ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលដឹកនាំកិច្ចប្រជុំពិនិត្យលើគម្រោងវិនិយោគ និងធុរកិច្ច ក្រសួងសេដ្ឋកិច្ច បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងវិនិយោគ និងធុរកិច្ចចំនួន២៤ ដែលមានទំហំវិនិយោគ១២៩លានដុល្លារ ។ ក្នុងចំណោមគម្រោង និងធុរកិច្ចទាំងនេះ មានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង គម្រោងដែលចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០២៤ ការពង្រីកគម្រោង និងគម្រោងដែលមានស្រាប់។
ក្នុងក្របខ័ណ្ឌកម្មវិធីពិសេសនេះ គិតចាប់ពីខែកុម្ភៈ ដល់ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារបានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងចំនួន៦១ ដែលមានទំហំវិនិយោគសរុបប្រមាណ៣,៧ពាន់លានដុល្លាររួចមកហើយ។ ចំនួននេះមានការកើនឡើងជាបន្តបន្ទាប់ គឺកើនឡើង៦៧១% បើគិតចាប់ពីខែ កុម្ភៈ រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ។
បើតាមក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ គិតចាប់ពីខែកុម្ភៈ ដល់ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់អត្ថប្រយោជន៍ពិសេសជូនគម្រោងចំនួន៨៥ ដែលមានទុនវិនិយោគជិត៤ពាន់លានដុល្លារអាម៉េរិក។ ជាមួយគ្នានេះដើម្បីធានាការអនុវត្តដោយរលូន និងដោះស្រាយបញ្ហាប្រឈមផ្សេងទៀតជាយថាហេតុ ក្រុមការងារបានតាមដានការអនុវត្តគោលការណ៍លើកទឹកចិត្ត ដែលបានផ្តល់ជូនរួច និងរាយការណ៍ជូនអង្គប្រជុំជាប្រចាំ។
សូមជម្រាបជូនថា កាលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ដោយដាក់ចេញនូវវិធានការនានារួមទាំងការផ្តល់អត្ថប្រយោជន៍ពិសេសជូនវិនិយោគិន និងធុរជន ដែលស្នើសុំ និងអនុវត្តគម្រោងក្នុងឆ្នាំ២០២៤ ក្នុងខេត្តព្រះសីហនុ។ រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក្រោមឆ័ត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង មានសមាសភាពចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តយន្តការត្រួតពិនិត្យ និងសម្រេចរួមគ្នាជាកញ្ចប់ តាមសមត្ថកិច្ចរបស់ក្រសួងស្ថាប័ននីមួយៗ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ព្រមទាំងចំណាយពេលវេលាតិច៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ