ក្រុមហ៊ុនរុករកមាសរបស់ចិន ជីជីន (Zijin) មានមហិច្ឆតាចង់ជាប់ឈ្មោះក្នុងចំណោមអ្នកផលិតមាស និងទង់ដែងលំដាប់កំពូលទាំង៣របស់ពិភពលោក ខណៈហានិភ័យភូមិសាស្ត្រនយោបាយកំពុងកើនឡើង។ ក្រោមផែនការរយៈពេល៣ឆ្នាំដល់ឆ្នាំ២០២៨ និងគោលដៅរយៈពេលវែងដល់ឆ្នាំ២០៣៥ ក្រុមហ៊ុននេះនឹងបង្កើនផលិតកម្ម និងប្រែក្លាយខ្លួនទៅជាក្រុមហ៊ុនរុករករ៉ែឈានមុខគេក្នុងពិភពលោក។ នៅត្រឹមឆ្នាំ២០២៨ ក្រុមហ៊ុននេះមានគម្រោងបង្កើនទិន្នផលមាសឱ្យឈានដល់ចន្លោះពី១៣០ តោនទៅ១៥០តោន និងផលិតទង់ដែងឱ្យឈានរហូតដល់១,៦លានតោន ហើយទន្ទឹមនេះក៏បង្កើនការផលិតប្រាក់ រ៉ែលីចូម និងលោហធាតុផ្សេងៗទៀតផងដែរ។
យុទ្ធសាស្ត្រនេះផ្តោតលើការធានាបាននូវរ៉ែសំខាន់ៗ ជាពិសេសរ៉ែមាស និងរ៉ែទង់ដែងតាមរយៈអភិវឌ្ឍអណ្តូងរ៉ែនៅភាគខាងលិចនៃប្រទេសចិន និងវិនិយោគនៅក្នុងបណ្ដាប្រទេសជាមិត្តភាព រួមបញ្ចូលទាំងកិច្ចព្រមព្រៀងថ្មីៗ ដែលមានតម្លៃប្រមាណ៤ពាន់លានដុល្លារ ដើម្បីទិញយកក្រុមហ៊ុនចុះបញ្ជីនៅកាណាដា Allied Gold ដែលមានអណ្តូងរ៉ែនៅទូទាំងទ្វីបអាហ្វ្រិកផងដែរ។
ទោះជាយ៉ាងណា ក្រុមហ៊ុននេះបានទទួលស្គាល់បញ្ហាប្រឈមធំៗ រួមទាំងភាពតានតឹងភូមិសាស្ត្រនយោបាយកើនឡើង លក្ខខណ្ឌកាន់តែលំបាកសម្រាប់ក្រុមហ៊ុនចិន ដែលកំពុងប្រតិបត្តិការនៅក្រៅប្រទេស និងកង្វះកម្មករជំនាញដែលមានបទពិសោធទូទាំងពិភពលោកផងដែរ៕
ដោយ: តែម សុខុម