លោកចៅក្រម ឡេវីស ខាផ្លេន (Lewis Kaplan)បានសម្រេចនៅក្នុងសវនាការតុលាការមួយនៅទីក្រុងម៉ាន់ហាតាន់ (Manhattan) នៅបុរីញូវយ៉ក ដោយបានកាត់ទោសឱ្យលោក សេម ប៊ែងមេន ហ្វ្រាយ Bankman-Fried ជាប់ពន្ធនាគារ២៥ឆ្នាំ បន្ទាប់ពីតុលាការនេះបានច្រានចោលការអះអាងរបស់ជនជាប់ចោទ និងរកឃើញថា បុរសរូបនេះបាននិយាយកុហកនៅក្នុងសវនាការកាត់ក្តីរបស់គាត់។
គណៈវិនិច្ឆ័យតុលាការបានរកឃើញថា លោក ប៊ែងមេន ហ្វ្រាយ វ័យ៣២ឆ្នាំមានពិរុទ្ធភាពលើការក្លែងបន្លំ និងការសមគំនិតចំនួន៧ករណី ដែលបណ្តាលមកពីការដួលរលំរបស់ក្រុមហ៊ុន FTX នៅឆ្នាំ២០២២ ជាអ្វីមួយដែលក្រុមរដ្ឋអាជ្ញាបានហៅថា ជាការក្លែងបន្លំផ្នែកហិរញ្ញវត្ថុដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។
លោក ហ្វ្រាយ នៅក្នុងសវនាការបាននិយាយរៀបរាប់ប្រាប់អង្គចៅក្រមរយៈពេល២០នាទីដោយទទួលស្គាល់ថា អតិថិជនរបស់ក្រុមហ៊ុន FTX បានរងទុក្ខយ៉ាងខ្លាំង ហើយគាត់ក៏បានសុំទោសដល់អតីតសហការីក្រុមហ៊ុន FTX របស់គាត់ផងដែរ ប៉ុន្តែគាត់មិនទទួលស្គាល់កំហុសព្រហ្មទណ្ឌនោះទេ។ ជាមួយគ្នានេះ លោក បានប្ដេជ្ញាថា នឹងបន្តប្ដឹងឡើងទៅសាលាឧទ្ធរណ៍ ដើម្បីប្រឆាំងនឹងការផ្ដន្ទាទោស និងការកាត់ទោសរបស់តុលាការទៅលើរូបលោកដ៏អយុត្តិធម៌នេះ៕
អត្ថបទ៖ សុខ ជា