វិស័យសេដ្ឋកិច្ច

តើការពន្យារពេលចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច បានផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់កម្ពុជា?


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា បានបំពេញគ្រប់លក្ខខណ្ឌក្នុងការចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចជាយូរហើយដែរ ប៉ុន្តែរាជរដ្ឋាភិបាល សម្រេចពន្យារពេលរហូតដល់ចុងឆ្នាំ២០២៩ ដើម្បីទុកពេលពង្រឹងសមត្ថភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំជាមុនសិន។ ការចាកចេញពីចំណាត់ថ្នាក់នេះ នឹងធ្វើឱ្យកម្ពុជា ប្រឈមនឹងបញ្ហាថ្មីៗផ្នែកពាណិជ្ជកម្ម និងការនាំចេញ ដូចជាការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ ការរឹតបន្តឹងលើវិធានដើមកំណើតទំនិញ និងលក្ខខណ្ឌហិរញ្ញប្បទានអន្តរជាតិ។
វិស័យសេដ្ឋកិច្ច
ដោយ

តែវាក៏ជាឱកាសសម្រាប់កម្ពុជា ក្នុងការពង្រឹងសមត្ថភាព លើកកម្ពស់កិត្យានុភាពជាតិ ទាក់ទាញទំនុកចិត្តវិនិយោគិន និងធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក។ តើការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចអាចផ្តល់ផលវិជ្ជមាន និងអវិជ្ជមានយ៉ាងណា?
លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានវាយតម្លៃថា ការពន្យារពេលចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចរហូតដល់ឆ្នាំ២០២៩ គឺជាយុទ្ធសាស្ត្រដ៏ល្អិតល្អន់ និងឈ្លាសវៃសម្រាប់សេដ្ឋកិច្ចកម្ពុជា ចំពេលដែលសេដ្ឋកិច្ចសកលកំពុងញាំញីដោយវិបត្តិជាបន្តបន្ទាប់។ លើសពីនេះ វាជាខែលការពារក្នុងការជួយឱ្យកម្ពុជា រក្សាបាននូវភាពអនុគ្រោះពន្ធ និងកម្ចីសម្បទានមួយចំនួនក្នុងដំណាក់កាលអន្តរកាល។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា កម្ពុជា ចាំបាច់ត្រូវត្រៀមខ្លួនបន្ថែមនៅពេលចាកចេញពីប្រទេស LDC តាមរយៈការបង្កើនភាពប្រកួតប្រជែងដោយមិនពឹងផ្អែកលើការអនុគ្រោះពន្ធ ការបញ្ចប់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដើម្បីកាត់បន្ថយថ្លៃដើម និងការចាកចេញដោយជំហររឹងមាំឆ្ពោះទៅជាប្រទេសចំណូលខ្ពស់ដោយមិនត្រឡប់ក្រោយ។
ជាមួយគ្នានេះ លោកបណ្ឌិត ឈឹម ផាន់ណា អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ច-ទេសចរណ៍នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការកំណត់យកចុងឆ្នាំ២០២៩ គឺជាជម្រើសយុទ្ធសាស្ត្របែបប្រាកដនិយម និងជាពេលវេលាសមស្របបំផុតសម្រាប់ការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចប្រកបដោយលំនឹង ដើម្បីបញ្ចៀសហានិភ័យភ្លាមៗ។ សម្រាប់អ្នកជំនាញរូបនេះ ដំណាក់កាលអន្តរកាលនេះនឹងផ្តល់ឱកាសឱ្យកម្ពុជា ពង្រឹងភាពធន់ នៃសេដ្ឋកិច្ច និងបង្កើនផលិតភាព ដើម្បីលើកស្ទួយកិត្យានុភាព និងទំនុកចិត្តវិនិយោគរយៈពេលវែង។ ដើម្បីឱ្យពេលវេលានេះកាន់តែមានប្រសិទ្ធភាព លោកបណ្ឌិត ជំរុញឱ្យមានការចូលរួមព្រមគ្នាពីរាជរដ្ឋាភិបាល វិស័យឯកជន និងស្ថាប័នស្រាវជ្រាវ សំដៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។
ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា ការដែលកម្ពុជា ពន្យារពេលចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចដល់ចុងឆ្នាំ២០២៩ គឺដើម្បីយកពេលវេលាត្រៀមលក្ខណៈឱ្យបានរឹងមាំក្នុងការត្រៀមរៀបចំការប្រកួតប្រជែងក្នុងបរិបទថ្មី ដែលភាពអនុគ្រោះមួយចំនួនត្រូវបញ្ចប់ និងធានាថាក្រោយការចាកចេញនឹងទទួលបានផលប្រយោជន៍សេដ្ឋកិច្ចប្រកបដោយចីរភាពពិតប្រាកដ។ បើតាមសម្តេចធិបតី ដ្បិតពេលនេះកម្ពុជា មិនទាន់បានចាកចេញពីប្រទេស LDC ក៏ពិតមែន ប៉ុន្តែកម្ពុជា បានបំពេញគ្រប់លក្ខខណ្ឌតាមសូចនាករទាំងបីរបស់អង្គការសហប្រជាជាតិរួចរាល់តាំងពីឆ្នាំ២០២៤ មកម្ល៉េះ។
គួររំលឹកថា កម្ពុជា ត្រូវបានដាក់បញ្ចូលក្នុងក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) កាលពីឆ្នាំ១៩៩១។ យោងតាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិ កម្ពុជា បានបំពេញលក្ខខណ្ឌវិនិច្ឆ័យលើកទី១ នៅឆ្នាំ២០២១ និងទទួលបានការអនុម័តឱ្យចាកចេញនៅឆ្នាំ២០២៤។ ក្រោយទទួលបានការអនុម័ត កម្ពុជាមានជម្រើសពីរសម្រាប់រយៈពេលអន្តរកាល គឺ៣ឆ្នាំ និង៥ឆ្នាំ។ តាមរយៈការសិក្សាវិភាគយ៉ាងល្អិតល្អន់របស់គណៈកម្មការគោលនយោបាយ និងការពិគ្រោះយោបល់ជាមួយដៃគូពាក់ព័ន្ធ រាជរដ្ឋាភិបាលបានសម្រេចជ្រើសរើសយករយៈពេល៥ឆ្នាំ ពោលគឺចាកចេញជាផ្លូវការនៅចុងឆ្នាំ២០២៩ ខាងមុខ៕

អត្ថបទ សោម ស្រីពេជ្រ




អត្ថបទបន្ទាប់


គម្រោងសាងសង់អគារខ្ពស់កប់ពពក Trump Tower របស់គ្រួសារ លោក ដូណាល់ ត្រាំ គ្រោងលេចរូបរាង​នៅទីក្រុងហាណូយ

ដៃគូធុរកិច្ចរបស់ក្រុមហ៊ុន Trump Organization នៅប្រទេសវៀតណាម កំពុងរៀបចំ​គម្រោងសាងសង់អគារខ្ពស់កប់ពពកមួយដែលមានឈ្មោះថា Trump Tower នៅទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ