ក្រៅពីក្រុមហ៊ុននេះ ក៏មានក្រុមហ៊ុនមកពីប្រទេសមួយចំនួនបានបង្ហាញបំណងចង់រុករក និងបូមប្រេងនៅកម្ពុជាផងដែរ។
ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ប្រាប់ខេមបូណូមីសថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចប់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរុករក និងបូមប្រេង KrisEnergy ដែលជួបបញ្ហាក្ស័យធនរួចហើយ។ ហើយបច្ចុប្បន្នកម្ពុជា បានអនុញ្ញាតឲ្យក្រុមហ៊ុនមកពីកាណាដាដែលមានឈ្មោះថា EnerCam Resources Co. Ltd សិក្សាពីលទ្ធភាពក្នុងការបន្តប្រតិបត្តិការបូមប្រេងពីប្លុក A បន្តពីក្រុមហ៊ុនសិង្ហបុរី KrisEnergy។ មន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា បច្ចុប្បន្នការសិក្សាមិនទាន់បញ្ចប់នៅឡើយទេ ដោយក្រុមហ៊ុន EnerCam កំពុងសិក្សាទិន្នន័យ ដែលក្រុមហ៊ុននានាបានសិក្សាកន្លងមក ដើម្បីឈានទៅវាយតម្លៃ និងរៀបចំផែនការបូមប្រេងនៅប្លុក A បន្តពីក្រុមហ៊ុន KrisEnergy។
ឯកឧត្តមសង្កត់ធ្ងន់ថា ទោះបីក្រុមហ៊ុន EnerCam បានបញ្ចប់ការសិក្សា ក៏មិនទាន់ប្រាកដថា រាជរដ្ឋាភិបាលអនុញ្ញាតឲ្យក្រុមហ៊ុនមកពីកាណាដានេះ មកបូមប្រេងនៅកម្ពុជានោះដែរ។ ទោះយ៉ាងណា សម្រាប់កម្ពុជាវត្តមានរបស់ក្រុមហ៊ុននេះ វាជាការផ្តល់ក្តីសង្ឃឹមដល់ការរស់ឡើងវិញនៃប្រតិបត្តិបូមប្រេងនៅកម្ពុជា ដែលបានជាប់គាំងអស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ។
ឯកឧត្តម ជៀប សួរ បានបន្តទៀតថា ក្រោយតម្លៃប្រេងឥន្ធនៈសកលបានហក់ឡើងថ្លៃជាបន្តបន្ទាប់ និងក្រោយពេលរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែន ឃើញថា ក្រៅពីក្រុមហ៊ុន EnerCam របស់កាណាដា ក៏មានក្រុមហ៊ុនមកពីប្រទេសផ្សេងៗមួយចំនួនបានបង្ហាញបំណងចង់សិក្សា និងរុករកប្រភពប្រេងនៅប្លុកផ្សេងៗនៅកម្ពុជាផងដែរ។
គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យក្រុមហ៊ុន KrisEnergy ជាអ្នករុករក និងបូមប្រេងពីប្លុក A ក្នុងតំបន់អប្សរា នៃឈូងសមុទ្រកម្ពុជាកាលពីអំឡុងឆ្នាំ២០១៧។ ក្រោយមកនៅថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសពីការទទួលបានដំណក់ប្រេងដំបូងជាប្រវត្តិសាស្ត្រ ដែលត្រូវបានទាញយកដោយក្រុមហ៊ុនរបស់សិង្ហបុរីនេះ។ បច្ចុប្បន្នដំណក់ប្រេងដំបូងនេះ ត្រូវបានដំកល់ទុកនៅវិមានឈ្នះ-ឈ្នះ។ ក្រោយមកនៅអំឡុងខែមិថុនា ឆ្នាំ២០២១ ប្រតិបត្តិការបូមប្រេងពីប្លុក A ត្រូវបានផ្អាកដំណើរការរហូតមកដល់បច្ចុប្បន្ន ក្រោយក្រុមហ៊ុន KrisEnergy ក្ស័យធន ហើយប្រេងដែលបូមបានជិត៣០ម៉ឺនបារ៉ែល ក៏ត្រូវបានកប៉ាល់ MT Strovolos ដែលជាជាដៃគូររកស៊ីជាមួយក្រុមហុន KrisEnergy លួចដឹកចេញពីកម្ពុជា ទៅដល់ឥណ្ឌូនេស៊ីផងដែរ។ មកទល់ពេលនេះមានរយៈពេលជាង១ឆ្នាំហើយ ដែលប្រេងជិត៣០ម៉ឺនបារ៉ែលនោះ ត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីរឹបអូសទុក និងកំពុងតែបន្ដដំណើរការដោះស្រាយពាក់ព័ន្ធនឹងនីតិវិធីច្បាប់ជាមួយខាងភាគីកម្ពុជានៅឡើយ៕