អនាគត​យុវកសិករ

រៀន​ចប់​ផ្នែក​​កសិកម្ម ចង់​ក្លាយ​ជា​"មេដឹកនាំ​កសិករ"​នៅ​ស្រុក​កំណើត


នៅ​កម្ពុជា យុវជន​ភាគ​ច្រើន​ចូលចិត្ត​ជ្រើសរើស​យក​មុខ​វិជ្ជាសិក្សា​​ណា​ដែល​នាំ​ឲ្យ​គេ​បាន​ការងារ​ធ្វើ​នៅ​ការិយាល័យ​មាន​ម៉ាស៊ីន​ត្រជាក់ ដូចជា ​ក្រុមហ៊ុន អង្គការ ធនាគារ ជាដើម។ ប៉ុន្តែ កម្លោះ សុន ឧត្ដម វ័យ ២៥ឆ្នាំ គិត​ខុស​ពី​យុវជន​ខ្មែរ​ភាគច្រើន។ ឧត្ដម ជ្រើសរើស​រៀន​ផ្នែក​កសិកម្ម និង​ចង់​ក្លាយ​ជា«មេដឹកនាំ​កសិករ»។
យុវជន សុន ឧត្ដម ចង់​ក្លាយ​ជា​មេដឹកនាំ​កសិកម្ម​សរីរាង្គ​វ័យ​ក្មេង
ដោយ

ក្នុងកិច្ចសម្ភាសន៍​ថ្មីៗ ជាមួយ ខេមបូណូមីស ឧត្ដម ប្រាប់​ពី​មូលហេតុ​ដែល​ខ្លួន​ជ្រើសរើស​ការសិក្សា​ផ្នែក​កសិកម្ម យ៉ាង​ដូច្នេះ ៖ «ខ្ញុំ​ស្រលាញ់​កសិកម្ម​តាំង​ពី​ក្មេង​។ ខ្ញុំ​ចង់​រៀន​កសិកម្ម ព្រោះ​ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​អាច​ជួយ​ដល់​អ្នក​ផ្សេង ឲ្យ​ធ្វើ​កសិកម្ម​បាន​ទិន្នផល​ច្រើន។ មួយ​ទៀត ខ្ញុំ​ស្រលាញ់​ជនបទ ខ្ញុំ​ចូលចិត្ត​ការរស់នៅ​នៅ​ជនបទ​ជាង​នៅ​ទីក្រុង។ អ៊ីចឹង ពេល​ខ្ញុំ​ធ្វើ​កសិកម្ម ខ្ញុំ​អាច​ទៅ​រស់នៅ​ជនបទ ជួយ​កសិករ​ឲ្យ​គាត់​ផលិត​បាន​ច្រើន ឲ្យ​គាត់​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន»

ឧត្ដម មាន​ស្រុក​កំណើត​នៅ​ក្រុង​ដូនកែវ ខេត្ត​តាកែវ បាន​មក​រៀន និង​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ក្សេត្រសាស្ត្រ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម (ចម្ការដូង) នៅ​ឆ្នាំ​២០១៤។ 

បន្ទាប់​ពី​រៀន​ចប់ផ្នែក​កសិកម្ម ឧត្តម បាន​ធ្វើការ​នៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយជិត​ពីរ​ឆ្នាំ ដើម្បី​បាន​បទ​ពិសោធន៍ រួច​ហើយ​ក៏​លា​ឈប់​ពី​ការងារ​អង្គការ មក​ចូលរួម​កម្មវិធី​បណ្ដុះ​បណ្ដាល«អ្នក​ដឹកនាំ​កសិកម្ម​សរីរាង្គ​វ័យ​ក្មេង» ដែល​ផ្ដួចផ្ដើម​ដោយ​លោក​បណ្ឌិត យ៉ង សាំងកុមារ ស្ថាបនិក​អង្គការ​កសិកម្មរ សេដាក។

កង្វល់​ពី​សុវត្ថិភាព​ចំណី​អាហារ​ធ្វើ​ឲ្យ​ ឧត្ដម ចង់​ធ្វើ​កសិកម្ម​សរីរាង្គ

ហេតុ​ដែល​ ឧត្តម ចូលរៀន​វគ្គ​នេះ គឺ​ក្នុង​គោល​បំណង​ត្រៀម​លក្ខណៈ​បន្ថែម​សម្រាប់​ការ​ទៅ​ធ្វើ​កសិកម្ម​ដោយ​ខ្លួន​ឯង​នៅ​ឯ​ស្រុក​កំណើត ដើម្បី​រួម​ចំណែក​​ដល់​ការផលិត​ស្បៀង​អាហារ​គ្មាន​គីមី។

យុវជន សុន ឧត្ដម ថ្លែង​យ៉ាងដូច្នេះ ៖ «ខ្ញុំគិតថា បញ្ហា​សុវត្ថិភាព​ចំណី​អាហារ​ គឺ​ជា​បញ្ហា​មួយសម្រាប់​ប្រជាជន ពី​បច្ចុប្បន្ន​ទៅ​អនាគត។ មនុស្ស​យើង​ សំខាន់​គឺ​សុខ​ភាព ចុះ​បើ​អាហារ​ដែល​យើង​ហូប​ចុក​រាល់​ថ្ងៃ​គ្មាន​សុវត្ថិ​ភាព​សម្រាប់​យើង​ផង​ហ្នឹង ! អ៊ីចឹង យើង​ហូប​ទៅ​ប៉ះពាល់​សុខភាព យើង​ត្រូវ​ឈឺ ត្រូវ​ចំណាយ​លុយ​មើល​ជំងឺ។ ដូច្នេះ សុវត្ថិភាព​ចំណី​អាហារ គឺ​ជា​បញ្ហា​មួយ​របស់​សង្គម។ ដូច្នេះ យើង​ត្រូវ​ដោះស្រាយ​វា។ យើង​អាច​ធ្វើ​ជា​ម្ចាស់​កសិដ្ឋាន​សរីរាង្គ​ដើម្បី​​ផ្គត់ផ្គង់​អាហារ​ដែលឲ្យ​​ប្រជាពលរដ្ឋ​ខ្មែរ​ហូប​ចុក​ទៅ​ មាន​សុខភាព​ប្រសើរឡើង។ ពេល​សុខភាព​គាត់​ប្រសើរ​ឡើង ពួកគាត់​មិន​ចាំបាច់​ចំណាយ​ប្រាក់​ព្យាបាលជំងឺ គឺ​ដូច​ជា​ជួយ​ឲ្យ​ចំណូល​គាត់​កើន​ឡើង​ដែរ»

កម្ពុជា​នាំ​ចូល​បន្លែ​ពី​ប្រទេសជិត​ខាង​ក្នុង​មួយឆ្នាំៗ​រាប់​រយ​លាន​ដុល្លារ

ប្រទេស​កម្ពុជា ជា​ច្រើន​ជំនាន់​មនុស្ស​​មក​ហើយ គេ​ចាត់​ទុក​ជា​ប្រទេស​កសិកម្ម។ ប៉ុន្តែ ជាង​មួយ​ទសវត្ស​ចុង​ក្រោយ​នេះ វិស័យ​កសិកម្ម​កម្ពុជា​ហាក់​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ 

ការនាំ​ចូល​ផលិតផល​កសិកម្ម​ពី​ប្រទេស​ជិត​ខាង បាន​ធ្វើ​ឲ្យ​ផលិតផល​ក្នុង​ស្រុក​ប្រកួត​ប្រជែង​មិន​ឈ្នះ តម្លៃ​ចុះ​ថោក​ខ្លាំង កសិករ​ផលិត​លែង​ចំណេញ ខ្លះ​ក៏​បង្ខំ​ចិត្ត​បោះ​បង់​កសិកម្ម​ ហើយ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ទីក្រុង ឬ​ប្រទេស​ជិត​ខាង។ 

ម្យ៉ាងវិញ​ទៀត ផលិត​ផល​ចំណី​អាហារ បន្លែ​ត្រី​សាច់​ ដែល​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង ជា​រឿយៗ​ ត្រូវ​​បាន​គេ​រាយការណ៍​ថា ខូច​គុណភាព ឬ​មាន​ផ្ទុក​សារធាតុ​គីមី​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​ថែម​ទៀត​ផង។

លោក​បណ្ឌិត យ៉ង សាំងកុមារ ស្ថាបនិក​អង្គការ​កសិកម្ម​សរីរាង្គ សេដាក។ (រូបភាព៖ ហេង ភារម្យ)
ខ្ញុំ​ចង់​ឃើញ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ឈាន​មុខ​គេ​ខាង​កសិកម្ម​សរីរាង្គ
— បណ្ឌិត​ យ៉ង សាំងកុមារ

ការចង់​ក្លាយ​ខ្លួន​ជា​មេដឹកនាំ​កសិកម្ម​សរីរាង្គ​វ័យ​ក្មេង​របស់​យុវជន សុន ឧត្តម គឺ​បន្ទាប់​ពី​ ឧត្តម បាន​ស្គាល់​លោក​បណ្ឌិត យ៉ង សាំងកុមារ និង​បាន​ដឹង​អំពី​សកម្មភាព​បណ្ដុះ​បណ្ដាល​កសិករ​​នៅ​ទូទាំង​ប្រទេស​របស់​លោក​បណ្ឌិត។ 

តាម​ពិតទៅ ការបណ្ដុះ​បណ្ដាល​កសិកម្ម​សរីរាង្គ​ដល់​យុវជន​វ័យ​ក្មេង​ដែល​ស្រលាញ់​កសិកម្ម​នេះ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ «ពន្លក​បៃតង» ដែល​ផ្ដួចផ្ដើម​ដោយ​បណ្ឌិត​ យ៉ង សាំងកុមារ ស្ថាបនិក​អង្គការ សេដាក។ ពន្លក គឺ​សំដៅ​លើ​យុវជន​ដែល​ស្រលាញ់​កសិកម្ម រីឯ​ បៃតង គឺ​ធម្មជាតិ ឬ​កសិកម្ម​សរីរាង្គ។

«ពន្លក​បៃតង» ចង់​បង្កើត​អ្នក​ដឹកនាំ​កសិកម្ម​សរីរាង្គ​វ័យ​ក្មេង​ឲ្យ​បាន​ ១០០០នាក់

លោក​បណ្ឌិត យ៉ង សាំង​កុមារ ថ្លែង​ប្រាប់​ពី​ទស្សនវិស័យ​​នៃ​គម្រោង​នេះ យ៉ាង​ដូច្នេះ ៖ «ទៅ​ថ្ងៃ​មុខ យើងចង់​បណ្ដុះ​អ្នក​ដឹកនាំ​កសិកម្ម​សរីរាង្គ​វ័យ​ឲ្យ​បាន​យ៉ាង​តិច​ណាស់ ១០០០នាក់ ហើយ​អ្នក​ទាំង​ ១០០០នាក់​ហ្នឹង ត្រូវ​រាយប៉ាយ​នៅ​ទូទាំង​ប្រទេស ដើម្បី​​គាត់​ធ្វើ​ខ្លួន​គាត់​ផង និង​ដឹកនាំ​កសិករ​ផ្សេងៗ​ទៀត​ផង។ ហើយ​ជា​រួម យើង​ចង់​ឃើញ​កសិករ​រហូត​ដល់ ១​សែន​នាក់ ចេះ​ធ្វើ​កសិកម្ម​ពិត​ប្រាកដ ផលិត​ចំណី​អាហារ​លក់​ ផ្គត់ផ្គង់​ទីផ្សារ ប្រកួត​ប្រជែង​​ជាមួយ​គេ។ បើ​បាន​ដូច្នេះ ខ្ញុំ​រំពឹងថា ទស្សនវិស័យ​ដែល​កម្ពុជា​ជា​ប្រទេស​ឈាន​មុខ​គេ​ខាង​កសិកម្ម​សរីរាង្គ នឹង​ទទួល​បាន​ជោគជ័យ»

កម្មវិធី«ពន្លក​បៃតង»​នេះ ស្រដៀង​គ្នា​នឹង​កម្មវិធី​មួយ​របស់​អង្គការ សេដាក ដែល​មាន​ឈ្មោះ​ថា «សេដ្ឋី​ស្រុក​ស្រែ» ដែរ ដែល​បាន​អនុវត្ត​ជាច្រើន​ឆ្នាំ​មក​ហើយ។ គិត​មកទល់​នឹង​ឆ្នាំ​ទៅ​មិញ កម្មវិធី សេដ្ឋីស្រុក​ស្រែ មាន​កសិករ​ចូលរួម​ប្រមាណ ១០០០​នាក់​ហើយ ហើយ​ឆ្នាំ​នេះ លោក​បណ្ឌិត យ៉ង សាំងកុមារ ថា សេដាក គ្រោង​នឹង​ជ្រើសរើស​កសិករ​ ៣០០០នាក់​ថែម​ទៀត ឲ្យ​ចូលរួម​ក្នុង​កម្មវិធី។

ត្រលប់​ទៅ​យុវជន សុន ឧត្តម វិញ បន្ទាប់​ពី​បញ្ចប់​ការរៀនសូត្រ​យក​ចំណេះ​បន្ថែម​ពី​គម្រោង​របស់​លោក​​បណ្ឌិត យ៉ង សាំងកុមារ ទៅ ឧត្ដម មាន​មហិច្ឆតា​មួយ ៖ «ថ្ងៃ​អនាគត ខ្ញុំ​ចង់​បើក​កសិដ្ឋាន​មួយ​ឲ្យ​ធំ មាន​កសិករ​ដប់​ម្ភៃ​នាក់ ធ្វើ​ការ​ឲ្យ​ខ្ញុំ​ដោយ​ទទួល​ប្រាក់​ចំណូល​សមរម្យ ដើម្បី​កាត់​បន្ថយ​ការ​ចំណាកស្រុក។ ស្រុក​ខ្មែរ​យើង​ឥឡូវ កសិករ​ចំណាក​ស្រុក​ច្រើន... ដូច្នេះ នៅ​ក្នុង​សហគមន៍ បើ​មាន​កសិដ្ឋាន​មួយ គាត់​អាច​មក​ធ្វើការ​នៅ​កសិដ្ឋាន​ ហើយ​​​ទំនេរ​អាច​មើល​ថែ​កូន​ចៅ​ពួកគាត់​បាន​ថែម​ទៀត»




អត្ថបទបន្ទាប់


កម្ពុជា​ចម្លង​ពី​អាមេរិក ឬ អាមេរិក​ចម្លង​ពី​កម្ពុជា?

ឲ្យ​តែ​និយាយ​ពី​ស្តង់ដារ​ប្រជាធិបតេយ្យ នយោបាយ សង្គម និង​ការដឹកនាំ​គ្រប់គ្រង​អ្វីៗ​ផ្សេង​ទៀត ក្រុម​អ្នក​មាន​ទំនោរ​ទៅ​អាមេរិក តែង​តែ​លើក​…

ក្នុង​មួយ​ទសវត្ស​ទៅ​មុខ តើ​ Facebook គ្រោង​ធ្វើ​អ្វី​ខ្លះ?

ហ្វេសប៊ុក (Facebook) ថ្ងៃ​នេះ និង​ថ្ងៃ​ខាង​មុខ គឺ​រីក​កាន់​តែ​ធំ ជាង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ គេ​នៅ​ចាំបាន​ថា កាល​ពី​ថ្ងៃទី១ ខែ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ