្លែងជាថាមពលអគ្គិសនីនៅទូទាំងសាកលលោកត្រូវបានទីភ្នាក់ងារថាមពលអន្តរជាតិរំពឹងទុកថា នឹងហក់ឡើងដល់កម្រិតខ្ពស់បំផុត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ