
ស្របពេលសាលាជាច្រើន បានបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ ជិត១ខែ សាលាមួយចំនួននៅតាមខេត្តជាប់បណ្តោយព្រំដែនថៃ មិនទាន់បើកទ្វារឲ្យសិស្សចូលរៀននៅឡើយទេ មកដល់ពេលនេះ។ រដ្ឋមន្តីក្រសួងអប់រំ យុវជន និងកីឡាឯកឧត្តម ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ការបន្តបិទទ្វារនេះ ដោយសារសាលាទាំងនោះ ត្រូវបានយកទៅធ្វើជាមណ្ឌលចត្តាឡីស័ក សម្រាប់ដាក់ពលករមកពីប្រទេសថៃ។
ទោះបីសាសារៀនទាំងនោះមិនទាន់បើកទ្វារឲ្យសិស្សចូលរៀនក៏ដោយ ប៉ុន្តែមិនមានន័យថា សិស្សទាំងនោះមិនបានរៀននោះទេ។ ពោលគឺសិស្សទាំងនោះត្រូវបានយកទៅផ្ញើ និងដាក់បញ្ចូលឲ្យរៀនជាមួយសាលារៀនដទៃ ដែលមានទីតាំងនៅក្បែរនោះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហង់ជួន ណារ៉ុន។
គួររំលឹកថា ក្រសួងអប់រំ យុវជន និងកីឡាបានឲ្យសាលារដ្ឋទាំងអស់បើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ក្រោយរាជរដ្ឋាភិបាលកម្ពុជាប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ ព្រឹត្តិការណ៍នេះ សំដៅដល់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍៕
សូមរងចាំទស្សនាសេចក្តីរាយការណ៍បន្ថែមជុំវិញបញ្ហានេះ!