ដីធ្លី-​ខេត្ត​កំពត

ផ្អើល​នាំ​គ្នា​ទិញ​ដី​ទុក​ចំណេញ​ពី​ចិន​នៅ​កំពត! អាជ្ញាធរ​ថា​មិន​ទាន់​មាន​ចិន​ច្រើន​ដូច​ផ្អើល​ទេ!


ខណៈ​ដែល​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​សម្រុក​ទៅ​ទិញ​ដី​នៅ​ខេត្ត​កំពត​ព្រោះ​គេ​ផ្អើល​តៗ​គ្នា​ថា វិនិយោគិន​ចិន​សម្រុក​អភិវឌ្ឍ​នៅ​ទី​នោះ មន្រ្តី​ជំនាញ​បាន​អះអាង​ថា មិន​ទាន់​មាន​វត្តមាន​ជនជាតិ​ចិន​ច្រើន​ដូច​ការ​ផ្អើល​និង​មិន​ទាន់​មាន​គម្រោង​ធំៗ​ចាប់​ផ្តើម​នៅ​ឡើយ​នោះ​ទេ។
រូបសំណាក​ផ្លៃ​ធុរេន តំណាង​ខេត្ត​កំពត។ រូបភាព៖ មន្ទីរទេសចរណ៍ខេត្តកំពត
ដោយ

ក្នុង​រយ:ពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ ខេត្ត​កំពត​បាន​ក្លាយ​ជា​ទិសដៅ​ដ៏​គួរ​ឱ្យ​ទាក់ទាញ​សម្រាប់​ការ​វិនិយោគ ជាពិសេស វិស័យ​ទេសចរណ៍​និង​អចលនទ្រព្យ​ដែល​នាំ​ឱ្យ​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នៃ​តម្លៃ​ដី​ធ្លី។ 

សព្វ​ថ្ងៃ​នេះ សកម្មភាព​នៃ​ការ​ទិញ​និង​លក់​ដី​ពី​សំណាក់​បង​ប្អូន​នៅ​ភ្នំពេញ​និង​បណ្តា​ខេត្ត​ផ្សេងៗ​នៅ​កំពត កំពុងតែ​មមាញឹក​ដែល​ធ្វើ​ឲ្យ​តម្លៃ​ដី​ឡើង​យ៉ាង​ខ្លាំង។ តាម​មន្រ្តី​ជំនាញ គឺ​ថា មិនទាន់​មាន​ការ​សាងសង់​អគារ​ធំៗ​ឬ​គម្រោង​ជា​ទ្រង់ទ្រាយ​ធំ​នៅ​ឡើយ​ទេ។ នេះ​បើ​យោងតាម​ចៅហ្វាយ​ខេត្ត​កំពត លោក ជាវ តាវ។ ក៏​ប៉ុន្តែ លោក ជាវ តាវ បាន​មាន​ប្រសាសន៍​បន្ត​ថា វត្តមាន​របស់​ចិន​នៅ​ខេត្ត​កំពត​មិនទាន់​មាន​ច្រើន​ដូច​ការ​ផ្អើល​តៗ​គា្ន​នោះ​ទេ។

លោក ជាវ តាវ បាន​និយាយ​ដូច្នេះ​ថា «យើង​ចេះ​តែថា ចិន​មក​ទិញ​ខេត្ត​កំពត​ច្រើន អ៊ីចឹង អ្នក​និយាយ​សិទ្ធិ​របស់​អ្នក​និយាយ តាមពិត វា​មិនទាន់​មាន​អី​ដូច​អ្នក​និយាយ​ហ្នុង​ទេ ព្រោះ​ធម្មតា​ បច្ចុប្បន្ន​នេះ បងប្អូន​ដែល​នៅ​ភ្នំពេញ ខេត្ត​នេះ ខេត្ត​នោះ អ៊ីចឹង​គាត់​យល់​ឃើញ​ថា មក​ខេត្ត​កំពត​មាន​សក្តានុពល​គាត់​មក​ទិញ​ទៅ ហើយ​គាត់​អភិវឌ្ឍ។»

លោក​បន្ត​ថា «ចំណែក​រដ្ឋបាល​ខេត្ត​ចាំតែ​ស្វាគមន៍​ទេ មិន​មាន​អី​នេះ​ទេ ព្រោះ​ការ​អភិវឌ្ឍ មាន​ន័យ​ថា កាត់​បន្ថយ​ភាពក្រីក្រ វា​អត់​មាន​អីទេ។ បើ​យើង​និយាយ​ឲ្យ​ខ្លី គឺ​បច្ចុប្បន្ន​នេះ មិន​ទាន់​មាន​ចិន ឬក៏​វា​មាន​អី​ដែល​ថា គួរ​ឲ្យ​ប្លែក។ គ្រាន់តែ​ថា ការរស់នៅ​របស់​ប្រជាពលរដ្ឋ​មាន​ការ​កើន​ឡើង ការ​ធ្វើ​អាជីវកម្ម​ចេះតែ​រីក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។»

លោក​អភិបាល​ខេត្ត​រូបនេះ បន្ត​ថា តាមពិត​ដី​វា​ស្ថិត​នៅ​ក្នុង​ការ​ទិញ​និង​លក់ ដែល​មិន​ទាន់​លើក​សំណើ​វិនិយោគ​ទៅ​ជា​សកម្មភាព​ធំៗ​ទេ មានតែ​នៅ​ក្នុង​រូបភាព​​តូចតាច។ 

លោក ជាវ តាវ និយាយ​ថា «ប៉ុន្តែ ជា​សញ្ញា​ថា ចិន​មក​នៅ​គឺ​មិនទាន់​មាន​ទេ​ បើតាម​ខ្ញុំ​មើល​ទូទៅ អ្នក​និយាយ​ជា​ការ​ព្រួយ​បារម្ភរបស់​ពួកគាត់​ទេ។»

លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​និយាយ​ថា ឥឡូវ កំពត​ជា​ទីផ្សារ​កំពុងតែ​រីក​ដុះដាល អ៊ីចឹង ភាគច្រើន​អំណាច​នៅក្នុង​ការ​ទិញ​មួយ​ចំនួន​ជា​ជនជាតិ​ខ្មែរ ដើម្បី​ទុក​លក់​ឲ្យ​ជនជាតិ​ចិន។ លោក ច្រឹក សុខនីម បាន​និយាយ​ថា ស្ថានភាព​ជាក់ស្តែង គម្រោង​មិនទាន់​មាន​អី​ច្បាស់លាស់​នៅ​ឡើយ​ទេ។

លោក ច្រឹក សុខនីម បាន​និយាយ​ថា «វា​អត់​មាន​អី​ច្បាស់​ទេ គ្រាន់តែ​គម្រោង យើង​ពិបាក​និយាយ​ដែរ។ ការងារ​គម្រោង​វា​អត់​មាន​ចាប់​ផ្តើម​ ឬ​ក្រុមហ៊ុន​ណា​មួយ​ចាប់ផ្តើម​សាងសង់​នៅ​ឡើយ​ទេ ឥឡូវ យើងមាន​តែ​ធ្វើ​ទ្រង់ទ្រាយ​តូចៗ។»

ទោះបីជា​យ៉ាង​ណាក៏​ដោយ លោក ច្រឹក សុខនីម បាន​និយាយ​ថា មាន​ការ​ចាប់​ផ្តើម​ធ្វើ​ឃ្លាំង​និង​ផែ​ស្ងួត​ដែរ ក៏​ប៉ុន្តែ​គម្រោង​ធំៗ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស ដូចជា​អត់​ទាន់​មាន​ទេ។

លោក ច្រឹក សុខនីម បាននិយាយ​យ៉ាង​ដូច្នេះ «អ៊ីចឹង យើង​មាន​មើល​ឃើញ​គម្រោង​ច្រើន​គម្រោង​មែន ប៉ុន្តែ យើង​អត់​ទាន់​ចាប់​ផ្តើម​ធ្វើ។ អ៊ីចឹង គម្រោង​យើង​ពិបាក​ជឿ​ពេល​ខ្លះ នេះ​យើង​និយាយ​ដោយ​ស្មោះត្រង់»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហគមន៍អ្នក​ផលិតអំបិលកំពត-កែប នឹងត្រូវរំលាយ នៅដំណាច់ខែមីនានេះហើយ!

ព័ត៌មាន
នៅថ្ងៃទី ៣០ មីនា ឆ្នាំ២០១៩នេះ សហគមន៍អ្នកផលិតអំបិលខេត្តកំពតកែប ដែលជាអ្នកផលិត និងផ្គត់ផ្គង់អំបិលតែមួយគត់នៅកម្ពុជា នឹងត្រូវរំលាយហើយ! ខណៈ…

លោក ស៊ុន ចាន់ថុល ស្នើ​ឱ្យ​ចិន​វិនិយោគ​និង​អភិវឌ្ឍ​អាកាសយានដ្ឋាន​កំពង់ឆ្នាំង

ព័ត៌មាន
ប្រមុខ​ដឹកនាំ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅថ្ងៃទី​១៩ មីនា បាន​ស្នើ​ចំៗ​ទៅ​កាន់​ឯកអគ្គរដ្ឋទូត​ចិន​…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ