ប្រព័ន្ធផ្សព្វផ្សាយក្រុងហុងកុង HK01 បានរាយការណ៍កាលពីថ្ងៃពុធថា ផ្ទះទាំង២នេះគឺស្ថិតនៅទីតាំង The Peak ដែលជាសង្កាត់ដ៏ល្បីល្បាញបំផុតមួយនៅក្នុងទីក្រុងហុងកុង និងមានតម្លៃសរុបជាង១ពាន់៥រយលានដុល្លារហុងកុងប្រហែល១៩២លានដុល្លារអាមេរិក ហើយផ្ទះនេះនឹងត្រូវកាន់កាប់ជាផ្លូវការដោយម្ចាស់បំណុលក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
បើតាមឯកសារដែលគេបានដាក់ទៅក្រសួងដែនដីក្រុងហុងកុង ម្ចាស់បំណុល គឺក្រុមហ៊ុនសាជីវកម្ម Orix Asia Capital បានចាត់ចែងអ្នកទទួលយកផ្ទះ ដែលនៅជាប់គ្នាទាំង២នេះរួចរាល់ហើយ ហើយឯកសារនេះបានបង្ហាញទៀតថា លោក ហួយ បានដាក់បញ្ចាំផ្ទះដ៏ប្រណីតទាំង២របស់លោកនេះជាមួយនឹងក្រុមហ៊ុន Orix Asia Capital Ltd នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ សម្រាប់កម្ចីទិញផ្ទះចំនួន១៤១លានដុល្លារអាមេរិក។
សូមរំលឹកថា កាលពីខែវិច្ឆិកា ឆ្នាំមុនផ្ទះមួយកន្លែងទៀតរបស់លោក ហួយ ដែលស្ថិតនៅក្បែរផ្ទះដ៏ប្រណីតទាំង២នេះ ក៏ត្រូវបានរឹបអូសដោយធនាគារសំណង់ចិនផងដែរ។ ក្រុមហ៊ុនអចលនទ្រព្យចិន Evergrande កំពុងប្រយុទ្ធប្រឆាំងនឹងញត្តិទាមទារសំណងមួយទៀត ដែលគេបានទុកពេលឱ្យដោះស្រាយរហូតដល់ថ្ងៃទី៤ ខែធ្នូ ដើម្បីបង្ហាញពីសំណើររៀបចំរចនាសម្ព័ន្ធបំណុលថ្មីឱ្យបានច្បាស់លាស់ បើមិនដូច្នេះទេក្រុមហ៊ុននេះនឹងប្រឈមមុខនឹងការរំលាយចោលទាំងស្រុងតែម្ដង។
ទ្រព្យសកម្មសំខាន់ៗរបស់ក្រុមហ៊ុននេះនៅក្នុងទីក្រុងហុងកុងរួមមានទីស្នាក់ការកណ្ដាល និងដីឡូតិ៍តាមទីជនបទដ៏ធំទូលាយមួយចំនួនត្រូវបានម្ចាស់បំណុលរឹបអូសកាលពីឆ្នាំមុន បន្ទាប់ពីក្រុមហ៊ុននេះបានជំពាក់បំណុលសាធារណៈដោយសារមានវិបត្តិសាច់ប្រាក់៕
អត្ថបទ៖ សុខ ជា