ចិនបញ្ជូលកងទ័ពទៅរុស្សីដើម្បីធ្វើសមយុ

ចិននឹងបញ្ជូនទ័ពទៅរុស្ស៊ីដើម្បីធ្វើសមយុទ្ធ វូស្តុក (Vostok) ស្របពេលសង្គ្រាមរុស្សីនៅអ៊ុយក្រែននៅតែបន្តឥតដកដៃ


បើទោះបីជា កំពុងជាប់ដៃប្រយុទ្ធក្នុងសង្គ្រាមនៅអ៊ុយក្រែន ជាមួយនឹងការចំណាយដ៏ច្រើនលើសលុបក្ដី ប៉ុន្ដែរុស្ស៊ីនៅតែចំណាយពេលវេលា និងធនធាន ដើម្បីបន្ដពង្រឹងចំណងមិត្តភាពយោធារបស់ខ្លួនជាមួយដៃគូររបស់ខ្លួនតាមរយៈការធ្វើសមយុទ្ធយោធា។ តួយ៉ាង រុស្ស៊ីនឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងការធ្វើសមយុទ្ធយោធារួមគ្នាមួយ ដោយមានការចូលរួមពីប្រទេសជាច្រើន។
ចិននឹងបញ្ជូនទ័ពទៅរុស្ស៊ីដើម្បីធ្វើសមយុទ្ធ វូស្តុក (Vostok) ស្របពេលសង្គ្រាមរុស្សីនៅអ៊ុយក្រែននៅតែបន្តឥតដកដៃ

ក្នុងនោះ ក្រសួងការពារជាតិចិនបាននិយាយកាលពីថ្ងៃពុធ ទី១៧ ខែ សីហានេះថា កងទ័ពចិនត្រៀមខ្លួនជាស្រេចហើយ ក្នុងការធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ដើម្បីចូលរួមក្នុងសមយុទ្ធយោធារួមគ្នាដែលដឹកនាំដោយម្ចាស់ផ្ទះរុស្សី ហើយមានការចូលរួមពីប្រទេសឥណ្ឌា បេឡារុស្ស ម៉ុងហ្គោលី តាជីគីស្ថាន និងប្រទេសដទៃទៀត។ នេះបើតាមការចុះផ្សាយដោយសារព័ទ៌មានអន្តរជាតិធំៗ។

ក្រសួងការពារជាតិចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការចូលរួមសមយុទ្ធរួមគ្នារបស់ចិននេះគឺ មិនជាប់ទាក់ទងទៅនឹងស្ថានភាពអន្តរជាតិ និងតំបន់នាពេលបច្ចុប្បន្ននេះនេះទេ»។

គួររំលឹកថា កាលពីខែកក្កដាកន្លងទៅ ទីក្រុងមូស្គូបានប្រកាសផែនការធ្វើសមយុទ្ធរួមគ្នា ដែលឲ្យឈ្មោះថាវូស្តុក (Vostok) ខាងកើត ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញា ទោះបីជាខ្លួនជាប់ដៃធ្វើសង្រ្គាមជាមួយអ៊ុយក្រែនក៏ដោយ។ ប៉ុន្តែកាលនោះ រុស្សីមិនបានបញ្ជាក់ថា នឹងមានប្រទេសណាចូលរួមក្នុងសមយុទ្ធរួមនេះទេ។

មួយវិញទៀត ក្រសួងការពារជាតិចិនបានបញ្ជាក់ថា ការចូលរួមរបស់ខ្លួននៅក្នុងសមយុទ្ធនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការប្រចាំឆ្នាំទ្វេភាគី ដែលកំពុងបន្តជាមួយរុស្ស៊ីតាំងពីដើមរៀងមក។

សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា «គោលបំណងនៃសមយុទ្ធនេះគឺដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែស៊ីជម្រៅ និងបង្កើនមិត្តភាព ក៏ដូចជាយុទ្ធសាស្រ្តក្នុងចំណោមប្រទេសភាគីដែលចូលរួម ព្រមទាំងពង្រឹងសមត្ថភាពក្នុងការឆ្លើយតបទៅនឹងការគំរាមគំហែងផ្នែកសន្តិសុខផ្សេងៗ»។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្សី (TASS) បានឲ្យដឹងថា សមយុទ្ធ និងបញ្ជាការយុទ្ធសាស្ត្រវូស្តុក (Vostok-2022) នេះ នឹងធ្វើឡើងក្រោមការបញ្ជារបស់អគ្គសេនាធិការរុស្ស៊ី លោកវ៉ាលេរ៊ី ជើរ៉ាសៃម៉ូស (Valery Gerasimov) ដែលនឹងធ្វើឡើងចំនួន ១៣ កន្លែងនៅស្រុកភាគខាងកើតនៃប្រទេសរុស្សី។

ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ក្នុងអំឡុងពេលសមយុទ្ធនេះ កងកម្លាំងដែលចូលរួមនឹងអនុវត្តវិធានការដើម្បីរក្សាសន្តិសុខផ្នែកយោធានៅក្នុងតំបន់ភាគខាងកើតផងដែរ។

សូមជម្រាបថា កាលពីមួយឆ្នាំមុនក្នុងខែសីហានេះ រុស្ស៊ី និងចិនបានធ្វើសមយុទ្ធយោធារួមគ្នានៅភាគខាងជើងប្រទេសចិនដែលមានឈ្នោះថា (Sibu/Cooperation-2021) ដោយមានទាហានចូលរួមជាង ១ ម៉ឺននាក់ពីប្រទេសទាំងពីរ។

មែនទែនទៅ គេមើលឃើញថា ក្រោមការដឹកនាំរបស់ប្រធានាធិបតីចិន លោក Xi Jinping និងសមភាគីរុស្ស៊ីលោក Vladimir Putin ទីក្រុងប៉េកាំង និងទីក្រុងមូស្គូមានទំនាក់ទំនងកាន់តែស្និតល្មួត ជាងពេលណាណាទាំងអស់ ហើយប្រទេសទាំងពីរថែមទាំងប្រកាសភាពជាដៃគូ «គ្មានដែនកំណត់» ហើយចិនក៏បានគេចវេសក្នុងការថ្កោលទោសរុស្សី ក្រោយវិមានក្រឹមឡាំងចូលឈ្លានពានប្រទេសអ៊ុយក្រែនផងដែរ៕




អត្ថបទបន្ទាប់


ការស្ទង់មតិបង្ហាញថា ក្រុមហ៊ុនជប៉ុនកាន់តែច្រើនបានដំឡើងប្រាក់ឈ្នួលដល់បុគ្គលិកដើម្បីទប់ស្កាត់បញ្ហាកង្វះពលកម្ម

ព័ត៌មាន
ក្រុមហ៊ុនជប៉ុនធំៗជាច្រើនកំពុងដំឡើងប្រាក់ឈ្នួលបុគ្គលិក ដើម្បីទាក់ទាញកម្មករនិយោជិត និងដោះស្រាយបញ្ហាកង្វះខាតបុគ្គលិក ដែលតែងកើតមានឡើងរ៉ាំរ៉…

ធនាគារ HSBC ព្យាករថា សិង្ហបុរីនឹងមានមហាសេដ្ឋីច្រើនជាងសហរដ្ឋអាមេរិក និងចិនក្នុងឆ្នាំ ២០៣០

ព័ត៌មាន
ធនាគារ HSBC បានអះអាងនៅក្នុងរបាយការណ៍មួយថា ក្នុងរយៈពេលប្រាំបីឆ្នាំខាងមុខ ចំនួនមហាសេដ្ឋីនៅក្នុងប្រទេសសិង្ហបុរីធៀបនឹងចំនួនប្រជាជនសរុប នឹ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ