Advertisement
ម៉ាក្រូសេដ្ឋកិច្ច

តើ​ការ​​គ្រប់គ្រង​បំណុល​សាធារណៈ​របស់​កម្ពុជា យ៉ាងដូចម្ដេចដែរ?


មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​និង​ស្ថាប័ន​អន្តរជាតិ បាន​អះអាង​ថា កម្ពុជា​បាន​គ្រប់គ្រង​បំណុល​ដែល​ខ្ចី​ពី​បរទេស​បាន​ល្អ​ប្រសើរ ពោល​ ហានិភ័យ​បំណុល​ដែល​កម្ពុជា​ជំពាក់​ពី​ក្រៅ​ប្រទេស នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ។
ធនាគារជាតិ​នៃ​កម្ពុជា
ដោយ
Advertisement

ជាមួយ​គ្នា​នេះ ក្រសួង​សេដ្ឋកិច្ច​និង​ធនាគារ​អភិវឌ្ឍន៍​បាន​សហការ​គ្នា ដើម្បី​ពិនិត្យ​ទៅ​លើ​ស្ថានការណ៍​វិវឌ្ឍន៍​ថ្មីៗ​នៃ​សេដ្ឋកិច្ច​សកល ដែល​កំពុង​ឬ​អាច​នឹង​ជះ​ឥទ្ធិពល​ដល់​ការ​គ្រប់គ្រង​បំណុល​សាធារណៈ​ក្នុង​តំបន់ សំដៅ​រិះរក​វិធានការ​បង្ការ និង​ដោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ ថ្លែង​នៅ​ក្នុង​វេទិកា​លើក​ទី​៧ ស្ដីពី​ការ​គ្រប់គ្រង​បំណុល​សាធារណៈ​តំបន់​អាស៊ី​ឆ្នាំ​២០១៧ នៅ​ខេត្ត​សៀមរាប ថា វា​ពិត​ជា​មាន​សារ​សំខាន់​ណាស់ ក្នុង​ការ​ពិនិត្យ​មើល​បញ្ហា​បំណុល​ពី​ទិដ្ឋភាព​ផ្សេងៗ ពាក់ព័ន្ធនឹង​​ការ​គ្រប់គ្រង​បំណុល និង​ហានិភ័យ​បំណុល សំដៅ​រក្សា​បាន​នូវ​ស្ថិរភាព​ហិរញ្ញវត្ថុ ទាំង​កម្រិត​ថ្នាក់​ជាតិ និង​អន្តរជាតិ ខណៈ​ដែល​សេដ្ឋកិច្ច​របស់​ប្រទេស​អភិវឌ្ឍន៍ បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ក្នុង​ឆ្នាំ​២០១៦ មាន​កំណើន​យឺតយ៉ាវ​នៅ​ឡើយ។

សួរ​ថា​តើ​មាន​ស្ថាប័ន​អន្តរជាតិ​ណា​ខ្លះ​ទទួល​ស្គាល់​ថា កម្ពុជាគ្រប់គ្រង​បំណុល​សាធារណៈ​បាន​ល្អ?

ពាក់ព័ន្ធ​ទៅនឹង​សំណួរ​នេះ មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) ធនាគារ​ពិភពលោក (WB) និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​វាយ​តម្លៃ និង​ទទួល​ស្គាល់​ថា ស្ថានភាព​បំណុល​សាធារណៈ​ក្រៅ​ប្រទេស​របស់​កម្ពុជា មាន​ចីរភាព និង​ហានិភ័យ​បំណុល គឺ​មាន​​កម្រិត​ទាប។ 

ទន្ទឹមនេះ ពិន្ទុ​នៃ​ការ​វាយ​តម្លៃ សូចនាករ គោលនយោបាយ និង​ការ​គ្រប់គ្រង​បំណុល​របស់​កម្ពុជា រៀបចំ​ដោយ ADB បាន​កើន​ពី ៥​ពិន្ទុ ចាប់​ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៦។ ដូច្នេះ​ឃើញថា ការវាយ​តម្លៃ​របស់​ធនាគារ​ពិភពលោក និង IMF ពិន្ទុ​នេះ​មាន​ការ​កើន​ឡើង​ជា​លំដាប់។

បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​ឯកឧត្តម វង្សី វិស្សុត គឺ​ចំណូល​ក្នុង​ស្រុក​បាន​កើន​ឡើង​ជាង ១០​ដង ពី​ប្រមាណ​ត្រឹម​តែ ៣៥០​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០០០ ដល់​ប្រមាណ ៣៨៥០​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៦ ឬ​ពី​ប្រមាណ ១០ ភាគរយ​ទៅ ១៨​ភាគរយ នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប។ 

បច្ចុប្បន្ន ចំណូល​ចរន្ត​ក្នុង​ស្រុក​អាច​គ្រប​ដណ្តប់​បាន​រហូត​ទៅ​ដល់​ប្រមាណ ៧៨% នៃ​ចំណាយ​ថវិកា និង​១​ភាគ​៣ នៃ​ថវិកា​វិនិយោគ។ ទោះបី​ជា​ចំណូល​បាន​កើន​ឡើង​យ៉ាង​ណា​ក៏​ដោយ ក៏​កម្ពុជានៅ​តែ​ត្រូវការ​ជំនួយ​ដើម្បី​ពង្រឹង​និង​ពង្រីក​កំណើន​សេដ្ឋកិច្ច​ជាតិ​ឲ្យ​កាន់​តែ​ខ្លាំង​ខ្លា​ឡើងថែម​ទៀត ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ ក៏​ដូចជា​ពិភព​លោក​ផង​ដែរ។

ក្នុង​ឆ្នាំ​២០១៨ កម្ពុជា​ខ្ចី​បំណុល​ដើម្បី​ធ្វើ​អ្វី​ខ្លះ​ទៀត?

កម្ពុជា​បាន​ជាប់​បំណុល​បរទេស​កើន​ឡើង​ជា​បន្ត​បន្ទាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ កំណើន​នេះ​គឺ​នៅ​តែ​អាច​ចាត់​ទុក​ថា ជា​ចំនួន​មួយ​ទាប​នៅ​ឡើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ នៅក្នុង​វេទិកា​សាធារណៈ ស្តីពី​ការ​គ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច និង​ថវិកា​ឆ្នាំ​២០១៧។ 

រដ្ឋាភិបាល​អះអាងថា បំណុលបរទេស​គឺ​យក​មក​កសាង​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ និង​ជំរុញកំណើន​សេដ្ឋកិច្ចជាតិ។ (រូបភាព៖ ហ្វេសប៊ុកនាយករដ្ឋមន្ត្រី)
Advertisement

ឯកឧត្តម​បញ្ជក់​ថា ឆ្នាំ​២០១៨ កម្ពុជា​អាច​នឹង​ត្រូវការ​កម្ចី​ពីបរទេស​បន្ថែម​ច្រើន​ទៀត​ដើម្បី​យក​មក​អភិវឌ្ឍ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ ប៉ុន្តែ​យ៉ាង​ណា​ក៏​កម្ពុជា​មិន​ត្រូវ​ពឹង​ផ្អែក​តែ​កម្ចី​បរទេស​មួយ​មុខ​នោះ​ឡើយ ព្រោះ អាច​នឹង​គ្រោះថ្នាក់​សម្រាប់​កម្ពុជា។

បំណុល​ដែល​កម្ពុជា​បាន​ខ្ចី​ពី​បរទេ​​នោះ គឺ​គ្មាន​​អ្វី​ក្រៅ​ពី​យក​មក​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​ជាតិ​ឲ្យ​រីក​ចម្រើន​នោះ​ទេ។ ជាក់ស្តែង កម្ចី​បំណុល​ទាំង​នេះ​ភាគ​ច្រើន​រដ្ឋាភិបាល​បាន​យក​ទៅ​អភិវឌ្ឍ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ ផ្លូវ ស្ពាន ផ្លូវដែក កំពង់ផែ អគ្គិសនី ប្រព័ន្ធ​ធារា​សាស្ត្រ ការផ្គត់ផ្គង់​ទឹក​ស្អាត ចម្រាញ់​ទឹកកខ្វក់ និង​ប្រើប្រាស់​នៅ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ផ្សេងៗ​ទៀត។

សូម​បញ្ជាក់​ថា រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ប្រទេស​កម្ពុជា​ជាប់​បំណុល​បរទេស រួម​មាន​ប្រទេស​ចិន ជប៉ុន កូរ៉េ អាមេរិក ធនាគារ​អភិវឌ្ឈន៍​អាស៊ី និង​ធនាគារ​ពិភពលោក។ យើង​ឃើញ​ថា ការ​គ្រប់គ្រង​បំណុល​សាធារណៈ​ប្រកប​ដោយ​ចីរភាព​នេះ វា​បាន​រួម​ចំណែក​យ៉ាង​ខ្លាំង ដល់​ការ​រក្សា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​រយៈ​ពេល​មធ្យម និង​វែង ព្រមទាំង​បាន​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ពង្រឹង​ប្រសិទ្ធភាព ស័ក្តិ​សិទ្ធភាព តម្លាភាព និង​គណនេយ្យភាព លើ​ការ​រៀបចំ និង​អនុវត្ត​គម្រោង​វិនិយោគ​សាធារណៈ​ហិរញ្ញប្បទាន​ដោយ​ឥណទាន​សម្បទាន សំដៅ​គាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍន៍​សង្គម​-សេដ្ឋកិច្ច​និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន។ 

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មាន​ជំនឿ​យ៉ាង​មុតមាំ​ថា សាធារណជន​ពិត​ជា​ជឿជាក់​លើ​សមត្ថភាព​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​បំណុល​សាធារណៈ​ប្រកប​ដោយ​ចីរភាព​និង​មាន​វិជ្ជាជីវៈ​ខ្ពស់៕




អត្ថបទបន្ទាប់


អ្នក​ឧកញ៉ា គិត ម៉េង ទិញ​យក​ក្រុមហ៊ុន​ផលិត​ស្ប៉ត​ពាណិជ្ជកម្ម​ទូរទស្សន៍

ព័ត៌មាន
ក្រុមហ៊ុន ខេមប៊ូឌាន ប្រតឃែសស្ទីង សឺវីស (CBS)​ របស់​អ្នក​ឧកញ៉ា គិត ម៉េង មហាសេដ្ឋី​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា និង​ជា​អគ្គនាយកក្រុមហ៊ុន រ៉...

ហេតុផល​១០​យ៉ាង​ដែល​អ្នក​គួរ​តែ​នាំ​កូនៗ​ទៅ​ទស្សនា​សារមន្ទីរ!

ព័ត៌មាន
បើទោះ​ជា​មិន​មាន​ការ​ស្រាវជ្រាវ​ជា​ផ្លូវការ​ណា​មួយ​ត្រូវ​បាន​បង្ហាញ​និង​ផ្សព្វផ្សាយ​ក្តី ក៏​គេ​សង្កេត​ឃើញ​ថា មាន​ពលរដ្ឋ​កម្ពុជា​យើង​តិ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ