ក្រុមអ្នកស្រាវជ្រាវរបស់អឺរ៉ុបដដែលបានបានរកឃើញទៀតថា រលកកម្ដៅខ្លាំងកាលពីឆ្នាំ២០២២ នៅតំបន់អឺរ៉ុប តំបន់អាស៊ី និងសហរដ្ឋអាមេរិក គឺជាលទ្ធផល ដែលបានមកពីការដុតឥន្ធនៈហ្វូស៊ីល និងបញ្ចេញទៅក្នុងបរិយាកាសអស់រយៈពេលជាងមួយសតវត្សមកហើយ ទើបវាបានជួយជំរុញឱ្យមានកម្ដៅកើនឡើងខុសពីធម្មតាដូចនេះ។
ជាក់ស្តែង ទ្វីបអឺរ៉ុបបានជួបប្រទះរលកកំដៅដ៏សែនក្តៅបំផុតរបស់ខ្លួនក្នុងប្រវត្តិសាស្ត្រ។ ដោយឡែក ប្រទេសប៉ាគីស្ថានបានជួបប្រទះគ្រោះមហន្តរាយទឹកជំនន់បណ្ដាលមកពីការធ្លាក់ភ្លៀងខ្លាំង ហើយកាលពីខែកុម្ភៈឆ្នាំមុនទៀតសោត ទឹកកកនៅតំបន់អង់តាក់ទិករលាយយ៉ាងច្រើន ដោយនៅសល់ក្នុងកម្រិតទាបបំផុតមិនធ្លាប់មាន ក្នុងរយៈពេល៤៤ឆ្នាំចុងក្រោយ បើគេប្រៀបធៀបរូបថតដែលផ្តិតបានតាមរយៈផ្កាយរណប។
ភ្នាក់ងារអឺរ៉ុបសម្រាប់ការតាមដានការប្រែប្រួលអាកាសធាតុ បានរកឃើញទៀតថា មិនត្រឹមតែកាលពីឆ្នាំ ២០២២នោះទេ ប៉ុន្តែនៅ៨ឆ្នាំមកនេះ ពិភពលោកបានជួបអាកាសធាតុក្តៅខ្លាំង មិនធ្លាប់មាននៅក្នុងកំណត់ត្រា។ កាលពីឆ្នាំ២០១៦ ជាឆ្នាំដែលជាប់ចំណាត់ថ្នាក់លេខ១ ក្នុងនាមជាឆ្នាំ ដែលក្តៅខ្លាំងជាងគេបំផុតក្នុងពិភពលោក។ ជាមួយនឹងអាកាសធាតុក្តៅខ្លាំងជារៀងរាល់ឆ្នាំ ភ្នាក់ងារអឺរ៉ុបសម្រាប់ការតានដានការប្រែប្រួលអាកាសធាតុ ព្រមានថាកំដៅផែនដីនឹងមិនចុះត្រជាក់មកវិញងាយៗឡើយ ហើយបើមានអាកាសធាតុចុះត្រជាក់មកវិញមែន វានឹងក្លាយជាព្រឹត្តិការណ៍ដ៏កម្រទៅថ្ងៃអនាគត។
របាយការណ៍របស់ទីភ្នាក់ងារអឺរ៉ុបបង្ហាញទៀតថា នៅមួយទសវត្សរ៍ចុងក្រោយនេះ សីតុណ្ហភាពជាមធ្យមនៅក្នុងពិភពលោកបានកើនឡើងប្រមាណ១,១៤អង្សារ បើប្រៀបធៀបនឹងសម័យមុនមានការវិវត្តនៃឧស្សាហកម្ម។ អង្គការសហប្រជាជាតិបានព្រមានហើយថា ផែនដីរបស់យើងឡើងកំដៅត្រឹម១,១៤អង្សាសោះ ប៉ុន្តែផែនដីបានជួបគ្រោះមហន្តរាយធម្មជាតិ បង្កការខូចខាតធ្ងន់ធ្ងរប៉ុណ្ណឹងទៅហើយ ចុះប្រសិនបើថ្ងៃអនាគត ផែនដីនឹងឡើងកំដៅបន្ថែមលើសនេះទៀត តើពិភពលោកនឹងត្រូវទៅជាយ៉ាងណា?
នៅចំពោះមុខបញ្ហាចោទទាំងនេះ ទីភ្នាក់ងារអឺរ៉ុប និងក្រុមការងារពាក់ព័ន្ធ បានទាមទារឲ្យគេប្រញាប់ចាត់វិធានការបន្ទាន់ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដើម្បីជួយបញ្ចៀសសពិភពលោកពីគ្រោះមហន្តរាយធម្មជាតិ។
កន្លងមក ប្រទេសធំៗមានការជួបប្រជុំគ្នាជារឿយៗក្នុងការស្វែងរកដំណោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្ដៅភពផែនដីនេះ ប៉ុន្ដែ មកទល់ពេលនេះគេនៅមិនទាន់ឃើញមានដំណោះស្រាយអ្វីជាដុំកំភួននៅឡើយទេ ដ្បិតថាប្រទេសមហាអំណាចធំៗនៅតែមានការខ្វែងគំនិតគ្នា និងជាប់រវល់នឹងការប្រជែងឥទ្ធិពលភូមិសាស្ត្របាយ និងផលប្រយោជន៍សេដ្ឋកិច្ច៕
អត្ថបទ ៖ សុខ ជា