ឯកឧត្តម ប៉ុល សុខា អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ បានឲ្យដឹងថា ផ្ទៃដីដាំដុះកៅស៊ូសរុបរបស់កម្ពុជា នាពេលបច្ចុប្បន្ននេះ មានជាង ៤៣ម៉ឺនហិកតា ដែលក្នុងនោះ មានប្រហែលជា ៦៤% ជាដីកៅស៊ូកសិឧស្សាហកម្ម និងផ្ទៃដីកៅស៊ូចៀរជ័រមានប្រមាណ ១៧ម៉ឺនហិកតា។
ជាមួយគ្នានេះ រោងសិប្បកម្មកែច្នៃកៅស៊ូ មានចំនួន ១៣៩កន្លែង និងអាចផលិតកៅស៊ូស្ងួតបានជាង ១៩ម៉ឺនតោនក្នុងមួយឆ្នាំៗ។
តាមរបាយការណ៍អគ្គនាយកដ្ឋានកៅស៊ូបានឲ្យដឹងទៀតថា រយៈពេលពេញ១ឆ្នាំ២០១៧ កន្លងទៅ កម្ពុជាបានបញ្ចេញលក់កៅស៊ូបានប្រមាណជាង ១៨ម៉ឺន៨ពាន់តោន កើនឡើងជាង៤ម៉ឺនតោនធៀបនឹងឆ្នាំមុន ខណៈដែលតម្លៃលក់ជ័រកៅស៊ូជាមធ្យម ក្នុងឆ្នាំ២០១៧ មានជាង ១ពាន់៥០០ដុល្លារអាមេរិក ក្នុង១តោន កើនឡើងប្រមាណ ៣០០ដុល្លារ ឬស្មើនឹង២៤% ធៀបនឹងតម្លៃកាលពីឆ្នាំ២០១៦។
យ៉ាងណាក៏ដោយចុះ កាលពីខែមករា ឆ្នាំ២០១៨នេះ តម្លៃជ័រកៅស៊ូបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ បើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំ២០១៧ ពោលគឺបានធ្លាក់ចុះ ពីតម្លៃជាមធ្យម ជិត ២ពាន់ដុល្លារ ក្នុងមួយតោន កាលពីខែមករា ឆ្នាំ២០១៧ មកនៅតែជាង១ពាន់៤០០ដុល្លារប៉ុណ្ណោះក្នុងមួយតោន សម្រាប់ខែមករា ឆ្នាំ២០១៨នេះ។
យ៉ាងណាក៏ដោយ គេសង្កេតឃើញថា បរិមាណបញ្ចេញលក់ជ័រកៅស៊ូក្នុងខែមករាឆ្នាំនេះ មានចំនួនជាង១ម៉ឺន៨ពាន់តោន ដែលមានការកើនឡើងជាង ៤ពាន់៥រយតោន ស្មើនឹងកំណើន ៣២% បើធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន។
សូមជម្រាបថា កៅស៊ូធម្មជាតិ គឺជាដំណាំយុទ្ធសាស្រ្តដែលផ្តល់ពហុប្រយោជន៍ជាច្រើនដល់អ្នកដាំ ដល់សេដ្ឋកិច្ចជាតិ សង្គមបរិស្ថាន និងចូលរួមលើកកម្ពស់ប្រាក់ចំណូលសេដ្ឋកិច្ច និងចូលរួមកាត់បន្ថយភាពក្រីក្រ តាមរយៈការបង្កើតការងារ មុខរបរ កាត់បន្ថយការចំណាកស្រុក និងផ្ដល់ជាប្រយោជន៍ជាច្រើនទៀតដល់ធនធានធម្មជាតិនិងបរិស្ថាន៕