ជាក់ស្ដែង នៅរយៈពេល ១០ខែ ឆ្នាំ២០២១ ការនាំចេញសម្ភារៈធ្វើដំណើរ របស់កម្ពុជា បានកើនឡើងរហូតដល់ជាង ៥០% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ រីឯ ការនាំចេញសម្លៀកបំពាក់ ឯណោះវិញ បានកើនឡើងត្រឹម ៧% ប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០២១ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២២ របស់ក្រសួងពាណិជ្ជកម្ម។
ថ្លែងនាឱកាសសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២១ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២២ ប្រធានសមាគមរោងចក្រាត់ដេរ កម្ពុជា លោកឧកញ៉ា វ៉ាន់ ស៊ូអៀង បានគូសបញ្ជាក់ថា ឧស្សាហកម្មកាត់ដេរ បានរីកចម្រើនខ្លាំងចាប់ពីពាក់កណ្ដាលទស្សវត្សរ៍៩០ ហើយបានក្លាយជាកត្តាលីករសំខាន់មួយសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។ បើទោះបីជា កម្ពុជា បាននិងកំពុងជួបនូវវិបត្តិកូវីដ-១៩ តែឧកញ៉ា វ៉ាន់ ស៊ូអៀង បានសង្កត់ធ្ងន់ថា ដំណើរការនៃការនាំចេញផលិតផលសម្លៀកបំពាក់ វាយនភណ្ឌ នៅតែអាចដំណើរការជាធម្មតា បើទោះបី វិស័យនេះ បានរងផលប៉ះពាល់ខ្លះៗក៏ដោយ។
ដោយឡែក លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានគូសបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសថា លោកមានគំនិតសុទិដ្ឋិនិយមចំពោះវិស័យកាត់ដេរ និងវាយនភណ្ឌ នៅឆ្នាំ២០២២ ពិសេសសម្ទុះនៃការនាំចេញនូវសម្ភារៈធ្វើដំណើរនឹងបន្តកើនឡើងខ្លាំង ខណៈការនាំចេញផលិតសម្លៀកបំពាក់ កើនឡើងក្នុងកម្រិតមធ្យម។ លោក កាំង ម៉ូនីកា បានគូសបញ្ជាក់យ៉ាងដូច្នេះ ថា «បច្ចុប្បន្ន វិស័យកាត់ដេរ ចាប់ផ្ដើមមានស្ថិរភាពហើយ ហើយនៅឆ្នាំក្រោយក៏សង្ឃឹមដែរថា វិស័យនេះនឹងបន្តប្រសើរឡើង ខណៈដែលប្រទេសចិន ក៏បានចាប់ផ្ដើមបញ្ជាទិញផលិតសម្លៀកបំពាក់ពីកម្ពុជាដែរ»។
របាយការណ៍ពីក្រសួងពាណិជ្ជកម្មបង្ហាញថា នៅ១០ខែដំបូងឆ្នាំ២០២១ ការនាំចេញសរុបរបស់កម្ពុជាមានជាង១៤ពាន់លានដុល្លារថមថយចុះ ២% ខណៈការនាំចូលមកវិញមានដល់ទៅជាង ២៣ពាន់លានដុល្លារ កើនដល់ទៅ ៥៨%ឯណោះ បើធៀបនឹង១០ខែឆ្នាំ២០២០។ ក្នុងនោះដែរ នៅរយៈពេល ១០ខែ ឆ្នាំ២០២១ កម្ពុជាសម្រេចបានទឹកប្រាក់នាំចេញជិត ៩ពាន់លានដុល្លារ ពីការនាំចេញផលិតសម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរ៕